ភ្នំពេញៈ កាលពីពេលកន្លងទៅថ្មីៗនេះ អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា បានបង្ហោះសារបង្ហើបពីការ លាឈប់ ពីវិស័យសិល្បៈស្ងាត់ៗ ដោយនាងប្រើពាក្យថា “លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច ” ។ តាមរយៈសម្តីនេះ បានធ្វើឲ្យ ទស្សនិកជន និង អ្នកគាំទ្រនាងជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះបញ្ហានេះ មិនគួរណានៅសុខៗនាងបែរជាព្រលយសារបែបនេះ ហើយបាត់មុខ ពីវិថីសិល្បៈ ដោយមិនបញ្ជាក់ពីមូលហេតុ ច្បាស់លាស់ទាល់តែសោះ ។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេឧស្សាហ៍ឃើញស្រីស្រស់ ពេជ្រ សូលីកា ហាក់បង្ហាញសកម្មភាពរស់រវើក ដោយភាគច្រើន គេសង្កេតឃើញ នាងផ្ញើរសារ ទៅក្រុមអ្នកគាំទ្រតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដោយសារតែ ពេលនេះ នាងត្រូវឃ្លាតឆ្ងាយពី កញ្ចក់ទូរទស្សន៍ ពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ ទើបនាងសម្រេចចិត្ត ប្រើវិធីនេះ ផ្តល់ព័ត៌មានឲ្យអ្នកគាំទ្រ ។

បន្ទាប់ពី LookingTODAY បានចេញផ្សាយអត្ថបទមួយ មានចំណងជើង ថា "ពេជ្រ សូលីកាៈ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច "ដោយតាមរយៈ អត្ថបទនេះ យើងមិនអាចទាក់ទងទៅតារាស្រីរូបនេះ ដើម្បីសាកសួរពីមូលហេតុពិត នៃការបញ្ចប់អាជីព នេះបានទេ។ តែនៅថ្ងៃទី១៨ ខែតុលានេះ កញ្ញា ពេជ្រ សូលីកា បានសម្រេចចិត្តទម្លាយអាថ៌កំបាំង ឈប់ពីសិល្បៈ ស្ងាត់ៗនិងភ្លាមៗ របស់នាងថា “មូលហេតុ ឈប់ពីសិល្បៈ មកពីខ្ញុំ បន្ដការសិក្សា ព្រោះសិល្បៈមិនអាចនៅគង់វង្ស រហូតសម្រាប់ខ្ញុំទេ នេះហើយជាការ សម្រេចចិត្ត របស់ខ្ញុំ"។

តាមរយៈការបង្ហោះពាក្យសម្តី បកស្រាយយ៉ាងខ្លីនេះ មិនបានរៀបរាប់លម្អិតពីការទម្លាយព័ត៌មាននោះទេ តែផ្ទុយទៅវិញនាង បែរជាធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រមួយចំនួន មានការសង្ស័យទៅលើការលាឈប់ពីសិល្បៈភ្លាមៗ របស់នាង ថាប្រហែលជាអាច មានបញ្ហាមិនប្រក្រតី ណាមួយកើតឡើង ចំពោះនាង បានជាសុខចិត្តបោះបង់ប្រជាប្រិយភាព ដែលនាងខំសាងជាច្រើនឆ្នាំ ដោយមិនមាន ការស្តាយស្រណោះ ព្រោះថា បើសិនជានាងឈប់ពី សិល្បៈទៅបន្តការសិក្សាមែន មិនគួរណានាង បង្ហើបជាប្រយោគ បង្កប់ន័យជ្រាលជ្រៅ ថា "សិល្បៈពិភពគួរឲ្យខ្លាច" បែបនេះទេ។

បើតាមប្រភពព័ត៌មានខ្សឹបខ្សៀវ ចេញពីអ្នកសិល្បៈ បានលួចបង្ហើបបែបចុងមាត់ចុងកថា ការប្រកាសជាសាធារណៈថា ពេជ្រ សូលីកា ឈប់ពីសិល្បៈទាំងស្រុង ដោយជាប់រវល់ក្នុងការបន្តការសិក្សា បង្ហោះក្នុងហ្វេសប៊ុកឲ្យអ្នកគាំទ្របានដឹងនោះ គឺគ្រាន់តែជាលេសមួយ បិទបាំង ពីការពិតអ្វីមួយ ដែលនាងកំពុងតែគេសវេសពីមហាជន ពោលអាចនិយាយបានថា ពេជ្រ សូលីកា ប្រហែលជាត្រូវ រងគំនាបពីអ្នកពិសេស ណាមួយ អាចជាម្ចាស់ស្នេហ៍មានអំណាច ឲ្យនាងចាកចេញជាបន្ទាន់ ពីការងារសិល្បៈ ដែលពោរពេញដោយភ្លើងពណ៌ ភ្លើងរាត្រី ចាយសម្រស់ ជាធ្នាក់មួយនេះ ។

ចំពោះបញ្ហានេះ គេអាចសន្និដ្ឋានបានយ៉ាងច្បាស់ ជាទូទៅថា អ្នកសិល្បៈគ្រប់រូប តែងតែខិតខំ ទាំងយប់ទាំងថ្ងៃ អ្នកខ្លះប្រើពេលវេលា រាប់ឆ្នាំ ទំរាំមានកេរ្តិ៍ឈ្មោះល្បី ទំរាំមានអ្នកគាំទ្រ។ ចុះហេតុអ្វីក៏ ពេជ្រ សូលីកា ត្រូវបោះបង់អាជីពនេះ ដោយងាយៗម្ល៉េះ? ចំណុចនេះ គ្មានអ្នកណាម្នាក់ អាចយល់ពីអ្វី ដែលនាងកំពុងធ្វើ នេះឡើយ ពោលគឺបានដឹងត្រឹមតែថា ពេជ្រ សូលីកា ជាតារា សម្បូរអាថ៌កំបាំង លាក់មហាជនច្រើនជាងគេបំផុត តែប៉ុណ្ណោះ ។

ជុំវិញការងឿងឆ្ងល់ និងចោទជាសំណួរពីសំណាក់ទស្សនិកជននោះ LookingTODAY មិនអាចទាក់ទងទៅ កញ្ញា ពេជ្រ សូលីកា សាកសួរពីមូលហេតុច្បាស់លាស់ និងឲ្យនាងបកស្រាយបានទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបានទេ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៣នេះ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]