ខេត្ដរតនគិរី ៖ បុរសជនជាតិព្រៅម្នាក់ អាយុ៤៩ឆ្នាំ ខណៈដើរចូលព្រៃ ក៏ប្រទះជ្រូកព្រៃ កំពុងជាប់អន្ទាក់ស្ទុះមកបុះ និងខ្វេះទាំងកំរោល បណ្ដាលឱ្យគាត់រងរបួស មុតសុសសាច់ពេញដងខ្លួនជាទម្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ដ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ និង១៥នាទីថ្ងៃទី១៥ តុលា ស្ថិតក្នុងព្រៃជ្រៅជាព្រៃអារក្ខ របស់ជនជាតិដើមភាគតិច ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះត្រូវជ្រូកព្រៃខ្វេះ របួសធ្ងន់នេះ ឈ្មោះ លីម ស៊ុក រស់នៅក្នុងភូមិផ្ទាង ឃុំតាវែងក្រោម ស្រុកតាវែង ។ មុនកើតហេតុ គាត់បានដើរចូលព្រៃជាមួយកូនប្រុសម្នាក់ ដើម្បីរកបោចវល្លិផ្ដៅ ប៉ុន្ដែពុំបានចាប់អារម្មណ៍ ក៏ប្រទេះនឹងជ្រូកព្រៃជាប់អន្ទាក់ បាត់ដងរបូតចេញពីគល់ បានស្ទុះមកវាយប្រហារដោយកំហឹង ។ ជនរងគ្រោះឈ្មោះ លីម ស៊ុក បានរៀបរាប់ឱ្យដឹងថា មុនពេលត្រូវជ្រូកព្រៃវាយប្រហារ គាត់បានឮស្នូរសំរឹបជើងដែរ តែរហ័សពេកជ្រូកព្រៃនោះ បានស្ទុះមកដល់ ហើយខ្វះនិងបុះគាត់ ធ្វើឱ្យគាត់ស្រឡាំងកាំងការពារខ្លួនមិនទាន់ ។ គាត់បន្ដថា ពេលនោះគាត់ខំស្ទុះហក់តោងដើមឫស្សីក្បែរនោះដែរ តែហក់ឡើងមិនផុត ពីការវាយប្រហាររបស់ជ្រូកព្រៃនោះ ។ ប៉ុន្ដែសំណាងល្អ គាត់បានស្រែកហៅកូនប្រុស អាយុ១៥ឆ្នាំ ដែលទៅជាមួយ តែដើរបែកផ្លូវគ្នាប្រមាណ៥០ ម៉ែត្រមកជួយវាយតបជាមួយជ្រូកព្រៃនោះ រួចរំដោះយកគាត់ចេញ ពីព្រៃនោះបានទាន់ពេល  និងបាននាំមកដល់ផ្ទះក៏សន្លប់តែម្ដង ។

ដោយមិនអស់ចិត្ដ កូនប្រុសរបស់គាត់បាននាំក្រុមអ្នកស្រុក និងប៉ូលិសមូលដ្ឋានចូលក្នុងព្រៃនោះ ដើម្បីសម្លាប់ជ្រូកព្រៃជាប់អន្ទាក់បាន ដោយយកមកកាប់ចែក អ្នកភូមិហូបអស់ទៅ ។ សូមបញ្ជាក់ថា ជ្រូកព្រៃជាប់អន្ទាក់តាមការប៉ាន់ស្មាន ទម្ងន់ជាភាសាជនជាតិហៅថា ៦ចាប់ ស្មើនឹងប្រហែល៨០គីឡូក្រាម ។ ពេលនេះបុរសរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]