ខេត្ដក្រចេះ ៖ អ្នកទទួលភាស៊ីផ្សារសាមគ្គី ក្រុងក្រចេះ បានព្រមចេញសំណង ទៅឱ្យម្ចាស់តូបលក់សម្ភារ ចំនួនជាង ៦០០ដុល្លារ ក្រោយពីម្ចាស់តូប ជាអាជីវករលក់សម្ភារ ត្រូវចោរចូលលួចគាស់ យកសម្ភារអស់មួយចំនួនធំ ។

មានការភ្ញាក់ផ្អើលមួយឈុល ពីសំណាក់អាជីវករ ផ្សារក្រចេះ ទាំងព្រឹកព្រលឹមថ្ងៃទី១៧ តុលា ក្រោយពីម្ចាស់តូប បានឃើញតូបលក់សម្ភាររបស់ខ្លួន ត្រូវចោរចូលលួចគាស់ ដោយកាត់សោយកសម្ភារ អស់មួយចំនួនធំ ។ ករណីលួចគាស់តូប យកសម្ភារនៅក្នុងផ្សារក្រចេះ ត្រូវបានគេចាត់ទុកថា ជាករណីកើតមានលើកទី១ ព្រោះកន្លងមកពុំធ្លាប់មាន ករណីចោរកម្មបែបនេះទេ ។ មន្ដ្រីនគរបាលសន្និដ្ឋានថា ចោរអាចធ្វើសកម្មភាពចូលកាត់សោ លួចគាស់តូបយកសម្ភារនេះ កាលពីយប់ថ្ងៃទី១៧ តុលា ក្រោយពីសន្ដិសុខយាមផ្សារធ្វេសប្រហែស ។ សមត្ថកិច្ចនិយាយថា តូបចំនួន៤ត្រូវចោរកាត់សោ និងគាស់យកសម្ភារក្នុងនោះ មានតូបចំនួន២បានបាត់បង់ សម្ភារអស់ចំនួនច្រើន ។ តូបចំនួន៤ដែលចោរកាត់សោ និងលួចសម្ភារ គឺសុទ្ធសឹងជាតូបលក់សម្ភារសិក្សាដូចជា សៀវភៅ ប៊ិច និងសម្ភារផ្សេងៗទៀត ។ បន្ទាប់ពីកើតហេតុ នៅព្រឹកថ្ងៃទី១៧ តុលា នគរបាលអធិការដ្ឋាន ក្រុងក្រចេះជាច្រើនរូប បានចុះទៅពិនិត្យដល់កន្លែងកើតហេតុនៅក្នុងផ្សារ ។

លោកអនុសេនីយ៍ឯក ស៊ាង សុភក្ដិ អធិការរងនគរបាលក្រុងក្រចេះ បានឱ្យដឹងថា ចោរអាចជាមនុស្សមកពីឆ្ងាយ ព្រោះសកម្មភាពកាត់សោ គាស់យកសម្ភាររបស់ពួកគេ គឺធ្វើឡើងព្រាវដោយពួកគេមានបំណង គាស់យកទ្រព្យសម្បត្ដិតូបណា ដែលមានរបស់មានតម្លៃ តែពួកគេរកមិនឃើញ ។ លោកអធិការរងបញ្ជាក់ថា ម្ចាស់តូបរងគ្រោះទាំង៤តូប បានវាយតម្លៃថា សម្ភារដែលបាត់បង់មានតម្លៃ ជាង៦០០ដុល្លារ ហើយចំនួននេះត្រូវម្ចាស់ភាស៊ីជាអ្នកចេញសង ដើម្បីថ្ងៃក្រោយឱ្យចេះរាងផង កុំពូកែភ្លេចខ្លួននិងធ្វេសប្រហែសពេក ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]