រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធា នៅអង្គភាពបញ្ជូនសារ បានជិះម៉ូតូម៉ាកស៊ុយហ្សុយគី ស្មាស់វី គេចជង្ហុកនៅខាងមុខ ស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងល្បឿនលឿនមកពីក្រោយ ជ្រុលទៅបុកកិនម៉ូតូជាប់ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗដែរ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី១៨ តុលា ២០១៣ ស្ថិតនៅកំណាត់ផ្លូវចោមចៅ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសាន សោភា អាយុ២៤ឆ្នាំ ជាមន្ត្រីយោធានៅអង្គភាពបញ្ជូនសារ មានទីលំនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែករថយន្តបង្កម៉ាកនីស្សាន់ ពណ៌សឆ្នូតខៀវ ដឹកកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3A. 2115 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ប៉ូលិសចរាចរខណ្ឌពោធិ៍សែនជ័យ ធ្វើការវាស់វែង និងបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌ ដើម្បីរង់ចាំការដោះស្រាយ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]