នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៣ សាលាអន្តរជាតិប៉េកាំង រួមមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងតំណាងនិស្សិតមួយចំនួន បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួន ទៅចែកជូនដល់ជនក្រីក្រ ដែលរងគ្រោះដោយសារ ខ្យល់ព្យុះ និងទឹកជំនន់ ព្រមទាំងបញ្ហាផ្សេងៗទៀត នៅក្នុង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

អំណោយដែលត្រូវបាននាំយកទៅ ចែកជូនរួមមានចំនួន ១៥០ គ្រួសារ ដែល ១គ្រួសារៗ ទទួលបានអង្ករចំនួន ១០ គីឡូក្រាម មី ១កេះ និង ទឹកស៊ីអ៊ីវ ចំនួន ១ យួរ។

លោក ញ៉ែម សុប៉ូល តំណាងអោយ អគ្គនាយិកា និងបុគ្គលិកទាំងអស់នៃ សាលាអន្តរជាតិប៉េកាំង បានមានប្រសាសន៍ថា៖ អំណោយទាំងនោះ ថ្វីត្បិតតែមានចំនួនតិចតួច ក្តីក៏ពិតមែន ប៉ុន្តែក៏ជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការ ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន មិនតែប៉ុណ្ណោះក៏អាចជួយរំលែក សេចក្តីលំបាករបស់បងប្អូនបាន ១ រយៈតូចផងដែរ។

លោកបានបន្ថែមទៀតថា អំណោយទាំងនេះ គឺបានមកពីថវិកាផ្ទាល់ខ្លួនសុទ្ធសាធ របស់លោកស្រីអគ្គនាយិការ និងមានការរួមចំណែកពី បុគ្គលិក និងសិស្សា នុសិស្សផងដែរ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ ដែលបានជួយរៀបចំ និងការពារសន្តិសុខ យ៉ាងម៉ដ្ឋចត់ក្នុងកម្មវិធីនេះ។

គូរបញ្ជាក់ផងដែរថា សាលាអន្តរជាតិប៉េកាំង ជាសាលាដំបូងគេ និងមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីបង្រៀនបែបពីរភាសា គឺភាសាចិន និងភាសាអង់គ្លេស គ្រប់កំរិតដែលកម្មវិធីបង្រៀនតាមបែបចិន និងអាមេរិកាំង។

សាលាតែងតែរៀបចំកម្មវិធីមនុស្សធម៌ រឺកម្មវិធីចែកអំណោយទៅតាមទីជនបទ មណ្ឌលកុមារកំព្រា ជារៀងរាល់ ៦ ខែម្តងផងដែរ។











កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]