ភ្នំពេញ ៖ រថយន្តកូរ៉ូឡា១គ្រឿង រងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ដោយសារបើកលឿនជ្រុលបុក គូទរថយន្ត យីឌុបកង់១០ ពីខាងក្រោយ កាលពីវេលាម៉ោង ១៣ និង០៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៣ នៅចំណុច មុខស្ថានីយប្រេងឥន្ធនៈតេលា នៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-3092 បើកបុកគូទរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទយីឌុប កង់១៦ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1375 អ្នកបើកបរ ឈ្មោះ សៀប ម៉េងស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែល ប្រាប់បន្តថា មុនពេលកើតហេតុ រថយន្តទាំង២គ្រឿង បើកបរ ស្របទិស គ្នា ពីជើងទៅត្បូង ដោយរថយន្តប្រភេទយីឌុបកង់ ១៦ ជាអ្នកបើកមុន លុះធ្វើដំណើរមកដល់ចំណុច មុខ ស្ថានីយប្រេងឥន្ធនៈតេលា នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ដែលជាកន្លែង កើត ហេតុ ក៏ស្រាប់មានរថយន្ត១គ្រឿងផ្សេងទៀត ដែលបើកបរស្របទិសគ្នាដែរ បានបត់ស្តាំដើម្បីចូលស្ថានីយ ប្រេងឥន្ធនៈតេលានោះ ដោយឃើញ សភាពការណ៍បែបនេះ រថយន្តយីឌុបកង់១៦នោះ ក៏បានចាប់ហ្វ្រាំង ទាំងគំហុក ខណៈនោះក៏ត្រូវរថយន្តម៉ាក កូរ៉ូឡា មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុកគូទរថយន្ត យី ឌុបកង់១៦ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉ូឡានោះ រងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ប៉ុន្តែ សំណាងល្អមិនមានមនុស្សណាម្នាក់ទទួលរងរបួសឡើយ ។

សមត្ថកិច្ចមូលដ្ឋានខាងលើ ប្រាប់បន្ថែមឲ្យដឹងថា ភ្លាមៗនោះពួកគាត់បានរាយការណ៍បន្ត ទៅនគរបាល ចរាចរខណ្ឌដង្កោ ចុះធ្វើការវាស់វែង ព្រមទាំងធ្វើការសម្របសម្រួល ភាគីរថយន្តទាំងសង្ខាង ឲ្យបញ្ចប់រឿង នៅកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចរបស់យូរពេកនោះឡើយ ។

ជាមួយនេះដែរ មន្រ្តីនគរបាលចរាចរខណ្ឌដង្កោ បានធ្វើការអប់រំ ដល់អ្នកបើកបរទាំង២ ត្រូវគោរពច្បាប់ ចរាចរទាំងអស់គ្នា ដោយត្រូវដឹងថា ខណៈយើងកំពុងបើកបរ យើងត្រូវឃា្លតរថយន្តពីគ្នាប៉ុន្មានម៉ែត្រ ឲ្យ បានច្បាស់លាស់ ហើយបើកបរល្បឿនប៉ុន្មាននៅទីប្រជុំ ដូចក្នុងពេលនេះជាដើម នោះប្រសិនបើយើង មិន ដឹងអំពីគម្លាតឲ្យច្បាស់លាស់ក្នុងការបើកបរ យើងប្រាកដជាជួបគ្រោះថ្នាក់ចរាចរដូចពេលនេះអញ្ចឹង ។ ដូច្នេះដើម្បីជៀសវាងករណីនេះកើតឡើងបន្តទៀត អ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា ទើបយើងរស់នៅបានសុខសាន្ត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]