រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូវផ្លូវ ចំនួន ១០ផ្ទាំង បានបាក់រងការខូចខាត ខណៈដែលរថយន្តកាមរីគូទហើម ១គ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-6316 ជិះដោយបុរស ២នាក់ ស្រវឹងស្រាជោកជាំ ធ្វើដំណើរយ៉ាងលឿនតាមមហា វិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច មុខមជ្ឈមណ្ឌលកាយវិប្បកម្ម ឃ័រហ្វីតនេស ក៏បានរេចង្កូតទៅបុករនាំង ដែកពុះចែកទ្រូវផ្លូវតែម្តង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច ចំណែកអ្នកជិះ ២នាក់នោះ បានរត់ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥នាទី យប់ថ្ងៃទី១៧ តុលា ២០១៣ ស្ថិតក្នុងក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]