រតនគីរី ៖ យ៉ាងហោចណាស់មនុស្ស ១០នាក់ ក្នុងនោះមានទាំងមន្ដ្រីអគ្គិសនីផង ត្រូវបានឆ្កែឆ្កួត១ក្បាល ខាំជាបន្ដបន្ទាប់ កាលពីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ រហូតដល់ព្រឹកថ្ងៃទី១៧ ខែតុលា ស្ថិតនៅ ចំណុចផ្សេងៗគ្នា ក្បែរសាលាបឋមសិក្សា  សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង  ពោលនៅក្បែរផ្ទះម្ចាស់ឆ្កែតែម្ដង ។

លោក ឡេង សុខឃីម មន្ដ្រីបម្រើការ ងារ នៅអង្គភាពអគ្គិសនីខេត្ដរតនគីរី បាន និយាយថា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១៧ ខែតុលា ខណៈដែលរូបលោក និងក្រុម ការងារចំនួន ២-៣នាក់ ចុះទៅត្រួតពិនិត្យ មើល កាប៊ីនភ្លើង ស្រាប់តែត្រូវឆ្កែ១ក្បាល ពណ៌ខ្មៅ រាងតូច ល្មមហក់មកខាំកំភួនជើង របស់លោក ហើយភ្លាមៗនោះ រូបលោក និងក្រុមការងារ បានវាយឆ្កែនោះរត់ទៅ មុខបាត់ ។ មួយសន្ទុះក្រោយមក លឺសូរ ប្រជាពលរដ្ឋផ្សេងទៀត និយាយតៗគ្នាថា ឆ្កែខាងលើគឺខាំគេខាំឯង ពោលបើបានជួប ហើយ គឺច្បាស់ជាដេញខាំ ។ ដោយសារតែ ខ្លាចបង្កគ្រោះថ្នាក់ កាន់តែខ្លាំង ប្រជាពល រដ្ឋ និងអាជ្ញាធរមូលដ្ឋានបាននាំគ្នាវាយឆ្កែ នោះ រហូតដល់ងាប់តែម្ដងទៅ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ម្ចាស់ឆ្កែ ឈ្មោះ ធឹម ខែត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ ។ ម្ចាស់ឆ្កែ បាននិយាយ ឱ្យដឹងផងដែរថា កាលពីយប់ ថ្ងៃទី១៦ ខែតុលា គាត់បានដាក់បាយឱ្យវា ស៊ីធម្មតាដូចសព្វមួយដង ហើយពុំមាន ឃើញសភាពប្លែកអ្វីនោះទេ ប៉ុន្ដែ ក្នុងរយៈ ពេល២-៣ ថ្ងែកន្លងមកនេះ គាត់បានឃើញ ឆ្កែរបស់គាត់ដោយញី ហើយមានឆ្កែផ្សេង ទៀតមកខាំវា ។

នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៣ នេះ គេបានឃើញជនរងគ្រោះ ប្រមាណ ១០នាក់ ទៅដាក់ពាក្យបណ្ដឹង នៅកន្លែងសមត្ថកិច្ច ដើម្បីឱ្យជួយរកខុស ត្រូវ ប៉ុន្ដែ មិនទាន់ដឹងលទ្ធផលនៅឡើយ ទេ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]