ភ្នំពេញៈ រថយន្ដដឹកខ្សាច់មួយគ្រឿងបោះពួយ ដូចព្យុះជ្រែកគេជ្រែកឯងពេញផ្លូវជ្រុលចង្កូត ទៅបុក រថយន្ដដឹកថ្មមួយគ្រឿងទៀត បណ្ដាលឱ្យអ្នកបើកបរ រថយន្ដដឹកថ្មរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ ជាបន្ទាន់ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដរងគ្រោះប្រភេទកូរ៉េ ២តោនកន្លះ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3A-3552 ដឹកថ្ម ពេញបើកក្នុងទិសដៅពីលិចទៅកើតរងការខូចខាតផ្នែកខាង មុខក្រពឹតក្បាលរថយន្តដល់ចង្កូត អ្នកបើកបរពុំត្រូវបានគេស្គាល់អត្ដសញ្ញាណនោះទេ បន្ទាប់ពីកើត ហេតុ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ក្នុងរាជធានីភ្នំពេញ រីឯរថយន្ដបង្កម៉ាកនីសាន់ ២ តោន ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 3A-1574 ដឹកខ្សាច់ពេញ បើកច្រាសទិសជាមួយរថយន្ដរង គ្រោះ រងការខូចខាតបែកកញ្ចក់ខាងមុខទាំងស្រុង ភាគីបង្កហេតុបន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់ទាំង អ្នកបើកបរ និងព្រូរថយន្ត បន្សល់តែរថយន្ដចោលនៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់បើកបរក្នុងទិសដៅពី កើតមកយ៉ាងលឿនលុះដល់ចំណុចកើតហេតុ ស្រាប់តែឡើងជ្រែករថយន្ដមួយគ្រឿងទៀត ដែលនៅពី មុខគេ លុះឡើងវ៉ាមិនផុតផងស្រាប់តែវ៉ាក់ ជាមួយរថយន្ដដឹកថ្មក៏ជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យគាបអ្នកបើកបររថយន្ដដឹកថ្មជាប់នឹងចង្កូត ប៉ុន្ដែសំណាងល្អគ្រាន់តែរងរបួសប៉ុណ្ណោះ។

ប្រភពបានបន្ដទៀតថា ក្រោយពេលកើតហេតុ នគរបាលចរាចរខណ្ឌចុះទៅដល់ធ្វើការវាស់ធ្វើកំណត់ ហេតុ រួចអូសយករថយន្ដទាំងពីរយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយទៅ តាមផ្លូវច្បាប់៕

ដោយៈ សេង ឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]