ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវឪពុកបង្កើតវាយ នឹងដំបងជ្រុងប៉ុនកំភួនដៃ(ម៉ឹងរទេះកង់ឡាន) បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ខណៈដែលបុរសជាឪពុកកំពុងស្រវឹងស្រា។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៥ តុលា នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។

បើតាមលោកអនុប្រធានភូមិត្រពាំងចាន់បានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះផូ ដឹក អាយុ៣០ឆ្នាំ ត្រូវឪពុកវាយបាក់ខ្ទង់ច្រមុះ បាក់ធ្មេញ និងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ ចំណែកបុរសជាឪពុកឈ្មោះកែ ធែល អាយុ៥៦ឆ្នាំ មានប្រពន្ធឈ្មោះសុខ សុខា អាយុ៤៩ឆ្នាំ។

ក្រោយកើតហេតុយុវជនរងគ្រោះត្រូវគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯបុរសជាឪពុកត្រូវបាននាំទៅកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ។ ទោះបីជាយ៉ាងណាគេនៅ មិនទាន់ដឹងមូលហេតុច្បាស់លាស់ ដែលឈានដល់ប្រើហិង្សាក្នុងគ្រួសារនេះនៅឡើយទេ ព្រោះជនរងគ្រោះកំពុងព្យាបាល ចំណែកឪពុកមិនទាន់ស្វាងស្រានៅឡើយ សួរមុខឆ្លើយក្រោយមិនទាន់យកជាការបានទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]