សព្វថ្ងៃនេះ គេសង្កេតឃើញការបើកអាជីវកម្ម បម្រើសេវាកម្មជក់ shisha រឺ hookah ហាក់ដូចជាកើនឡើងយ៉ាងខ្លាំង ដោយភាគច្រើនសុទ្ធសឹងតែជាសិស្សានុសិស្ស ដែលពួកគេនិយមជក់ shisha នាពេលទំនេរ និងសម្រាប់បំបាត់ការអផ្សុកជាដើម។

ជាមួយនឹងរសជាតិជាច្រើនជម្រើស shisha បានចាប់ផ្តើមវិវត្តន៍ខ្លួន ឲ្យកាន់តែល្បីដោយមានបំពង់មួយ ដ៏វែងភ្ជាប់ជាមួយផើងទឹកនៅពីក្រោម ហើយផ្នែកខាងក្បាលគឺមានដាក់ធ្យូងសម្រាប់ដុតថ្នាំជក់ ភ្ជាប់ជាមួយនឹងបំពង់ទុយោមួយ សម្រាប់បឺតទៀតផង។ ក្នុងនោះ អ្នកប្រើប្រាស់ជាច្រើន ពិតជាសប្បាយរីករាយជាមួយនឹងក្លិនដ៏ឈ្ងុយរបស់វាផងដែរ។




ក្នុងនោះ បើតាមសម្តីរបស់យុវតីម្នាក់ ដែលសិក្សានៅមហាវិទ្យាល័យមួយ បានឲ្យដឹងថា “រូបនាងចូលចិត្តទៅជក់ shisha នាពេលទំនេរពីការសិក្សា ពោលគឺដើម្បីកាត់បន្ថយសម្ពាធក្នុងការសិក្សា និងបន្ធូរអារម្មណ៍ជាដើម។ ហើយការជក់ shisha នេះគឺប្អូនស្រីមិនឃើញថា អាចធ្វើឲ្យញៀននោះទេ។”


ដូចនេះថ្ងៃនេះ ខ្មែរឡូតនឹងបង្ហាញពីចំណេះគួរយល់ដឹងមួយ ដែលពាក់ព័ន្ធនឹង ផលអវិជ្ជមានក្នុងការជក់ shisha ដើម្បីឲ្យប្រិយមិត្តបានដឹង និងយល់កាន់តែច្បាស់ដូចខាងក្រោម៖

១. ការធ្វើអោយញៀន

អំណះអំណាងដែលបានបង្ហាញថា shisha គឺមិនញៀននោះគឺមិនពិតទេ។ បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្ងឺ (TCDCP) បានឲ្យដឹងថា shisha មានសារធាតុថ្នាំជក់ tobacco នីកូទីន និងសារធាតុគីមីដទៃផ្សេងទៀត ដែលបណ្តាលឲ្យញៀន បង្កជាអាការៈចង់ប្រើប្រាស់រាល់ថ្ងៃ។  ក្នុងនោះ សារធាតុនីកូទីនអាចជ្រៀតចូលក្នុងកោសិកាខួរក្បាលតែក្នុងរយៈពេល ១០ វិនាទីប៉ុណ្ណោះ បន្ទាប់ពីការប្រើប្រាស់ ហើយប្រសិនជាអ្នកផ្តាច់ shisha នឹងកើតមានអាការៈដូចជា រមាស់ អស់កម្លាំង ស្វិតស្រពន់ និងការធ្លាក់ទឹកចិត្តជាដើម។

២. ជម្ងឺមហារីក

អំណះអំណាងដែលថា ការជក់ shisha ធ្វើឲ្យប៉ះពាល់ដល់សារពាង្គកាយតិចជាង ការជក់បារី ដោយសារតែសារធាតុថ្នាំជក់ tobacco ក្នុង shisha គឺត្រូវបឺតឆ្លងកាត់ទឹក គឺមិនត្រឹមត្រូវទេ។ បើតាមគេហទំព័រ MayoClinic បានបង្ហាញថា shisha មានផ្ទុកសារធាតុជ័រកៅស៊ូ កាបូនម៉ូណូអុកស៊ីត សារធាតុដែក និងសារធាតុគីមីពុលជាច្រើនទៀត ដែលសារធាតុទាំងនេះអាចបណ្តុះជាកោសិកាមហារីកបាន ដែលភាគច្រើនគឺកើតឡើងនៅត្រង់បបូរមាត់ មាត់ អណ្តាត បំពង់ក និងសួតជាដើម។

៣. ជម្ងឺហឺត និងជម្ងឺផ្សេងៗទៀត

ការស្រូបយកផ្សែងដ៏ច្រើនសន្ធឹកពី shisha អាចធ្វើឲ្យសួតរបស់អ្នកប្រើប្រាស់ ចាប់ផ្តើមចុះខ្សោយ បណ្តាលឲ្យកើតជម្ងឺហឺត ហើយផ្សែងរបស់ shisha ក៏អាចបណ្តាលឲ្យកើតជម្ងឺផ្សេងៗទៀតផងដែរ។


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ