ភ្នំពេញ៖ តារាចម្រៀងសំឡេងរដឺន បង្កដោយមន្តស្នេហ៍រយពាន់ អឿន ស្រីមុំ តែងតែលឹបលៗ ក្នុងពិភពសិល្បៈ ហាក់មិនសូវ ប្រាកដប្រជា ដូចកាលពីមុនឡើយ បន្ទាប់ពីនាងលែងប្ដី ជាអ្នកភ្លេង និងមានប្ដីក្រោយ ជាអ្នករត់តាក់ស៊ី នៅក្រៅប្រទេសរួចមក ។ មានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងជាមួយវត្តមាន អឿន ស្រីមុំ ក្នុងស្រុកជារឿយៗ ដែលអ្នកខ្លះថា មកពីនាងបែកបាក់ស្វាមីក្រោយ អ្នកខ្លះនិយាយថា មកពីប្រពន្ធដើមគេ តាមរករឿងនាង ជាដើម ។

យ៉ាងណាក៏ដោយ មហាជនជាច្រើន ពុំបានកោតសរសើរ នៅការបែកបាក់របស់ អឿន ស្រីមុំ ទេ ព្រោះពួកគេ ឃើញគំរូមិនល្អ ជាច្រើន ពីអ្នកសិល្បៈ ដែលតែងតែបែកបាក់គ្នា ពេលមានបាន ពេលល្បីឈ្មោះ ដូចជា នាង សុគន្ធ នីសា នាង ឱក សុគន្ធកញ្ញា ដែលសុទ្ធតែជាតារាកំពូលៗ បែរជារក្សាមិនបាន នូវសុភមង្គលមួយ ពោលគឺដាច់ដោចគ្នាយ៉ាង ប្រសេចប្រសាច ពេលពួកគេមាន លំនឹងរៀងៗខ្លួន មានស្លាបអាចហើខ្លួនឯងបាន ហាក់បីដូចជាពាក្យ ចាស់តែងដំណាលថា "ដល់ត្រើយសើយគូថ" ។

បើទោះបីជា អ្នកនាង អឿន ស្រីមុំ ដែលបានលឹបលៗ ក្នុងសិល្បៈ តាមបែបអំពិលអំពែកក្ដី ក៏អ្នកនាងនៅ តែរក្សាតំលៃខ្លួន បានខ្ពស់ដដែល គឺហាក់ឈរក្នុងលំដាប់ តារាចម្រៀងល្បីជួរមុខ ដូចមុន ។ ប្រភពពីអ្នករៀបចំ កម្មវិធីមួយរូប បាននិយាយថា អ្នកនាង អឿន ស្រីមុំ ទោះបីជាបច្ចុប្បន្ន មិនសូវល្បីល្បាញខ្លាំង ក៏នាងនៅតែតាមទារ តំលៃខ្លួនខ្ពស់ ហួសមាឌ ។ នាងហាក់មិនមើល លើទីផ្សាររបស់ខ្លួនសោះ ទោះជាធ្លាក់ចុះ ដល់កម្រិតណាក៏ដោយ ។

ចំណែកប្រភពមួយទៀត បាននិយាយថា អ្នកនាង អឿន ស្រីមុំ ត្រូវបានអ្នករៀបចំកម្មវិធីម្នាក់ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ហាក់លើកតម្កើងនាង អឿន ស្រីមុំ នេះខ្លាំងណាស់ ខណៈដែលតំលៃខ្លួនឡើងទូរទស្សន៍ម្ដងៗ ស្មើនឹងតារាចម្រៀងកំពូលៗ ដូចជា លោក ព្រាប សុវត្ថិ ឬ នាង ឱក សុគន្ធកញ្ញា ទៅហើយ ។

ដូចនេះទើបនាងកើតជំងឺ តំលៃខ្លួនខ្ពស់នេះឡើងតែម្ដង ពោលគឺហាក់ភ្លេច កាលដែលនាងធ្លាប់ សុំគេឡើងច្រៀង ដើម្បីប្ដូរនឹងភាពល្បីល្បាញ កាលពីចូលសិល្បៈដំបូង និងមិនទាន់ត្រូវបាន មហាជនស្គាល់។ អឿន ស្រីមុំ អាចចាត់ទុកថា ជាតារាចម្រៀង មានទេពកោសល្យខ្ពស់ និងក្ដោបបានឱកាស សម្ដែងនៅក្រៅប្រទេស ញឹកញាប់ជាងគេ ពោលគឺនាងមាន ពេលតិចណាស់ ក្នុងការរស់នៅក្នុង ប្រទេសកំណើតរបស់ខ្លួន។

>ទាក់ទងនឹងរឿងតម្លើងឫក ដោយសារមាន អ្នកចាំលើកតម្កើង នេះ LookingTODAY មិនអាចសុំការ ពន្យល់ណាមួយពី អឿន ស្រីមុំ បានទេ ។ គេហទំព័រយើង នឹងរង់ចាំការបំភ្លឺ ពីអ្នកនាង អឿន ស្រីមុំ ដោយក្ដីរីករាយ នៅពេលសមស្របណាមួយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា