រាជធានីភ្នំពេញ ៖ តារាចម្រៀងមាឌមាំ និងជានាយទាហានឆត្រយោង លោកទិត្យ វិច្ឆិកា បានសរសេរពីអារម្មណ៍ សោកសៅក្នុងបេះដូងរបស់ខ្លួន បង្ហោះនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក បន្ទាប់ពីសង្សាររបស់ខ្លួន បែកចិត្តទៅរៀបការជាមួយបុរសថ្មី ។ ការសរសេររៀបរាប់ពីទុក្ខសោក និងអាឡោះអាល័យគូស្នេហ៍ របស់អតីតតារាចម្រៀង នៅក្នុងផលិតកម្មរ៉ុករូបនេះ បន្ទាប់ពីលោកទើបតែមានឱកាស បានបង្ហាញមុខមាត់ ជាថ្មីឡើងវិញតាមទូរទស្សន៍នានា ក្រោយពេលដែលលោក បានកសាងកំហុសនាពេលកន្លងមកនោះ ។

គេមិនដឹងថា អនុស្សាវរីយ៍ និងចំណងស្នេហ៍ របស់តារាចម្រៀងរូបនេះ បានសាងឡើងអស់រយៈពេល ប៉ុន្មានឆ្នាំឡើយ ប៉ុន្តែតាមពាក្យពេចន៍ ដែលលោកសរសេរនោះ គឺឆ្លុះបញ្ចាំងឱ្យឃើញថា លោកទិត្យ វិច្ឆិកា និងសង្សារ ស្រឡាញ់គ្នាជាយូរមកហើយ និងធ្លាប់សាងអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមជាបន្តបន្ទាប់ ។ នៅទីបំផុតស្នេហារបស់តារាចម្រៀង ទិត្យ វិច្ឆិកា បានឈានដល់ផ្លូវបំបែក ដោយមិនអាចបកក្រោយបាន បន្ទាប់ពីភាគីខាងស្រី ងាកទៅសាងអនាគតជាមួយបុរសផ្សេង ។

តារាចម្រៀងរូបនេះ បានទម្លាយពីភាពបែកបាក់នេះ សរសេរបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក ។ លោករ៉ាយរ៉ាប់ពីទុក្ខសោក និងស្នាមអនុស្សាវរីយ៍ទាំងឡាយ ដែលធ្លាប់បានសាងរួមគ្នា ដែលវានៅតែដក់ជាប់ ក្នុងប្រអប់បេះដូងលោកនៅឡើយ ។ លោកទិត្យ វិច្ឆិកា បានសរសេរកាលពីពេល ថ្មីៗនេះថា «បើគ្មានអនុស្សាវរីយ៍ល្អ ប្រហែលជាបងគ្មានការឈឺចាប់ទេ ពេលនេះបងចុកក្នុងទ្រូងណាស់ ប៉ុន្តែបងត្រូវតែទ្រាំ ទោះបីបងឆ្កួត ឬត្រូវស្លាប់ក៏ដោយ ។ ត្រូវសាងអនាគតឱ្យល្អណា៎អូន ។ បើថ្ងៃណានឹកបង ត្រូវចាំថា បងបានស្លាប់ហើយ ។ ត្រូវថែគូអនាគតរបស់អូនឱ្យបានល្អណា៎ កុំឱ្យអភ័ព្វដូចបងទៀត ។ អូនជានារីដ៏ល្អរបស់បង ស្នាមញញឹមរបស់បងនឹងមានម្តងទៀត ពេលដែលបងកាត់ចិត្តពីអូនបាន ។ បងស្រឡាញ់អូនណាស់ ។ សូមឱ្យគូថ្មីរបស់អូនថែរក្សាអូន ឱ្យបានល្អរហូតដល់ចាស់រៀងខ្លួន ។ ចាត់ទុកថា អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរបស់ពួកយើងទាំងពីរជាសុបិនទៅចុះ ។ ការនឹក គិត ស្រឡាញ់របស់បងទៅលើអូនគឺទុកសម្រាប់ថ្ងៃដែលបងស្លាប់ទៅចុះ ។ ថ្ងៃនេះបងឈឺចាប់ តែថ្ងៃក្រោយបងសង្ឃឹមថា អូននឹងមានសុភមង្គលល្អ ។ បើមាននិស្ស័យជាតិក្រោយ បងសូមជួបអូនម្តងទៀត តែកុំឱ្យដូចជាតិនេះទៀត ។

កុំភ្លេចណា៎ បងបានទុកចម្រៀងមួយបទ សម្រាប់ជូនអូនជាអនុស្សាវរីយ៍ ហើយក៏ជាចំណងដៃ គឺបទ «ឃើញចន្ទនឹកអូន» ។ អូនជានារីម្នាក់ដែលបងស្រឡាញ់ស្មើនឹងកែវភ្នែករបស់បង ។ អរគុណដែលអូនស្រឡាញ់ និងអាណិតបងរហូតមក នេះជាកម្មរបស់យើងទេអូន ។ ថែខ្លួនណា៎អូន ។ បងទុកអូននៅក្នុងបេះដូងបងជារៀងរហូត លាហើយ» ។

លោកទិត្យ វិច្ឆិកា បានសរសេរន័យបទចម្រៀងនោះថា «ព្រះចន្ទគឺដួងជីវិតរបស់ខ្ញុំ សូមជាតិក្រោយឱ្យខ្ញុំកើតមកមានពន្លឺដូចព្រះចន្ទ ព្រោះកើតមកដូចជាថោកពេកហើយ ។ ជីវិត ការងារ និងសេចក្តីស្រឡាញ់ ហួសហើយជាតិនេះ កើតមកធ្វើអីបើទឹកភ្នែកស្រក់រាល់ថ្ងៃបែបនេះ ។ សូមអង្វរផងចុះ ម៉ោងនេះ ស្អែក ឬនៅពេល ឆាប់ៗនេះ ក៏បានសូមលោកបំផ្លាញជីវិតខ្ញុំចោលចុះ ។ ពេលនេះខ្ញុំបាត់ អ្វីៗអស់ហើយ អ៊ីចឹងខ្ញុំសង្ឃឹមថា កុំឱ្យខ្ញុំមានជីវិតបន្តទៅទៀតអី។ ជាតិក្រោយកើតជាសត្វឆ្កែក៏បានដែរ សូមតែកុំឱ្យមានទុក្ខទៀត ។

ជាតិនេះខ្ញុំរស់ទាំងឈឺចិត្តពេញក្នុងទ្រូង ខ្ញុំមិនចង់សងសឹកជាមួយអ្នកដែលធ្វើអាក្រក់ដាក់ខ្ញុំនោះទេ ព្រោះខ្លាចបាប ។ អ៊ីចឹងមានតែព្យាយាមបំផ្លាញជីវិតខ្លួនឯងចោលប៉ុណ្ណោះ ។ ត្រូវចាំពេលដែលខ្ញុំស្លាប់ ខ្ញុំបិទភ្នែកមិនជិតទេ ហើយអ្នកនឹងមានវិប្បដិសារៈអស់មួយជីវិត» ។ ទំនងជាក្នុងគោលបំណងលើកទឹកចិត្តខ្លួនឯងកុំឱ្យស្លុតស្លុងទៅក្នុងផ្លូវស្នេហា ដែលព្រាត់ប្រាស់នេះ ក្នុងពេលដែលលោកកំពុងតែចាប់ផ្តើមដើរលើវិថីសិល្បៈជាថ្មីឡើងវិញផងនោះ លោកទិត្យ វិច្ឆិកា សរសេរប្រយោគមួយឃ្លាចុងក្រោយថា «ថ្ងៃខាងមុខ ខ្ញុំនឹងព្យាយាមយកជ័យជម្នះពីអ្វីដែលខ្ញុំបាត់បង់ត្រឡប់មកវិញ» ។ ការបែកបាក់ស្នេហ៍បណ្តាលមកពីមូលហេតុអ្វីនោះ មិនត្រូវលោកទិត្យ វិច្ឆិកា បញ្ជាក់ឱ្យបានច្បាស់ឡើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា