ភ្នំពេញៈ សិល្បករ-សិល្បការិនីខ្មែរ បានគាំទ្រ យ៉ាងពេញទំហឹង ទៅលើចំណាត់ការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានប្រកាស មិនឲ្យតារាស្រីខ្មែរ ស្លៀកពាក់ បែបអឺរ៉ុប ភ្លេចប្រពៃណីរបស់ខ្លួន នៅពេលដែលពួកគេ ចេញទៅសម្តែង នៅក្រៅប្រទេស ហើយតារាស្រី ទាំងអស់នោះ គួរតែស្លៀកពាក់ បែបប្រពៃណីវប្បធម៌ខ្មែរវិញ ដើម្បីបង្ហាញ ឲ្យជាតិ សាសន៍ដទៃបានដឹងថា ខ្មែរមានប្រពៃណី វប្បធម៌ដ៏ស្រស់ផូរផង។

បន្ទាប់ពីមហាជន ធ្វើការរិះគន់ យ៉ាងខ្លាំងទៅលើតារាស្រី មួយចំនួន ដែលស្លៀកពាក់ ខើចលើខើចក្រោម បញ្ចេញភាពស៊ិចស៊ី ចង់ប្រឡងប្រណាំង ជាមួយសត្វ ខុសពីប្រពៃណី ទំនៀម ទម្លាប់ខ្មែរនោះ ជាក់ស្តែង ដូចជាពេលកន្លងទៅ មហាជនភាគច្រើន បានធ្វើការរិះគន់ ទៅកញ្ញា ឆៃ លីដាឡែន ដែលនាង បានបញ្ចេញនូវភាពស៊ិចស៊ី ហួសព្រំដែនកំណត់ នៅ ទឹកដីបរទេស ដែលធ្វើឲ្យវប្បធម៌ ប្រពៃណី ដ៏ស្រស់ផូរផង់ របស់ខ្មែរធ្លាក់ចុះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានវិធានការ ដើម្បីកុំឲ្យតារាស្រីខ្មែរ បញ្ចេញភាពស៊ិចស៊ីហួសហេតុពេក ។

តារាចម្រៀងជើងចាស់ ដែលមានឈ្មោះ បោះសំឡេងមួយរូប នៅកម្ពុជា អ្នកស្រី ហ៊ឹម ស៊ីវន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា លោកស្រី គាំទ្រ ចំពោះចំណាត់ការ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើង ព្រោះថា បើតាមសង្កេត នាពេលបច្ចុប្បន្ននេះ ឃើញថា តារាស្រីជំនាន់ក្រោយភាគច្រើន ចូលចិត្តតុបតែងខ្លួន បែបស៊ិចស៊ី ច្រើនជាង ការស្លៀកពាក់បែបប្រពៃណីខ្មែរ ។

លោកស្រីបន្ថែមទៀតថា ”សិល្បករ-សិល្បការិនី គឺជាកញ្ចក់ ឆ្លុះបញ្ជាំង ដូចច្នេះអ្វីដែលសិល្បករធ្វើ គឺត្រូវគិតពីវប្បធម៌ប្រពៃណី កុំឲ្យគេវាយតម្លៃ ដល់សិល្បករ-សិល្បការិនីផ្សេងទៀត ព្រោះមិនថា ការតុបតែងខ្លួន ឬក៏គ្រប់សកម្មភាព របស់តារា គឺឆ្លុះបញ្ចាំង ពីប្រពៃណី វប្បធម៌ខ្មែរ ដូចពាក្យស្លោកពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កុំថ្កើន”។

អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានមានប្រសាសន៍ ប្រាប់ដើមអម្ពិលថា ជារឿយៗ ក្រសួងតែងតែទទួលបាន ប្រតិកម្មពី សំណាក់ប្រជាពលរដ្ឋ នៅ ពេលដែលតារា បញ្ចេញភាពស៊ិចស៊ីហួសហេតុពេក ។ ទាក់ទងជាមួយប្រតិកម្មនេះ សូម្បីតែតារាខ្លួនឯង ក៏គួរតែគិតដែរ ហើយខាងក្រសួង ចង់ហាម ក៏ដូចជាសំណូមពរ ទៅលើអ្វីដែល ពួកគាត់ ធ្វើទៅ វាហួសហេតុពេក រួចក្រសួង ក៏មិនចង់ធ្វើការហាមឃាត់ ទៅលើសិទ្ធិ នៃការស្លៀកពាក់របស់ពួកគាត់ដែរ ប្រសិនបើជាការស្លៀកពាក់នោះ វាមិនជ្រុលហួស ហេតុពេក ។ ក្នុងនាមក្រសួង ជាអាណាព្យាបាល បើទោះបីជាចង់ ឬក៏មិនចង់ ក៏ត្រូវតែមានវិធានការខ្លះ ក្នុងមនោសញ្ចេតនា ក៏ដូចជា វិធានល្អៗ សម្រាប់ឲ្យសិល្បៈខ្មែរល្អ មិនមែនចង់ជាន់ពន្លិច ឬក៏បណ្តុះបង្អាប់អីនោះទេ។

លោក ថៃ នរៈសត្យា បានបន្តទៀតថា ” នាពេលកន្លងមក តារាស្រីខ្មែរភាគច្រើន គឺតែងតែត្រូវបាន គេអញ្ជើញទៅសម្តែង ឬក៏ច្រៀង តួយ៉ាង ដូចជាកញ្ញា ឆៃ លីដាឡែន នៅពេលគាត់ ត្រឡប់មកស្រុកខ្មែរវិញ ខ្ញុំនឹងហៅគាត់ ទៅពិភាក្សាគ្នា មិនមែនជាការព្រមានទេ គឺចង់ជជែកគ្នា ដើម្បីស្វែងរកផ្លូវល្អបន្តិច សម្រាប់ការសម្តែង ប្រសិនបើអាចធ្វើទៅបាន ហើយការចេញទៅ សម្តែងនេះ បើយើងធ្វើឲ្យមាន សេចក្តីថ្លៃថ្នូរ គឺកាន់តែទទួលបាន ការគាំទ្រ និងការគោរពកាន់តែច្រើន”។

ពិធិការិនី ប្រចាំនៅស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ កញ្ញា ឈិត សុជាតា ក៏បានបញ្ចេញ ការសាទរចំពោះវិធានការ របស់ក្រសួងវប្បធម៌ ដោយនាងយល់ស្រប ចំពោះអ្វីដែល ក្រសួងមានវិធាន ការនេះ ព្រោះថា ខ្មែរមានប្រពៃណី វប្បធម៌ សុភាពរាបសារ ទន់ភ្លន់ ក្នុងនាម ជាតារាខ្មែរ គួរតែព្យាយាម បង្ហាញពីប្រពៃណី វប្បធម៌ខ្មែរឲ្យបានច្រើន ហើយតារា ក៏ជាគំរូដល់ប្អូនៗ ជំនាន់ក្រោយ ផងដែរ ប្រសិនបើយើងជាតារា ងប់ងល់ជាមួយប្រពៃណីគេ ក៏ធ្វើឲ្យយុវវ័យ យកតម្រាប់តាមផងដែរ ។

តារាសម្តែង និងជាពិធីការិនីមួយរូប ដែលធ្លាប់តែបញ្ចេញភាពស៊ិចស៊ី កញ្ញា កុល ដាវី ក៏បានបញ្ចេញមតិ ក្នុងការគាំទ្រស្រដៀងគ្នាផងដែរថា ការដែលអ្នកនៅក្រៅស្រុក គាត់អញ្ជើញ សិល្បការិនី ខ្មែរ ទៅសម្តែង ឬច្រៀងនៅទីនោះ គឺពួកគេចង់ឃើញ ពីវប្បធម៌ប្រពៃណីខ្មែរ ដោយសារតែបរទេស គេមានវប្បធម៌ និងការស្លៀកពាក់ស៊ីវិល័យ ហើយដូចនេះ មិនចាំបាច់យកភាព ស៊ិចស៊ីទៅ បង្អួតគេទៀតទេ។

ក្រោយពីក្រសួងមានវិធានការនេះ ប្រធានសមាគម សិល្បករខ្មែរ លោក សុះ ម៉ាច ក៏បានបញ្ចេញមតិក្នុងការគាំទ្រ ទៅលើវិធានការនេះពេញទំហឹង ដោយលោក បានលើក ឡើងថា ចំណាត់ការរបស់ក្រសួងនេះ គឺជាវិធានការ យ៉ាងល្អមួយ ដើម្បីកែតម្រូវភាពខុសឆ្គងរបស់តារា កុំឲ្យការស្លៀកពាក់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិ។ ហើយលោក ក៏គាំទ្រយ៉ាងពេញទំហឹង ក្នុងរឿងនេះ ព្រោះថា វប្បធម៌ និងប្រពៃណីខ្មែរ អាចល្បីសុះសាយ លើឆាកអន្តរជាតិទៅបាន ក៏ដោយសារ តែសិល្បករ-សិល្បការិនី។ ដូចនេះហើយ យើងគួរតែលើកយកអ្វី ដែលល្អ របស់ជាតិផ្សព្វផ្សាយ ដល់បរទេស ក៏ដូចជាបណ្តាប្រទេសដទៃទៀត ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន