ភ្នំពេញៈ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន យកទៅសួរនាំ បន្ទាប់ពីបានបើករថយន្ត ថយក្រោយចេញពីក្នុងផ្ទះ រួចបុកអ្នកជិះម៉ូតូកំពុងលក់នំម្នាក់ របួសបាក់ជើង រួចជ្រុលទៅបុក របងបញ្ជាការដ្ឋានទ័ពអាកាស នាម៉ោង៥ និង៤០ នាទី ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នំា២០១៣ នេះ ស្ថិតនៅក្នុងផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលបានបង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមនុស្សរបួសបាក់ជើងម្នាក់ និងបំផ្លាញរបងបញ្ជាការដ្ឋាន កងទ័ពជើងអាកាស អស់មួយផ្ទាំងនេះ គឺជាបុគ្គលិកបម្រើការងារ នៅក្នុងខារ៉ាអូខេ ត្រជាក់ចិត្ត ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ សាក្សីបានឲ្យដឹងទៀតថា គ្រោះថ្នាក់គឺបណ្តាលមកពីអ្នកបើកបរ បើក រថយន្តថយក្រោយចេញពីផ្ទះ ដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលខាងក្រោយ ទើបបុកម៉ូតូ បុរសម្នាក់ ដែលកំពុងជិះលក់នំ បណ្តាលឲ្យដួងបាក់ជើង បន្ទាប់មកដោយស្លន់ អ្នកបើករថយន្ត ក៏បានជាន់ហ្គែល រួចថយក្រោយទៅបុក របងបញ្ជាការដ្ឋានកងទ័ពអាកាស យ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទេចអស់មួយផ្ទាំង ។

សាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ទៀតថា ម្ចាស់ខារ៉ាអូខេ ត្រជាក់ចិត្ត បាននិយាយប្រាប់ថា រថយន្ត ម៉ាកសឺដេស នេះ គឺទើបតែទិញថ្មី ហើយនេះក៏ជាកំហុសរបស់គាត់ផងដែរ ដោយបាន បណ្តោយឲ្យកូនចៅរបស់ខ្លួន ដែលមិនសូវចេះបើក ថយរថយន្តចេញពីក្នុងផ្ទះ ។ ជាមួយគ្នានោះ ម្ចាស់ខារ៉ាអូខេ ត្រជាក់ចិត្ត បានធានាថា រូបគាត់និងទទួលខុសត្រូវ ចំពោះការខូចខាតនេះ ដោយជួយចេញថ្លៃព្យាបាលអ្នករបួស រួមនិងធ្វើការជួសជុល របងបញ្ជាការដ្ឋានកងទ័ពអាកាស ដែលរងការខូចខាតនេះ។

សូមបញ្ជាក់ផងដែរ ខណៈដែលកំពុងជួបគ្រោះថ្នាក់ចរាចរ ភ្លាមៗនោះ គេក៏សង្កេតឃើញ បងប្អូន ដែលជាទាហាន បម្រើការងារ នៅក្នុងកងពលតូច ដឹកជញ្ជូនលេខ៩៩ បានចេញមកជួយ អន្តរគមន៍ ដល់ជនរងគ្រោះ និងជួយបញ្ជាចរាចរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជា ពលរដ្ឋ នៅម្តុំនោះផងដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]