ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣នេះ ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជារាស្រ្តខ្មែរទូទាំងប្រទេស ប្រារព្ធ ព្រះរាជពិធីបុណ្យរម្លឹកខួបមួយឆ្នាំ ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅវិមានព្រះបរមរូប លើសួនច្បារក្បែរវិមានឯករាជ្យ បន្ទាប់ពីព្រះអង្គបាន យាងសោយព្រះទិវង្គតក្នុងព្រះជន្មាយុ ៩០ព្រះវស្សាដោយព្រះរោគាពាធនៅទីក្រុងប៉េកំាង ប្រទេសចិន កាលពីថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២។

ការប្រារព្ធពិធីបុណ្យគម្រប់ខួបនេះ ដើម្បីថ្លែងនូវអំណរព្រះមាហគុណូបការៈដ៏ថ្លៃថ្លាវិសេសវិសាល និងឧត្តុង្គឧត្តម របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បាន លះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវរ សកម្មភាពដ៏លើសលប់ របស់ព្រះអង្គ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯកបូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោក ។

ដើម្បីឲ្យការប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនា កោដ្ឋ គម្រប់ខួប ១ឆ្នាំ ប្រព្រឹត្តទៅប្រកបដោយភាពឧត្តុង្គឧត្តម រាជរដ្ឋាភិបាល បានណែនាំឲ្យក្រសួងស្ថាប័ន និង គ្រឹះ ស្ថានសាធារណៈ ត្រូវចាត់តាំងប្រតិភូចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ នៅស្តូបព្រះបរមរូប ព្រះប រមរតនកោដ្ឋ តាមកម្មវិធីដែលរៀបចំដោយគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។

គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប មួយ ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ឲ្យបានស័ក្តិសម និងព្រះគុណូបការៈរបស់ព្រះអង្គចំពោះជាតិមាតុភូមិ និង ប្រជាជន តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។

គ្រប់ស្ថានអគ្គរាជទូត និងស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេសត្រូវរៀបចំ ប្រារព្ធពិធីនេះឲ្យ ស័ក្តិសម និងកិត្យានុភាព និងមោទកភាពជាតិនៅលើឆាកអន្តរជាតិ ។

ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមមាន រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវរៀបចំ ប្រារព្ធពិធីនេះ ឲ្យបានទូលំទូលាយ និងសមស្របតាមព្រះបរមងាររបស់ព្រះអង្គ ជាព្រះវររាជបិតាជាតិខ្មែរ ។ ដោយឡែកនៅវត្តអារាម បូជនីយដ្ឋានសាសនា អាស្រមវិបស្សនា និងប្រជាពលរដ្ឋតាមមូលដ្ឋាន ត្រូវរៀបចំប្រារព្ធ ពិធីនេះឲ្យបានស័ក្តិសម ទៅតាមលទ្ធភាព ហើយក្រសួងព័ត៌មាន ត្រូវចាត់តាំងរៀបចំកម្មវិធីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ ឯកជន អំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ចំពោះប្រទេសជាតិ និងចំពោះប្រជារាស្រ្ត ឲ្យបានទូលំទូលាយ ។ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួបនេះ មន្រ្តីរាជការ និយោជិតកម្មករទាំងអស់ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្តែងនូវកតញ្ញុតាវេទី ដ៏មហាថ្លៃថ្លារបស់ព្រះមហាវរក្សត្រ ព្រះបរមរតនកោដ្ឋនេះ កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅ វិមានព្រះបរមរូប និងព្រះបរមរូបរបស់ព្រះអង្គ ត្រូវបានសម្ពោធ និងរាជាភិសេក តម្កល់ជាសាធារណៈនៅលើសួនច្បារជិតវិមានឯករាជ្យ ដើម្បីទុកជាអមតៈឲ្យកូនចៅ ចៅទួត ប្រជានុរាស្រ្តរបស់ ព្រះអង្គគ្រប់ជំនាន់ បានចងចាំជាប់ជានិច្ចនូវគំរូវីរៈភាពរបស់ព្រះអង្គ។

ព្រះបរមរូបរបស់ព្រះអង្គមានកម្ពស់ ៤,៥ម៉ែត្រ និង ជើងទម្រកម្ពស់ ២, ៧០ម៉ែត្រ ទ្រង់ឈរមួយជំហរក្នុងសម្លៀក បំពាក់ខោអាវធំ មិនមែនទ្រង់គ្រឿង ជាព្រះរាជាតាមប្រពៃណីទេ។ រីឯតួបុស្សបុកមានកម្ពស់២៧ម៉ែត្រ បណ្តោយខឿនមានប្រវែង៥៤ ម៉ែត្រ និងទទឹងប្រវែង ២៧ម៉ែត្រ។ វិមានព្រះបរមរូប និងព្រះបរមរូបរបស់ព្រះអង្គចំណាយ ថវិកាសាងសង់ជាង ១លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅក្នុងឱកាសប្រារព្ធពិធីសម្ពោធវិមានព្រះបរមរូប និងព្រះបរមរូប នោះបានផ្ញើសារអំពាវនាវទៅកាន់ជនរួមជាតិ កូនចៅ ខ្មែរ ជំនាន់ក្រោយ និងអ្នកបន្តវេនជំនាន់ក្រោយ ត្រូវចងចាំ ជានិច្ចនូវស្នាមព្រះហស្តមិនអាចបំភ្លេចបាន របស់ព្រះបរមរតនកោដ្ឋ សម្ដេចឪនរោត្តម សីហនុ នូវរាល់សម្មិទ្ធផល យ៉ាង ក្រាសក្រែលរបស់ព្រះអង្គ។

សម្ដេច បានមានប្រសាសន៍បន្ត ដោយធ្វើការអំពាវនាវទៅកាន់អ្នកបន្កវេនជំនាន់ក្រោយត្រូវ តែ រក្សាទុកថ្ងៃ ទី១៥ ខែតុលា ជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបរមរតនកោដ្ឋ សម្ដេចឪ នរោត្តម សីហនុ។

សម្តេចបានថ្លែងបន្តថា សម្តេចឪនៃយើង បានកសាងស្នាព្រះហស្ថជាច្រើន ជាពិសេសបានបំពេញព្រះរាជកិច្ចជា ឧត្តមប្រយោជន៍ ជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយព្រះអង្គបាន ទាមទារឯករាជ្យពីអាណានិគម និយមបារាំង ជូនប្រជាជននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលប្រជាជាតិទាំងមូល មានសេចក្តីរីករាយយ៉ាង ក្រៃ លែង ដោយបានប្រសិទ្ធិនាម ព្រះអង្គជាព្រះបិតាឯករាជ្យជាតិខ្មែរ។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា បន្ទាប់ពីបានទទួលឯករាជ្យមកព្រះអង្គបានកសាងមាតុភូមិកម្ពុជាក្រោមបាវចនា ជាតិសាសនា ព្រះមហាក្សត្រ តាមមាគ៌ាសង្គម រាជានិយមដ៏ជាញជ័យ ហើយព្រះអង្គបានបាន ប្រទានសិទ្ធិស្មើគ្នា រវាងស្រ្តី និងបុរសក្នុងសង្គមជាតិ និងក្នុងរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នតាំងពីថ្នាក់ កណ្តាលរហូតដល់ថ្នាក់ មូល ដ្ឋាន ។ នៅពេលនោះសមិទ្ធិផលបានរីកចំរើន លើគ្រប់វិស័យនិងគ្រប់ទិសទី គ្រឹះស្ថានសិក្សាគ្រប់ កម្រិត មន្ទីរ ពេទ្យ ផ្លូវថ្នល់ ស្ពាន ស្រះទឹក ប្រឡាយ វត្តអារាម រោងចក្រ កំពង់ផែ អាកាសយាន្តដ្ឋានជាដើម។

គួរំលឹកថា ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាង សោយព្រះទិវង្គតក្នុងព្រះជន្មាយុ ៩០ព្រះវស្សាដោយព្រះជរាពាធនៅទីក្រុងប៉េកំាង ប្រទេសចិន កាលពីវេលា ម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ តុលា ២០១២ ដែលជាថ្ងៃភ្ជុំបិណ្ឌធំនៅកម្ពុជា ។ ព្រះបរម សពសម្តេចឪត្រូវបានដង្ហែពីទីក្រុងប៉េកំាង មកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដោយមានប្រជានុរាស្រ្តរបស់ព្រះអង្គរាប់លាននាក់ មកពីគ្រប់ទិសទីចូលរួមទទួលដង្ហែរព្រះបរមសព និងសម្តែង មរណទុក្ខដ៏ក្រៀមក្រំ និងនាំគ្នាបង្ហូរទឹកភ្នែក ដោយសារការនឹកស្តាយស្រណោះអង្គសម្តេចឪ ដែលបានលាចាក ឆ្ងាយពីកូនចៅគ្មានថ្ងៃវិលវិញនោះ ។

ព្រះបរមរតនកោដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តម្កល់ព្រះរាជសពទុករយៈ៣ខែ និង បានប្រារព្ធព្រះរាជពិធីថ្វាយ ព្រះភ្លើង ដល់ព្រះបរមរតនកោដ្ឋ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលពិធីថ្វាយព្រះភ្លើងជាផ្លូវការ គ្រោង ធ្វើឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃដដែលនោះ។ដោយឡែកព្រះរាជពិធី រើសអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ បានចាប់ ផ្តើមធ្វើឡើង កាលពីវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវាលព្រះមេរុ ស្ថិតក្រោម ព្រះរា ជាធិបតី ដ៏ខ្ពង់ខ្ពស់ របស់សម្តេចយាយ និងព្រះមហាក្សត្រ ព្រមទាំងមានការចូលរួម ពីសំណាក់ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រះរាជវង្សានុវង្ស ជា ច្រើនព្រះអង្គ ផ្សេងទៀត។

ក្រោយពីព្រះរាជពិធីរើសព្រះអដ្ឋិធាតុត្រូវបានបញ្ចប់នោះ ព្រះអដ្ឋិធាតុ ព្រះបរមរតនកោដ្ឋ បានដង្ហែយាងទៅកាន់ ព្រះគង្គា នៃទន្លេ៤មុខ នៅវេលាម៉ោង ៨ និង៥០នាទី។ព្រះបរមអដ្ឋិធាតុរបស់សម្តេចព្រះមហាវីរក្សត្រ ត្រូវបាន ដង្ហែទៅតម្កល់នៅក្នុងទីនាំង ព្រះទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង តាមព្រះរាជបណ្តាំរបស់សម្តេចតា នៅមានព្រះ ជន្មនៅឡើយ ហើយនៅថ្ងៃទី៧កុម្ភៈ ២០១៣ព្រះអដ្ឋិធាតុរបស់សម្តេចតា ត្រូវបានសម្តេចយាយ និង ព្រះមហា ក្សត្រ ដង្ហែចូលព្រះបរមរាជវាំង។

ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានបន្សល់ទុកនូវ ស្នាព្រះហស្ថយ៉ាងច្រើនជូនជាតិមាតុភូមិ ជាពិសេសបាន បំពេញព្រះរាជកិច្ចជា ឧត្តមប្រយោជន៍ ជូនប្រទេស ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយព្រះអង្គបានទាមទារឯករាជ្យពីអាណានិគម និយមបារាំង ជូនប្រជាជន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលប្រជាជាតិទាំងមូល មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានប្រសិទ្ធិនាម ព្រះអង្គជាព្រះបិតាឯករាជ្យជាតិខ្មែរ។បន្ទាប់ពីបានទទួលឯករាជ្យមកព្រះអង្គ បានកសាងមាតុភូមិកម្ពុជាក្រោម បាវ ចនាជាតិ សាសនា ព្រះមហាក្សត្រ តាមមាគ៌ាសង្គមរាស្ត្រនិយមដ៏ជាញជ័យ ហើយព្រះអង្គបាន ប្រទានសិទ្ធិស្មើគ្នា រវាងស្រ្តី និងបុរសក្នុងសង្គមជាតិ និងក្នុងរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នតាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់ មូល ដ្ឋាន។ នៅពេលនោះសមិទ្ធិផលជាច្រើនបានរីកចំរើនលើគ្រប់វិស័យនិងគ្រប់ទិសទី, គ្រឹះស្ថានសិក្សាគ្រប់កម្រិត, មន្ទីរពេទ្យ, ផ្លូវថ្នល់, ស្ពាន, ស្រះទឹក, ប្រឡាយ, វត្តអារាម, រោងចក្រ, កំពង់ផែ និងអាកាសយានដ្ឋានជាដើម។ ក្រោយមកទៀត ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារជាតិ។

ព្រះរាជជីវប្រវត្តិ

ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គប្រសូត្រ នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុមុខមង្គល ព្រះរាជាអាណាចក្រ កម្ពុជា ។ ព្រះអង្គជាព្រះរាជបុត្រ ព្រះបាទ នរោត្តម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិកុសុមៈ នារីរតន៍។

ការសិក្សា

-ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (ChasseloupLaubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។

-ឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាស ដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។

ការគ្រងរាជ្យសម្បត្តិ

ការគ្រងរាជ្យសម្បត្តិលើកទី១នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជ ឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ នៅរាជធានីភ្នំពេញ។

ការគ្រងរាជ្យសម្បត្តិលើកទី២បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ២៣ តុលា១៩៩១ ព្រះអង្គបាន ធ្វើ ព្រះរាជមាតុនិវត្ត ហើយក្រុមប្រឹក្សាព្រះរាជបល័្លង្គបានសម្រេចថ្វាយការគ្រប់គ្រងរាជសម្បត្តិនាថ្ងៃទី២៤-កញ្ញា-១៩៩៣ ។

ព្រះរាជបូជនីយកិច្ច

-ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាម ទារឲ្យរាជាណា ចក្រ ថៃឡង់ដ៍ ប្រគល់មកព្រះរាជាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានសង្គ្រាមសកលលោក លើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។

-ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខា នៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហស្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រកម្ពុជា។ សន្ធិសញ្ញា ឆ្នាំ ១៩៤៩នេះ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។

-ឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារកេតនភណ្ឌឯក រាជ្យ១០០ភាគ រយ ជូនជាតិមាតុភូមិ។

-ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យ បរិណ៌បូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ ឆ្នាំ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

-លើកទី១ ថ្ងៃទី៥ មីនា ១៩៥៣ ពីទីក្រុងណាពូល

-លើកទី២ ថ្ងៃទី១៨ មីនា ១៩៥៣ ពីទីក្រុងណាពូលដដែល

-លើកទី៣ ថ្ងៃទី៣ មេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាម៉េរិក ទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹង ព្រះរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន៖

-ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស្ត

-ទី២ គឺបញ្ហាឯករាជ្យបរិបូរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជាអាណាចក្រកម្ពុជា បាន ទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេសថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ»៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]