ខេត្តប៉ៃលិន ៖ ស្រ្តីវ័យកណ្តាលម្នាក់បានរង របួសជាំមុខជាំមាត់ របួសខ្នង ចង្កេះ និងជាច្រើនកន្លែងផ្សេងៗទៀត ស្ទើរតែសព្វសារពាង្គកាយ ដោយសារយកប្តីហេងស៊យ បានគ្នាត្រឹមតែជាង ៣ខែ ធ្វើបាបជារៀងរាល់ថ្ងៃ ព្រោះតែភ្លើងប្រចណ្ឌ។

ហេតុការណ៍ប្រើអំពើហិង្សាវាយដំច្រំធាក់ ទៅលើស្រ្តីរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី១៣ តុលា ២០១៣ ស្ថិតនៅមុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លុះនៅរសៀលថ្ងៃទី១៤ តុលា នាងបានមកដាក់ពាក្យប្តឹងនៅមន្ទីរកិច្ចការនារីខេត្ត តែដោយខាងមន្រ្តីកិច្ចការនារីរវល់ នាងក៏ដាក់ពាក្យទៅខាងអង្គការសិទ្ធិមនុស្ស (អាដហុក) ឲ្យជួយអន្តរាគមន៍។

ស្រ្តីរងគ្រោះឈ្មោះ ឆេង សុគន្ធា ហៅដាលីន អាយុ ៣៧ឆ្នាំ មានស្រុកកំណើតរស់នៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម មានប្តីហេងស៊យឈ្មោះ ខួច អាយុ ៣៣ឆ្នាំ ជាកម្មករ បច្ចុប្បន្ន អ្នកទាំងពីរស្នាក់នៅបណ្តោះអាសន្នក្រោយ ចំណតរថយន្តថ្មី ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា ដោយសារតែឪពុកម្តាយបងប្អូនគេដៀលថា នាងជាមនុស្សស្រីខ្ជិលមិនចេះធ្វើការងារនឹងគេ ទើបនាងដាច់ចិត្តចាកចេញពីផ្ទះរសាត់ អណ្តែតរហូតមកដល់ខេត្តប៉ៃលិន។ លុះមកដល់ដំបូងនាងធ្វើការជាអ្នករត់តុនៅហាងពេញចិត្ត ក្បែរចំណតរថយន្តថ្មី ស្រាប់តែមានបុរសម្នាក់ ដែលជាប្តីហេងស៊យរបស់នាងចូលទៅស៊ីផឹកនៅទីនោះ ក៏លួចស្រលាញ់ ហើយបាននិយាយ សារភាពស្នហ៍ជាមួយនាង រហូតដល់នាងយល់ព្រមយកបុរសម្នាក់នោះ ធ្វើជាប្តី ដោយអត់បានរៀបការ ឬសែនព្រេនអ្វីនោះទេ។

ស្រ្តីរូបនេះ បន្តទៀតថា បន្ទាប់ពីយកគ្នាជាប្តីប្រពន្ធហើយ នាងក៏ឈប់ធ្វើការរត់តុនៅ តាមហាងតទៅទៀត ព្រោះតែប្តីប្រចណ្ឌ ហើយហាមនាងមិនឲ្យធ្វើការនៅតាមហាងជាដាច់ខាត តែបើនាងមិនទៅធ្វើការ គឺអត់មានអ្វីទិញបាយហូបឡើយ ព្រោះប្តីហេងស៊យម្នាក់នេះ អត់ចេះធ្វើអីទាល់តែសោះ ចេះតែផឹកស្រាស្រវឹងពេលណាវាយនាងពេលនោះ ធ្វើបាបជារៀងរាល់ថ្ងៃ តាំងពីបានគ្នាជាង ៣ខែ បុរសជាប្តីបានវាយនាងចំនួន ១៤ដង មកហើយ។

ពេលនេះ នាងស្ទើរតែវង្វេងស្មារតីរកគិតអ្វីមិនត្រូវទាល់តែសោះ ព្រោះប្តីរូបនេះ បានវាយនាងត្រូវជាំស្ទើរតែសុស ពេញខ្លួនប្រាណ និងក្បាល។ លុះនៅថ្ងៃចុងក្រោយ នាងបានដើរមកផ្ទះស្រ្តីម្នាក់ឈ្មោះ លី អាយុជាង ៥០ឆ្នាំ ដើម្បីសុំឲ្យគាត់ប្រាប់កន្លែងរកការងារធ្វើ ស្រាប់តែប្តីរបស់នាងបានតាមមកពីក្រោយ ក៏ស្ទាក់វាយនាងរហូតដល់ដួលសន្លប់នៅនឹងកន្លែង ហើយបានអ្នកជិតខាងឃើញលើកនាងរឹតទើបដឹងខ្លួន។

លុះនៅព្រឹកថ្ងៃទី១៤ ខែតុលា នាងបានរត់ទៅរកប៉េអឹមឲ្យជួយ ធ្វើអន្តរាគមន៍ចាប់ប្តីហេងស៊យយកមកអប់រំ តែគេប្រាប់ថា រវល់ខ្លាំងណាស់មិនអាចជួយបានទេ លុះក្រោយមកនាងក៏ទៅពឹងផ្អែកខាងអង្គការ សិទ្ធិមនុស្សឲ្យជួយម្តង តែអង្គការកំពុងតែតាមស៊ើបអង្កេតមើល និងតាមដានប្តីរបស់នាង ហើយលើកទឹកចិត្តឲ្យនាងដាក់ពាក្យប្តឹងទៅ សមត្ថកិច្ចនគរបាលស្នងការខេត្ត ឲ្យចាប់ប្តីហេងស៊យនោះ ទៅអប់រំ។

ស្រ្តីរងគ្រោះនិយាយថា នាងឈប់យក និងលែងទទួលស្គាល់ប្តីហេងស៊យម្នាក់នេះ តទៅទៀតហើយ នាងសុំឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]