ភ្នំពេញ ៖ អំពើឃាតកម្ម ដែលសមត្ថ កិច្ច និងប្រជាពលរដ្ឋជាច្រើននាក់ចាត់ទុក ថា សាហាវជាទីបំផុតត្រូវ បានបំបែកសំណុំ រឿង គឺប្ដីជាអ្នករៀបចំគម្រោងការ ហើយ ស្រីស្នេហ៍របស់ខ្លួន ជាអ្នកធ្វើសកម្មភាពក្រោយ ពីទទួលរងសម្ពាធ និងការបង្ខិតបង្ខំ ក៏ដូចជាលួងលោម ពីបុរសជាប្ដីដើម្បីឱ្យពួក គេ អាចរស់នៅជាមួយគ្នា នៅពេលស្ដ្រីជា ប្រពន្ធបានស្លាប់ ។

អំពើឃាតកម្ម ដែលរៀបចំគម្រោងការ អស់រយៈពេល ២-៣ឆ្នាំមកនោះ របស់ប្ដីខ្លួនឯង ទីបំផុតបាន សម្រេចតាមរយៈការឱ្យ ស្រីស្នេហ៍របស់ខ្លួន ធ្វើសកម្មភាពនាអំឡុង ម៉ោង ៨យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ បណ្ដាល ឱ្យស្ដ្រីជា ភរិយា រៀបការពេញច្បាប់រហូត ដល់មានកូនប្រុសអាយុ ១ឆ្នាំ២ខែ និងមាន កូនក្នុងផ្ទៃ ៣ខែផងនោះ បានស្លាប់យ៉ាង វេទនា នៅលើពូក ក្នុងបន្ទប់ដេកជាមួយកូន ប្រុសរបស់ខ្លួន ។

ក្រោយពីបើកការស្រាវជ្រាវ តាមជំនាញ និងយកចិត្ដទុកដាក់ជាទីបំផុតរបស់កម្លាំង នគរបាល ការិយាល័យ កណ្ដាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរ បាល ខណ្ឌមានជ័យ បានបំបែក សំណុំ រឿង ឃាតកម្ម ចុងឆ្នាំ២០១៣នេះ ក្នុងរយៈពេល ២ថ្ងៃ ដោយឃាត់ខ្លួនបុរសជាប្ដីជាអ្នករៀប ចំផែនការ និង ស្រីស្នេហ៍វ័យក្មេងជាអ្នកធ្វើ សកម្មភាព ។

ក្រោយពីការចាប់ខ្លួនជាបន្ដ បន្ទាប់រួចមក នៅព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០១៣ ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យ កណ្ដាល ព្រហ្មទណ្ឌ លោកឧត្ដម សេនីយ៍ត្រី ជួន ណារិន្ទ បានបង្ហាញមុខជន សង្ស័យទាំង ២នាក់ ជាសាធារណៈ និងរៀប រាប់ពីដំណើរ រឿង តាំងពីដើមរហូតដល់ចប់ ប្រាប់អ្នកកាសែត នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដោយមានការ ចោមរោម មើលយ៉ាងច្រើននាក់ ពីសំណាក់ប្រជាពល រដ្ឋនៅតំបន់ច្បារអំពៅ ដែលពួកគេទាំង នោះចង់ ឃើញមុខជនសង្ស័យទាំង២ ដែល ហ៊ានរៀបចំគម្រោង សម្លាប់ស្ដ្រីជាភរិយា យ៉ាងដូច្នេះសោះ ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដី ឈ្មោះ ស៊ឺ លូហេងឡុង អាយុ ៣២ឆ្នាំ មុខ របរបុគ្គលិកក្រុមហ៊ុនឯក ជន ស្រីស្នេហ៍ ឈ្មោះ វលក្ខណ៍ អាយុ២៣ឆ្នាំ មុខរបរ បម្រើ ការងារនៅក្រុមហ៊ុនឯកជន រីឯ ប្រពន្ធដែល ស្លាប់ទាំងកូនក្នុងផ្ទៃ ៣ខែ និង បន្សល់កូន ប្រុសអាយុ១ឆ្នាំ ២ខែនៅកំព្រា ឪពុក-ម្ដាយ ឈ្មោះ គួ លីជូ អាយុ ជាង ៣០ ឆ្នាំ បច្ចុប្បន្ន មុខរបរបើកហាងអ៊ិនធឺណែត  នៅផ្ទះរបស់ខ្លួន ។

ស្ដីពីដំណើររឿង ឃាតកម្មគិតទុកជាមុន នឹងេ្វីឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា សីលធម៌ ភាពថ្លៃថ្នូរបស់មនុស្ស ជាតិខាងលើនេះ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានថ្លែងថា ក្រោយពីមានករណី ស្ដ្រី ម្នាក់ត្រូវគេសម្លាប់នៅក្នុងបន្ទប់ដេក ហើយ ប្រមូលយកទ្រព្យសម្បត្ដិ ទាំងលុយកាក់ និងគ្រឿងអលង្កា រួចមកនោះ កម្លាំងនគរបាល ព្រហ្មទណ្ឌរបស់លោក ដោយមានការបញ្ជា ពីស្នងការនគរបាល រាជធានីភ្នំ ពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានសហការជា មួយកម្លាំងនគរបាលជំនាញ របស់ខណ្ឌមាន ជ័យ និងមានការសម្របសម្រួលផ្នែកផ្លូវ ច្បាប់ពីតំណាងអយ្យការផងនោះ បានបើក ការស្រាវជ្រាវជា បន្ទាន់ ទាំងយប់ទាំងថ្ងៃ តាមរយៈការចុះទៅពិនិត្យសពជនរងគ្រោះ ពីកម្លាំងនគរបាល ការិយាល័យបច្ចេក ទេស ការកំណត់ភស្ដុតាង នៅកន្លែងកើតហេតុ ការសាកសួរសាក្សី រួមទាំងការវិភាគនូវព័ត៌មានផ្សេងៗ ទៀត ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ក្រោយ ពីបានសិក្សា និងស្រាវជ្រាវតាមជំនាញរបស់ នគរបាលព្រហ្ម ទណ្ឌ លោកបានសន្និដ្ឋានថា មិនមែនជាករណីប្លន់សម្លាប់នោះទេ ពោល ជាករណីឃាតកម្ម គិតទុកជាមុន ។ កត្ដា៣ យ៉ាង ដែលឈានទៅដល់ការបើកស្រាវជ្រាវ ពីសំណាក់សមត្ថកិច្ច រួមមានទី១ ស្រាវជ្រាវ ដោយ ស្ងប់ស្ងាត់ ទៅលើអត្ដសញ្ញាណរបស់ ប្ដី ដែលជាមនុស្សខាងក្នុង ទី២ ស្រាវជ្រាវ លើកម្មករធ្វើផ្ទះ ពីព្រោះ ផ្ទះកើតហេតុទើប នឹងជួសជុលហើយ និងទី៣ ស្រាវជ្រាវទៅ លើអ្នកបម្រើស្រី ដែលរស់នៅក្នុងផ្ទះនោះ។

លោកឧត្ដមសេនីយ៍ ស្នងការរងបាន បញ្ជាក់ទៀតថា ក្រោយពីទទួលបានចម្លើយ សារភាព និងឯកសារ ពាក់ព័ន្ធ ព្រមទាំងវត្ថុ តាងនានារួចមក អ្នកបម្រើស្រីនៅក្នុងផ្ទះ និងក្រុមកម្មករសំណង់ ដែលធ្លាប់ជួសជុល ផ្ទះកើតហេតុ គឺមិនជាប់ពាក់ព័ន្ធនោះទេ ដូច្នេះចុងក្រោយជនសង្ស័យនៅក្នុងករណី ឃាតកម្ម គិតទុកជា មុននេះគឺជាប្ដីរបស់ជន រងគ្រោះតែម្ដង រហូតដល់ឃាត់ខ្លួនជាស្ថា ពរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៣ ។ បន្ទាប់មក ក្រោយពីការសារភាពរបស់ជន សង្ស័យជាប្ដី កម្លាំងនគរបាលក៏បានឈាន ទៅដល់ ការចាប់ខ្លួនស្រីស្នេហ៍ ពេលកំពុង ចូលចាក់សាំងរថយន្ដ នៅម្ដុំស្ដាតអូឡាំពិក នៅវេលាម៉ោងប្រមាណ ១០ ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ។

ស្នងការរងនគរបាលរូបនេះ បានរៀប រាប់ទៀតថា កាលពីចុងឆ្នាំ២០០៩ ជន សង្ស័យជាប្ដីបានទាក់ទង ជាមួយស្រីស្នេហ៍ របស់ខ្លួន រហូតដល់ផ្ដល់លុយបើកហាងលក់ វត្ថុអនុស្សាវរីយ៍មួយកន្លែងទៀតផង ប៉ុន្ដែ ក្រោយមកបរាជ័យ ក៏បិទហាងទៅវិញ ។

បន្ទាប់មកជនសង្ស័យរូបនេះបានហៅរូប នាង ទៅបម្រើការងារ ជាមួយនៅក្រុមហ៊ុន ឯកជន ដែលពួកគេទាំង២នាក់ មានទំនាក់ ទំនងគ្នារហូតមក ។ ប៉ុន្ដែអ្វីៗបានប្រែ ប្រួល នៅពេលដែលនារីរូបនេះ ត្រូវបានបុរសម្នាក់ ចាប់ចិត្ដ រហូតដល់ចូលស្ដីដណ្ដឹងភ្ជាប់ពាក្យ អំឡុងឆ្នាំ ២០១៣ ហើយគ្រោងរៀបអាពាហ៍ ពិពាហ៍ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ខាង មុខនេះ។

នៅពេលដែល ស្រីដែលខ្លួនស្រឡាញ់ ទៅភ្ជាប់ពាក្យជាមួយបុរសផ្សេង ធ្វើឱ្យជន សង្ស័យ ស៊ឺ លូហេងឡុង ដែលជាកូន ថៅកែ សំណង់ដ៏មាន ទ្រព្យសម្បត្ដិម្នាក់ផងនោះ មានអារម្មណ៍មិនស្ងប់ និងពោរពេញទៅ ដោយបញ្ហារហូត ដល់ដាក់លក្ខខណ្ឌជាមួយ ស្រីស្នេហ៍របស់ខ្លួនចំនួន ៣លក្ខខណ្ឌដើម្បី អាចរស់នៅជាមួយគ្នា ដែលលក្ខ ខណ្ឌទាំង នោះរួមមាន ទី១ សុខចិត្ដលែងលះប្រពន្ធ មករស់នៅជាមួយគ្នា ប៉ុន្ដែ ត្រូវបានភាគី ខាងស្រីបដិ សេធ និងមិនយល់ព្រម ពីព្រោះ ខ្លួនមានគូដណ្ដឹង ទី២ ដាក់លក្ខខណ្ឌគឺចុះ ចេញពីផ្ទះចោលប្រពន្ធ-កូន រត់ទៅនៅជា មួយគ្នា ប៉ុន្ដែ ភាគីខាងស្រីនៅតែមិនព្រម ទៀត ទើបអំឡុងខែកញ្ញា ឆ្នាំ២០១៣ ជន សង្ស័យ រូបនេះ បានដាក់លក្ខខណ្ឌចុងក្រោយ ទៅឱ្យស្រីស្នេហ៍របស់ខ្លួន គឺរៀបចំផែនការ សម្លាប់ប្រពន្ធចោលតែ ម្ដង ប៉ុន្ដែ ករណីទី៣ នេះ ក៏ត្រូវបានភាគីខាងស្រី បដិសេធ និងមិនធ្វើ ។ លុះចុងក្រោយភាគីខាងស្រី ប្រហែលជាទទួលការលួងលោម ឬក៏បង្ខំក៏ដូចជាការ សន្យាអ្វីជាច្រើននោះ ទើបនាំគ្នាសម្រេច ផែនការនេះ តែម្ដង ខណៈដែលពួកគេទាំង ២នាក់ បានជួបពិភាក្សាគ្នាជាថ្មីនៅពេលទៅ ហូបអីនៅត្រើយម្ខាង ។

បើតាមលោក ជួន ណារិន្ទ ក្រោយពីពួក គេទាំង២នាក់ ឯកភាពគ្នាពីគម្រោងសម្លាប់ ប្រពន្ធរបស់ខ្លួននោះ ពួកគេបាននាំគ្នាទៅ ទិញកាំបិត ចុងស្រួច ដែលមានដងពណ៌ខ្មៅ កម្រាស់ ២សង់ទីម៉ែត្រ និងស្រោមដៃនៅ ផ្សារបឹងកេងកង រួចហើយប្រគល់វត្ថុតាង ទាំងនេះ ទៅឱ្យ ជនសង្ស័យខាងប្រុសយក ទៅទុក ដើម្បីរង់ចាំ ពេលធ្វើសកម្មភាព ។

លុះដល់ម៉ោងថ្ងៃកើតហេតុ ពោលនៅយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ គាប់ជួន ម្ដាយ-ឪពុកបង្កើត និងឪពុកម្ដាយក្មេកទៅ មើលជំងឺ នៅប្រទេសវៀតណាម ហើយ ប្រពន្ធនៅតែម្នាក់ឯងនោះ ពួកគេក៏បាន សម្រេចធ្វើសកម្មភាពតែម្ដង ។ ពេលធ្វើ សកម្មភាពនេះ បុរសជាប្ដីបានយកកាំបិត និងស្រោមដៃដាក់ក្នុងថង់ យកទៅទុកនៅ  កន្ដ្រកម៉ូតូឆាលី ហើយបើកទូដោយដាក់ សោរនៅលើតុ និងបើកទ្វារចោលដោយ ប្រាប់ប្រពន្ធថា ខ្លួនចុះទៅមើលហាងអ៊ិនធឺ ណែតមួយភ្លែតសិន ។ នៅពេលដែលធ្វើ សកម្មភាពបែបនេះរួច ជនសង្ស័យជាប្ដីក៏ បានទូរស័ព្ទប្រាប់ស្រីស្នេហ៍របស់ខ្លួន ឱ្យមក ធ្វើសកម្មភាព ។

ពេលនោះស្រីស្នេហ៍បាន ជិះម៉ូតូឌុប មកដល់នៅវេលាម៉ោងប្រមាណ ជាង ៨ រួចហើយចូលទៅក្នុងផ្ទះហើយយក កាំបិត និងស្រោមដៃ ដែលទុកលើកន្ដ្រក ម៉ូតូឆាលី ទៅចាក់ចំកស្ដ្រីរងគ្រោះពេល កំពុងតែម្នាក់ឯង រួចហើយជនរងគ្រោះភ្ញាក់ បានចាប់កាំបិតបណ្ដាលឱ្យមុតដៃ រួចជន សង្ស័យ បានចាក់២កាំបិតថែមទៀត និង ចាក់ពោះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង កើតហេតុតែម្ដង ។

ក្រោយពីសម្លាប់រួចមក ជនដៃដល់ បានបើកទ្វារទូដោយប្រមូល យកលុយ និងគ្រឿងអលង្កាជិះម៉ូតូឆាលី ចេញមកវិញ មកផ្លុងចោល នៅមុខមជ្ឈ មណ្ឌលកំសាន្ដរ៉ុក រួចហើយជិះម៉ូតូទៅផ្ទះ របស់ខ្លួន ស្ថិតនៅតាមផ្លូវលេខ ៣១០ កែង ផ្លូវលេខ ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយបោះចោលកាំបិតនៅ តាមផ្លូវ ។

លោក ជួន ណារិន្ទ បានបន្ដទៀតថា នៅ ពេលជនដៃដល់ធ្វើដំណើរដល់ផ្ទះ ក៏ទូរស័ព្ទ ប្រាប់ភាគីខាងប្រុស ថា ខ្លួនធ្វើសកម្មភាព បានសម្រេចរួចហើយ ពេលនោះបុរសជាប្ដី ក៏ប្រញ៉ាប់ប្រញាល់បិទទ្វារហាងអ៊ិនធឺ ណែត ហើយចូលទៅក្នុងបន្ទប់ទឹក ដកស៊ីមទូរស័ព្ទ ដែលនិយាយជាមួយភាគីស្រីស្នេហ៍ កាច់ចោល រួច ស្រូតដំណើរទៅផ្ទះ ។

ពេលទៅ ដល់ផ្ទះ ក៏ចូលទៅពរកូនប្រុសរបស់ខ្លួន អាយុ ១ឆ្នាំ២ខែ ដែលកំពុងវាល នៅលើ ឈាមម្ដាយរបស់ខ្លួន ចេញមកក្រៅស្រែក ឆោឡោថា ប្រពន្ធត្រូវគេចូលសម្លាប់ប្លន់ យកទ្រព្យ សម្បត្ដិ អស់ហើយ ធ្វើឱ្យមានការ ភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋយ៉ាងខ្លាំងហើយ ដឹងដល់កម្លាំងនគរបាល មូល ដ្ឋាន និងកម្លាំង នគរបាលខណ្ឌ ដឹកនាំដោយលោកអធិការ  ហ៊ី ណារិន ចុះទៅកន្លែងកើតហេតុភ្លាមៗ រួច ទាក់ទង និងរាយការណ៍ជូនលោកស្នង ការ និងស្នងការរងដើម្បីបញ្ជូនកម្លាំងជំនាញ ចុះមកស្រាវជ្រាវជា បន្ទាន់ ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបន្ដ ទៀតថា ពេលភ្លាមៗនោះលោកបានទទួល ការណែនាំពីលោក ស្នងការបញ្ជូនកម្លាំង ជំនាញ ចុះទៅស្រាវជ្រាវរួមមាន កម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោក អេង សោភា កម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល និងកម្លាំងនគរ បាលការិយាល័យ បច្ចេកទេស សហការជាមួយកម្លាំងនគរ បាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវរហូត ដល់បំបែកសំណុំរឿងនេះតែម្ដង ក្នុងរយៈ ពេល ២ថ្ងៃ ។

ចំពោះសំណុំរឿងឃាតកម្មខាងលើនេះ លោកស្នងការរង សម្ដែងការសោកស្ដាយ យ៉ាងខ្លាំង ចំពោះការ បាត់បង់ជីវិតស្ដ្រីជា ប្រពន្ធ ដែលរៀបការជាមួយជនសង្ស័យជា ប្ដី ជាអំឡុងខែឧសភា ឆ្នាំ ២០០៧ បើទោះ បីកម្លាំងនគរបាល បានបំបែកសំណុំរឿង ចាប់ជនដៃដល់ទាំង ២នាក់នេះក៏ដោយ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើន នាក់ កុំតែបានសមត្ថកិច្ចរារាំង និងបញ្ជូន ជនសង្ស័យទាំង ២នាក់ចូល ទៅក្នុងបន្ទប់ ឃុំឃាំង របស់អធិការនគរបាលខណ្ឌមាន ជ័យទាន់ពេលវេលាកុំអីពួកគេអាចប្រឈម មុខនឹង ការកាត់ក្ដីពីប្រជាពលរដ្ឋ ជាក់ជាមិន ខានឡើយ ដូចករណីឃាតកម្មសម្លាប់ប្រពន្ធ និងកូនស្រីហើយត្រូវ បានប្រជាពលរដ្ឋសម្លាប់ បុរសជាប្ដីតាមក្រោយ តាមរយៈការគប់ដុំ ថ្ម និងវាយដំបង ស្ថិតក្នុងស្រុកព្រៃឈ ខេត្ដ កំពង់ចាម កាលពីពេលថ្មីៗនេះ ។

ប្រភពព័ត៌មានមួយចំនួន ដែលបានដឹង រឿងរ៉ាវទាំងនេះ បាននិយាយថា គេមិននឹក ស្មាននារីជាជនដៃដល់ អាយុ ២៣ឆ្នាំ ហ៊ាន ធ្វើបែបនេះឡើយ ដោយសារតែអត្ដចរិត របស់ខ្លួនសុភាពរាបសារ និងស្ដាប់បង្គាប់ ឪពុក-ម្ដាយ ព្រមទាំងក្នុងដំណាក់កាលដែល ខ្លួនជិតរៀបការ ជាមួយគូដណ្ដឹងទៀតផង។ ប៉ុន្ដែ ប្រភពព័ត៌ មានខាងលើបានអះអាងថា មូលហេតុដែលឈានឱ្យរូបនាង ហ៊ានធ្វើ សកម្មភាពដ៏សាហាវនេះ ប្រហែល មក ពីទទួលការគាបសង្កត់ គំរាមកំហែង និងលួង លោមដោយពាក្យសំដី យ៉ាងទន់ភ្លន់ ពីសំណាក់ភាគី ប្រុស ទើបសម្រេចចិត្ដដែលមិន នឹកស្មានដល់យ៉ាងដូច្នេះ ។

ប្រភពព័ត៌មានខ្លះទៀត បានលើកឡើង ថា បើសិនពួកគេទាំង២នាក់ ពុំអាចសម្លាប់ ស្ដ្រីជាប្រពន្ធបានទេ ច្បាស់ជា អ្នករងគ្រោះ ចុងក្រោយគឺបុរសជាគូដណ្ដឹង ដែលគ្នាមិន ដឹងអីសោះ ដើម្បីអនុញ្ញាតឱ្យពួកគេអាច រស់នៅជាមួយគ្នាតទៅមុខទៀត ។ក្រោយ បង្ហាញមុខជាសាធារណៈរួចមកជនសង្ស័យ ទាំង២ ត្រូវបាន បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ប្រភពព័ត៌មាន ពីអ្នកច្បាប់មួយរូបបាន ឱ្យដឹងថា ក្នុងករណីឃាតកម្មគិតទុកជាមុន បែបនេះ ពួកគេទាំង ២ នាក់ អាចប្រឈម មុខនឹងការជាប់ ពន្ធនាគារ មិនតិចជាង២០ឆ្នាំនោះទេ  និងការបង់សំណង ទៅឱ្យជនរងគ្រោះ អស់ជាច្រើនទៀត ៕

លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បង្ហាញមុខជនសង្ស័យទាំងពីរនាក់ ក្រោយការចាប់ខ្លួន







ជនសង្ស័យទាំងពីរនាក់ ត្រូវចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព សម្លាប់ជនរងគ្រោះបានសម្រេច




ទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ដែលត្រូវសមត្ថកិច្ចរឹបអូសបាន ក្រោយចាប់ខ្លួន









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]