ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ដោយសារហេតុការណ៍ ឧប្បវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើង ដោយក្រុមយុវជនស្រវឹងស្រាពីរនាក់ បានជិះម៉ូតូបើកបុកយ៉ាង ពេញទំហឹង នៅចំណុចផ្លូវទំនប់៧មករា ស្ថិតភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១ និង ២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ។

នគរបាលចរាចរណ៍ ដែលចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះខាងលើ នេះ ឈ្មោះ លី សុខា អាយុ២៩ឆ្នាំ មានស្រុកកំណើត នៅស្រុកកោះធំ ខេត្តកណ្តាល មុខរបរ លក់ផ្លែឈើ មានទីលំនៅ ភូមិព្រែកសំណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ដោយឡែក ក្រុមយុវជនស្រវឹងស្រា ជិះម៉ូតូ បង្កហេតុនោះ ទី១ ឈ្មោះ សុខ ម៉េត ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសធ្ងន់) និងម្នាក់ទៀត ឈ្មោះ ឃុន ដែន ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល) ទាំងពីរនាក់ មានមុខរបរ ជាកម្មករសំណង់ ដូចគ្នា មានទីលំ នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាក SUZUKI VIVA ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1A-6865 សណ្តោងរ៉ឺម៉ក ដឹកផ្លែស្វាយទៅបោះដុំ លក់ឲ្យម៉ូយនៅផ្សារ នាគមាស ធ្វើដំណើរពីកើតទៅលិច តាមផ្លូវទំនប់ ។ ដោយឡែកក្រុមយុវជនស្រវឹងស្រាឈ្មោះ ឃុន ដែន និងសុខ ម៉េត ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1J-5921 ធ្វើដំណើរពីលិចទៅកើត បញ្ច្រាសទិសគ្នា ជាមួយបុរសរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ ក្រុមយុវជនដែលស្រវឹងស្រានោះ បានជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុកបុរសឈ្មោះ លី សុខា ជាម្ចាស់ម៉ូតូ SUZUKI VIVA  បណ្តាលឲ្យ ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅជិតដល់មន្ទីរពេទ្យ និង យុវជនពីរនាក់ ដែលបង្កហេតុនោះ ម្នាក់រងរបួស ធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុ យុវជនពីរនាក់ខាងលើនេះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពបុរសរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចជំនាញ ដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំ ដោះស្រាយតាមនីតិវីធីច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]