ខេត្តបន្ទាយមានជ័យ ៖ តាំងពីព្រលប់ថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣នេះ ផ្លូវជាតិលេខ៥ ត្រង់ចំណុចសួនស្ពរ័ ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្រុកមង្គលបុរី និង ខេត្តបាត់ដំបង ដែលទឹកជំនន់កំពុង ជនលិចហូរកាត់ផ្លូវនោះ ពេលនេះ បានធ្វើឲ្យ រថយន្ត តូចធំជាច្រើនបានកកស្ទះចរាចរណ៍ យ៉ាងណែនមិនអាច ធ្វើដំណើរបានឡើយ ។

ក្នុងហេតុការណ៏នោះ គេបានឃើញរថយន្តតូចធំ ដូចជា រថយន្តក្រុង រថយន្តដឹកទំនិញយីឌុប  គោរយន្ត រថយន្ត តូចធំ រាប់រយគ្រឿង បានកក ស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ដែលជន់លិចខ្លាំង ពីក្រុងសិរីសោភ័ណ ដល់ស្រុកមង្គលបុរី ។ ផ្លូវជាតិលេខ៥ ចំណុចនោះ គឺត្រូវទឹក លិចច្រោះដាច់ កន្លែងខ្លះរាក់ កន្លែងខ្លះជ្រៅ មានពេលខ្លះរថយន្តធុនតូច បើកបរឆ្លងកាត់បណ្តាលឲ្យ ទឹកជ្រាបចូលរថយន្តនិងក្រឡាប់ លើសពីនេះអ្នកជិះម៉ូតូអាច ដួលបាក់កស្លាប់ ដោយសារធ្លាក់ជង្ហុកជ្រៅៗ ។

ក្រោយពីមាន ការកកស្ទះចរាចរណ៍ អស់ជាច្រើនម៉ោង ប្រជាពលរដ្ឋ មន្ត្រីរាជការ ភ្ញៀវទេសចរណ៍ ជា ច្រើន អ្នកមិនអាច ធ្វើដំណើរបាន នៅព្រឹក នេះគេបានឃើញវត្តមាន លោក ឈុំ វណ្ណរឹទ្ធ និងលោក អ៊ី ឡុង អភិបាល រងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ស្ថានភាពកន្លែង កើតហេតុ។ អាជ្ញាធរខេត្ត បាន បញ្ជូនកម្លាំង អ ហ និង នរគបាលខេត្ត ជាង២00នាក់ ចុះអន្តរាគមន៍ និងច្រកដីដាក់ការរ៉ុង ទប់ទឹកនិង ដាក់បំពេញកន្លែង ដែលមានជង្ហុក ដើម្បីសម្រួលចរាចរណ៍ ជូនអ្នកដំណើរផងដែរ។

លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អំឡុង ពេលទឹកជំនន់ កំពុងហូកាត់ផ្លូវជាតិលេខ៥ នេះ លោកបានដឹកនាំក្រុមការងារ ច្រកថ្មមិច ដាក់ការរ៉ុង លុបបំពេញ ជង្ហុកជ្រៅ ដើម្បីឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក៏ដូចជាអ្នកដំណើរ បណ្តោះអាសន្នសិន   បញ្ជៀស ពួកគាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រង់ចាំទឹកស្រកខាង មន្ទីរនឹងធ្វើការ ជួសជុលផ្លូវ ដែលខូចខាតឡើងវិញ។

គិតមកដល់ម៉ោង១១នេះ រថយន្តទាំងនោះត្រូវបាននគរបាល និង កម្លាំង អ ហ ធ្វើចរាចរណ៍ឲ្យឆ្លង ទៅ មកបានជាបណ្តើរៗហើយ ចំពោះរថយន្ត ណាជាប់ផុង មានរថយន្តដំរីទឹករបស់ អ ហ ខេត្តចាំជួយទាញ ចេញពីទឹក៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]