ភ្នំពេញ ៖ គ្រាន់តែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី បានកើតឡើងបន្តបន្ទាប់គ្នា នៅតាមបណ្តោយផ្លូវទេពផន ក្នុងសង្កាត់ទឹកល្អក់ទី២ និងទឹកល្អក់ទី៣ ខណ្ឌទួលគោក បង្កឲ្យអ្នកធ្វើដំណើរ ៥នាក់ រងរបួសធ្ងន់ស្រាល ។

ករណីទី១ គ្រោះថ្នាក់ចរាចរណ៍ នាយប់រំលងអធ្រាត្រចូលថ្ងៃទី១ ខែឧសភា បានក្លាយទៅជាអំពើហិង្សា បង្កឲ្យអ្នកធ្វើដំណើរ ៣នាក់ រងរបួសបែកមុខបែកមាត់ ក្នុងនោះមានស្រីម្នាក់ ។

គ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា ហើយភាគីម៉ូតូដែលមានគ្នា២នាក់ បានចុះមកវាយភាគីម៉ូតូ ដែលមានគ្នា៣នាក់ ក្នុងនោះស្រីម្នាក់ បណ្តាលឲ្យរងរបួស រួចភាគីបង្កបានរត់គេចខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូទាំងពីរគ្រឿង ទៅអធិការនគរបាលខណ្ឌ ដើម្បីរង់ចាំ ការដោះស្រាយ ។ គ្រោះថ្នាក់ចរាចរណ៍ ដែលឈានឲ្យមានអំពើហិង្សាកើតឡើងខាងលើនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវទេពផន ទល់មុខហាងអង្គរសំរឹទ្ធ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍ទី២ ដែលកើតឡើងក្រោយបន្តិច តាមបណ្តោយផ្លូវទេពផន មុខភោជនីយដ្ឋានបៃតង សង្កាត់ទឹកល្អក់ទី៣ គឺបណ្តាលមកពីនគរបាលខណ្ឌទួលគោកទើបនឹងចូលថ្មីម្នាក់ ក្នុងអាការស្រវឹងខ្លាំង បានបើកម៉ូតូបុកអ្នកបើកម៉ូតូសង់កូរ៉េ បណ្តាលឲ្យរងរបួសទាំងសងខាង ។

យ៉ាងណាក៏ដោយ ជនរងគ្រោះទាំង ៥ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណឡើយ ខណៈពួកគេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]