ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យ២៧ឆ្នាំម្នាក់រត់ចោល ប្តីនិងកូនតូច៣នាក់ដោយគ្មាន អាឡោះអាល័យស្នេហ៍គ្រាដំបូង ដែលផ្អែមល្ហែមជាងទឹកឃ្មុំ មិនគួរណាមុំរួមរស់ជាមួយគ្នាបាន ទាំងបុត្រភ្ងា៣នាក់ បែរជានាងបោះបង់គ្មានស្តាយស្រណោះ អាឡោះអាល័យដល់ប្តីនិង កូនតូចៗទាំង៣នាក់ឡើយ ។ រឿងរ៉ាវស្នេហានិរាសព្រាត់ ប្រាសទាំងអស់នេះបាន កើតឡើងនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ។ ជួបជាមួយភ្នាក់ងារកោះសន្តិភាព កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី១២ តុលា បុរសជាឪពុកក្មេកស្ត្រីរត់ ចោលប្តីបានរៀបរាប់ថា គាត់មានឈ្មោះប្រេន ប៊ន អាយុ៦៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ ចំណែកកូនប្រុសបង្កើតឈ្មោះលុយ សុផាន អាយុ៣០ឆ្នាំ ប្រពន្ធដែលរត់ចោលប្តីនិងកូននោះឈ្មោះប៊ន ស៊ីណាត អាយុ២៧ឆ្នាំ ។

ប្រភពពីបុរសជាឪពុកក្មេកដដែលបានបន្តថា ពួកគេបានរៀបការស្របច្បាប់ដោយម្តាយ ទុកឪពុកដាក់បានជាង៧ឆ្នាំហើយ ដោយបានកូន៣នាក់ប្រុស២ ស្រី១ កូនបងអាយុ៧ឆ្នាំ និងកូនស្រីពៅអាយុ១ខួប ។ ពួកគេពុំដែលមាន ទំនាស់ជាដុំកំភួននឹងគ្នានោះទេ ។ នៅថ្ងៃកើតហេតុដែលកូនប្រសាចុះចោលប្តី និងកូនស្រីគឺនៅថ្ងៃចន្ទ ទី៧ តុលា ឆ្នាំ២០១៣ ។ នៅថ្ងៃនោះកូនប្រសាស្រីគាត់ បានបញ្ឆោតពួកគាត់ជាម្តាយឪពុកថា ឱ្យជូនទៅរកផ្ទះជួលស្នាក់នៅដើម្បីរៀន ដេរនៅផ្សារក្រោមទីរួមខេត្តកំពង់ឆ្នាំង ។ ថ្ងៃនោះពួកគាត់ក៏យល់ព្រមដោយទុកប្តី នៅផ្ទះឱ្យមើលកូនតូចទាំង៣នាក់ ហើយពួកគាត់ បើកកាណូតជូនកូនប្រសាស្រី មកដល់មាត់កំពង់ ផែផ្សារក្រោមនៅម៉ោង៩ព្រឹក ពេលនោះពួកគាត់នៅចាំកាណូតដោយ ឱ្យកូនប្រសាស្រីឡើងទៅលើរកផ្ទះជួល ។ ប្រភពដដែលបន្តថា ដោយសារបាត់យូរពេករហូតមកដល់ម៉ោង ១២ថ្ងៃត្រង់ទៅហើយនៅតែមិនឃើញកូនប្រសា ស្រីត្រឡប់មកវិញទៀត គាត់ក៏បានទូរស័ព្ទទៅសួរ ហើយត្រូវកូនប្រសាស្រីប្រាប់ថា ឱ្យពួកគាត់ទៅផ្ទះមុន នាងនឹងជិះកាណូតទៅតាមក្រោយ ។ ពួកគាត់ជាឪពុកម្តាយក៏ត្រឡប់ទៅផ្ទះមុន ។ ប៉ុន្តែនៅម៉ោង៥ល្ងាចថ្ងៃដដែល នៅតែមិនឃើញកូនប្រសាគាត់ត្រឡប់មកវិញទៀត គាត់ក៏ទូរស័ព្ទម្តងទៀត ប៉ុន្តែមិនអាចទាក់ទងបានទេ ព្រោះនាងបានបិទទូរស័ព្ទ ហើយចាប់តាំងពីពេលនោះ មកនាងក៏បាត់ដំណឹងឈឹង លេខទូរស័ព្ទដែលនាងប្រើគឺនាងបិទចោល មិនអាចទាក់ទងបានរហូតមកដល់ពេលនេះ ។ ចំពោះលុយកាប់ជាប់ខ្លួននោះនាងមាន បន្តោងខ្សែកមាសទម្ងន់៥ហ៊ុន និងប្រាក់២០ម៉ឺនរៀល ។

បុរសជាឪពុកក្មេកនិយាយបន្តថា កូនប្រុសគាត់ស្លូតបូតខ្លាំងណាស់ មិនសូវចេះនិយាយស្តីច្រើនទេ និងមានមុខរបរជាជាងសំណង់ ។ គាត់សម្រេចចិត្តចុះផ្សាយក្នុង ទំព័រកាសែតនេះ ព្រោះអាណិតកូនប្រុសគាត់ និងចង់ឱ្យបានដឹងដល់កូនប្រសាស្រីគាត់ បើបានដំណឹងហើយសូម ប្រញាប់មកមើលប្តីនិងកូនតូចៗទាំង៣នាក់ផង ព្រោះសព្វថ្ងៃនេះប្តីទៅប្រកបរបរឯណាមិនរួចឡើយ ដោយសារតែកូនស្រីតូច មានអាយុ១ខួបវាធ្វើទុក្ខខ្លាំងពេកតាំងពីបាត់ម្តាយវាទៅ និងឈឺទៀតផង ណាផ្ទះក៏លិចទឹកទៀតទៅណាមិនរួចឡើយ ។ បើកូនស្រីដឹងដំណឹងនេះសូម ទូរស័ព្ទមកផ្ទះឱ្យបានដឹងផង ក៏អស់ចិត្តដែរ ។ បុរសស្វែងរកកូនប្រសាស្រីរូបនោះបាន បញ្ជាក់ចុងក្រោយថា ថ្វីដ្បិតថាពួកគេមិនសូវដែលឃើញមានទំនាស់នឹងគ្នាជាដុំកំភួនមែន ប៉ុន្តែក្នុងអំឡុងប៉ុន្មានថ្ងៃមុន ពេលកូនប្រសាស្រីបាត់ខ្លួននេះ គាត់បានសង្កេតឃើញកូនប្រសាស្រីតែងតែទទួលទូរស័ព្ទ ហើយតែងរត់រកកន្លែងស្ងាត់ មិនឱ្យក្រុមគ្រួសារស្តាប់ឮ និងក្រោយពេលបាត់ទៅប៉ុន្មានថ្ងៃមុននេះ នាងបានទូរស័ព្ទមកលេងមិត្តភក្តិក្នុងភូមិ ដោយបបួលគេទៅលេងភ្នំពេញ និងបានប្រាប់ថានៅម្តុំផ្សារអូរឫស្សី ។

លោកផេង មើុ នាយនគរបាលប៉ុស្តិ៍កំពង់អុស បានប្រាប់តាមទូរស័ព្ទថា គ្រួសារខាងប្តីនៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ តែពេលបានប្រពន្ធអ្នកភូមិកំពុងអុស ក៏នាំគ្នាមករស់នៅភូមិកំពង់អុសតែម្តង ។ គាត់មិនដឹងថាវិបត្តិគ្រួសារនេះយ៉ាងណានោះទេ តែជាង១សប្តាហ៍ទៅហើយដែលនាងជា ប្រពន្ធបានបាត់ចេញពីផ្ទះពិតមែន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]