ភ្នំពេញ ៖ រថយន្ដកូរ៉េចំណុច ១,៥តោន ដែលដឹកឈើគ្រញូង រាប់រយគីឡូក្រាម អម ដោយរថយន្ដ កាមរីឆ្លាមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-7284 បិទគូថ ពីក្រោយ បានបើករត់គេចពីការ តាមប្រមាញ់របស់សមត្ថកិច្ច ដោយឆ្លងកាត់ចំនួន៣ខណ្ឌ ថែមទាំងបើកបុកសមត្ថកិច្ច ធ្វើឱ្យមានការ ភ្ញាក់ផ្អើល ទាំងយប់ ហើយទីបំផុតត្រូវបាន កម្លាំងសមត្ថកិច្ច ចាប់បានរថយន្ដទាំងពីរគ្រឿងនិងអ្នកពាក់ព័ន្ធចំនួន៤នាក់ ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ឈ្មួញដឹកឈើគ្រញូងបង្កការភ្ញាក់ផ្អើលទាំង កណ្ដាលអាធ្រាត្រនៅរាជធានីភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលង អាធ្រាត្រចូលថ្ងៃទី០១ ខែឧសភា ដែលបាន ដឹកឈើគ្រញូងតាំងពីស្រុកឱរ៉ាល់ ខេត្ដកំពង់ ស្ពឺ ឆ្លងកាត់ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែន សុខ និងខណ្ឌទួលគោក ហើយត្រូវបានសមត្ថ កិច្ចចាប់បាននៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានបន្ដថា មនុស្សពាក់ព័ន្ធចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ក្នុងនោះអ្នកបើកនិងជិះនៅលើរថយន្ដកូរ៉េ ចំនួន៣នាក់ រួមមានទី១ឈ្មោះហួង ហេង អាយុជាង៣០ឆ្នាំ ទី២ឈ្មោះគង់ ហុន អាយុ ៣៥ឆ្នាំ និងទី៣ មិនទាន់ស្គាល់អត្ដសញ្ញាណ ។ រីឯអ្នកបើករថយន្ដកាមរីឆ្លាមបិទគូថ ឈ្មោះគឹម ហាក់ ។ ឈ្មោះគឹម ហាក់នេះ បាននិយាយថា ខ្លួនបានដឹកឈើគ្រញូងចេញ ពីស្រុកឱរ៉ាល់ ឆ្ពោះមកដេប៉ូមួយកន្លែងនៅ ខណ្ឌទួលគោក ដែលម្ចាស់ដេប៉ូឈ្មោះតាម៉ាន ហើយអះអាងថា គឺដឹកឱ្យបងរបស់ខ្លួន។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដដឹកឈើ គ្រញូងខាងលើនេះ បានបើករត់គេចចេញពី សមត្ថកិច្ចតាំងពីខណ្ឌពោធិ៍សែនជ័យ រួចហើយបើកបុកបារ៉ាស់ និងដេញបុកសមត្ថ កិច្ច ទើបមកដល់ខណ្ឌទួលគោក សមត្ថកិច្ច ចាប់បានតែម្ដង ។

នៅកន្លែងកើតហេតុ គេសង្កេតឃើញ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត ដែលបានបញ្ជាឱ្យសមត្ថកិច្ចវ៉ៃ ខ្នោះ ជនទាំង៤នាក់ រួចបញ្ជូនទាំងរថយន្ដ និងមនុស្សទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយបន្ដទៀត៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]