ខេត្តកំពង់ចាម៖ បុរសនេសាទម្នាក់ឈ្មោះ ឡាំង ស៊ីម អាយុ ៣១ ឆ្នាំ រស់នៅភូមិបឹងធំ ឃុំមៀន ស្រុកព្រៃឈរ បានបាត់ពីផ្ទះតំាងពីយប់ថ្ងៃទី ៩ តុលា ២០១៣ ធ្វើឲ្យក្រុមគ្រួសារនាំគ្នាតាមរកគ្រប់ទិសទី ថែមទាំងបានប្តឹងសមត្ថកិច្ចឲ្យជួយតាមរកផងដែរ ។

រហូតមកដល់វេលាម៉ោងជាង៨ព្រឹកថ្ងៃទី ១១តុលា ទើបឃើញសពបុរសខាង លើផុសអណ្តែតនៅលើផ្ទៃទឹកបឹងធំ ដោយមានស្នាមកាប់និងវាយរហូតដល់ ១៤កន្លែងត្រូវបានសមត្ថកិច្ចសង្ស័យជាករណី ឃាតកម្មសម្លាប់បំបិទមាត់ ។
តាមលោកវរសេនីយ៏ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះតែងតែចេញ ពីផ្ទះទៅរាយមងនៅចំណុចបឹងធំ ដែលមានចំងាយប្រហែលជា២គីឡូម៉ែត្រពីផ្ទះ ដើម្បីរកត្រីដោះស្រាយជីវភាពគ្រួសារ ។ លោកអធិការនគរបាលស្រុកព្រៃឈរ បានប្រាប់បន្តថា រហូតមកដល់ព្រឹកថ្ងៃទី១០ តុលា ពេលដែលបាត់មិនឃើញបុរសឈ្មោះ ស៊ីម ត្រឡប់មកផ្ទះវិញក្រុមគ្រួសារក៏នាំគ្នា ចេញទូកទៅតាមរកនៅលើផ្ទៃទឹកបឹងធំ ។ បែរជាប្រទះឃើញទូកឈើរបស់ជនរងគ្រោះ និងច្រវ៉ាមួយបាក់តែមិនបានឃើញមនុស្សនោះទេ ក៏នាំគ្នាត្រឡប់មកផ្ទះវិញ ហើយប្តឹងសមត្ថកិច្ចប៉ុស្ត៏រដ្ឋបាលឃុំមៀន ឲ្យជួយអន្តរាគមន៏តាមរកស្ទើរតែគ្រប់ទិសទី ។ រហូតមដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី ១១ តុលា ២០១៣ សពបុរសឈ្មោះ ស៊ីម ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញអណ្តែតនៅលើផ្ទៃទឹកបឹង ជាកន្លែងមានជំរៅរហូតដល់ទៅ៥ម៉ែត្រ ។

នៅលើសាកសពមានស្នាមកាប់ត្រូវក្បាល និងវាយលើខ្លួនប្រាណរហូតដល់ទៅ១៤កន្លែងឯណោះ ទើបសមត្ថកិច្ចសន្និដ្ឋានថាជា ករណីឃាតកម្ម ហើយត្រូវបានរូបលោកអធិការស្រុកព្រៃឈរ ចាត់កម្លាំងជំនាញចុះទៅសហការ ជាមួយនឹងប៉ុស្ត៏រដ្ឋបាលឃុំមៀន ធ្វើការស្រាវជ្រាវជាបន្ទាន់ដើម្បីរកជនដៃដល់ ។ តាមការសួរនាំពីអ្នកភូមិ មុនពេលស្លាប់ពីរបីថ្ងៃបុរសឈ្មោះ ស៊ីម បានប្រាប់ថា « ប្រសិនបើរូបគាត់ស្លាប់គឺ មានតែបុរសឈ្មោះ មេន ម្នាក់គត់ » ពេលដែលទទួលបាននូវការបំភ្លឺបែបនេះ នៅព្រឹកថ្ងៃទី១៣តុលា បុរសឈ្មោះមេន រួមជាមួយនឹងសមាជិកក្រុមគ្រួសារចំនួន២នាក់ទៀត ត្រូវបានសមត្ថកិច្ចហៅមកសួរនាំនៅ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។ លោកវរសេនីយ៏ត្រី កែវ ស៊ាងហ៊ន់ បានបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់មិនទាន់ឆ្លើយសារភាព នូវឡើយទេមកដល់លា្ងចថ្ងៃអាទិត្យនេះ និងត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ ចំពោះជម្លោះកន្លងមករវាងជនសង្ស័យនឹងអ្នក ស្លាប់គឺពីរឿងលួចយកមកង ដាក់ត្រីនៅក្នុងបឹងធំនោះ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]