រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតយា៉ង អាណោចអាធ័មបំផុត ដោយអំពើអារ.កសម្លាប់ នៅក្នុងបន្ទប់ផ្ទះឈើរបស់ខ្លួនជាន់ទី១ គឺផ្ទះលេខ២៦៨ ក្រុមទី១៨ ផ្លូវលេខ៦៤៤ ភូមិដើមមា៉ក់ឃ្លើ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។ ក្នុងហេតុការណ៍អារ.កសម្លាប់គួរឱ្យរន្ធត់នេះ បានកើតមានឡើងនៅវេលា ម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ តុលា ។

ស្ត្រីរងគ្រោះឈ្មោះ ហួ៊រ លីជួរ អាយុ៣៤ឆ្នាំ ជាកូនប្រសារថៅកែសំណង់ម្នាក់ នៅសង្កាត់ច្បារអំពៅ ដែលបុរសជាប្តីមានមុខរបរជា អ្នកបើកអីុនធើរណិត ។ តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍ ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះស្នាក់នៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១ ជាមួយកូនប្រុសតូចម្នាក់ ដែលមានអាយុជាង១ខួប ដោយមិនដឹងថាឃាតករចូលធ្វើសកម្មភាពអារ.ក សម្លាប់តាំងពីពេលណានោះឡើយ ។ ប៉ុន្តែហេតុការណ៍ភ្ញាក់ផ្អើលខាង លើនេះបានកើតឡើង បន្ទាប់ពីបុរសជាប្តីបានត្រឡប់មកពីក ន្លែងប្រកបអាជីវកម្មអីុនធើរណិតវិញ ហៅប្រពន្ធឱ្យបើកទ្វារតែមិនឆ្លើយ ហើយឮសូរកូនតូចស្រែកយំទ្រហឹងទៅវិញ ក៏ស្ទុះឡើងទៅលើផ្ទះច្រានទ្វារចូល ស្រាប់តែឃើញប្រពន្ធដេកស្លាប់ក្នុងថ្លុក ឈាមយា៉ងអាណោចអាធ័មលើគ្រែពូកទៅហើយ ធ្វើឱ្យបុរសជាប្តីមានការតក់ស្លុតរន្ធត់ ចិត្តយា៉ងខ្លាំង រត់ចុះមកក្រោមហៅគេឯងឱ្យជួយ ។
ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានដឹក នាំដោយលោក ពៅ ហ៊ួត ចៅសង្កាត់ច្បារអំពៅទី១ និងសមត្ថកិច្ចចម្រុះរបស់ខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅនគរបាលជំនាញចុះធ្ វើកោសល្យវិច័យពិនិត្យសាកសព ។

ក្រោយពេលពិនិត្យត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា ស្ត្រីខាងលើពិតជាស្លាប់ដោយសារ អំពើឃាតកម្មអារ.កសម្លាប់ពិតប្រាកដមែន ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថា ជារឿងឃាតកម្មដោយគំនុំឬ ក៏ប្លន់យកទ្រព្យសម្បត្តិនៅ  ឡើយទេ ។ ដោយឡែកប្រភពក្រៅផ្លូវការមួយបានឱ្យដឹងថា ករណីនេះអាចជាអំពើប្លន់សម្លាប់ យកទ្រព្យសម្បត្តិមានតម្លៃនៅក្នុងផ្ទះ ។ ចំពោះការលើកឡើងយា៉ងដូច្នេះ ដោយសារសមត្ថកិច្ចបានពិនិត្យជាក់ស្តែង នៅក្នុងផ្ទះឃើញមានស្លាកស្នាមរើកកាយ ពាសពេញនៅក្នុងបន្ទប់ស្ទើរគ្រប់ទីកន្លែង ។ ទោះបីជាមានការសន្និដ្ឋានបែបនេះក្តី ក៏ពុំទាន់ត្រូវបានក្រុមគ្រួសារ ស្ត្រីរងគ្រោះម្នាក់ណាបញ្ជាក់ថា នៅក្នុងផ្ទះកើតហេតុមានបាត់បង់ទ្រព្យ សម្បត្តិអ្វីជាសំខាន់នៅឡើយទេ ។ លំនៅឋានខាងលើនេះ ជនរងគ្រោះទើបនឹងទិញបានមួយរយៈខ្លីប៉ុណ្ណោះ និងកំពុងជួសជុលឱ្យស្អាតឡើងវិញ ។ ដូច្នេះករណីស្លាប់នេះ កំពុងស្ថិតនៅជាអាថ៌កំបាំងនៅឡើយ ។ ប៉ុន្តែជាការពិតណាស់ ឃាតករដៃដល់ដែលចូលក្នុងបន្ទប់ដំណេកអារ.កសម្លាប់ បែបនេះបានបង្ហាញថា អាចជាមនុស្សស្គាល់គ្នា ឬធ្លាប់ចេញចូលផ្ទះនេះផងដែរ ទើបអាចធ្វើសកម្មភាពបែបនេះបាន ។ ម្យា៉ងទៀតការសម្លាប់នេះអាចមានគម្រោងការ គិតទុកជាមុនផងដែរ គឺចំពេលដែលមិនមានអ្នកណានៅក្នុងផ្ទះ ក្រៅតែពីស្ត្រីរងគ្រោះនិងកូនតូចម្នាក់ប៉ុណ្ណោះ ។

ជុំវិញអំពើអារ.កសម្លាប់ខាងលើនេះ អ្វីជាការតក់ស្លុតបំផុត គឺទាំងសមត្ថកិច្ចក៏ដូចជាអ្នកជិតខាង និងអ្នកឃើញហេតុការណ៍ទាំងអស់ មានក្តីតក់ស្លុតក្នុងចិត្តឥតឧបមា ពេលដែលឃើញកូនប្រុសតូចរបស់ស្ត្រីរងគ្រោះយំលូនចេញពីថ្លុកឈាមរបស់ម្តាយ ទាំងរូបកាយប្រឡាក់ឈាមកក្លាក់ ដែលរូបគេមិនដឹងថាម្តាយរបស់ខ្លួន បានស្លាប់បាត់បង់ជីវិតចោលនោះឡើយ ។ តាមសាក្សីអ្នកជិតខាងបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះ មានផ្ទៃពោះប្រមាណ៣ខែមកហើយ ត្រូវស្លាប់បាត់បង់ជីវិតជាមួយទារកនៅក្នុងផ្ទៃនោះផង ។

គួរបញ្ជាក់ថា អ្វីដែលគួរឱ្យសោកស្តាយនោះគឺ លំនៅឋានខាងលើនេះ មានបំពាក់កាមេរា៉សុវត្ថិភាពដែរ ប៉ុន្តែដោយសារមានការជួសជុលលំនៅឋាន ទើបកាមេរា៉មិនអាចដំណើរការបាន។ ហេតុនេះទើបសមត្ថកិច្ចកំពុងងងឹតមុខឈឹងក្នុងការវែកមុខឃាតករ ដោយសារនៅកន្លែងកើតហេតុមិនមានបន្សល់ទុកនូវភស្តុតាងអ្វីបន្តិចសោះ សូម្បីតែកាំបិតដែលធ្វើសកម្មភាពក៏រកមិនឃើញដែរ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]