ក្រុងប៉ោយប៉ែត ៖ គ្រួសារមួយបានជួបឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់លើ ដងផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខណៈដែលជិះម៉ូតូបុករថយន្តដឹកកុងតឺន័រ ពីក្រោយក្នុងពេលឡើងជែង បណ្ដាលឲ្យស្លាប់ប្ដីប្រពន្ធកូនក្នុងផ្ទៃ និងកូនស្រីតូចៗ ២នាក់ទៀត រងរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ២៧នាទី រសៀលថ្ងៃទី១២ តុលា ២០១៣។

គ្រួសាររងគ្រោះខាងលើ បុរសជាប្ដីឈ្មោះ ឈូក សុខហ៊ីង អាយុ ៣១ឆ្នាំ ប្រពន្ធឈ្មោះ បារាំង អាយុ ២៥ឆ្នាំ និងកូនក្នុងផ្ទៃ អ្នកស្រុកប្រាប់ថា ប្រហែលជា ៧ខែ បានស្លាប់ ចំណែកកូនស្រី ២នាក់ ដែលរួមដំណើរម្នាក់ឈ្មោះ ហ៊ីង សុជា អាយុ ៦ឆ្នាំ និងម្នាក់ទៀតអាយុ ៣ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ក៏បានរងរបួសធ្ងន់ធ្ងរផងដែរ គឺនាងតូចជាងគេដង្ហើមចង្រឹតត្រូវបាន រថយន្តសង្រ្គោះរបស់អង្គការកាំម៉ា ដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ គ្រួសារនេះ ស្នាក់នៅក្នុងភូមិកើតហេតុ ដោយជនរងគ្រោះជាប្ដីជាអ្នករត់ម៉ូតូឌុប។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ០១F.៨០៥២ ដឹកប្រពន្ធ និងកូន មកពីទិសខាងលិច លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្តដឹកកុងតឺន័រពីក្រោយជ្រុងខាងឆ្វេង ដោយជាប់សក់ជនរងគ្រោះនៅ នឹងដែកជ្រុងរថយន្ត បន្ទាប់មកក៏ដួលបោកក្បាលស្លាប់ទាំង ២នាក់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអាណោចអាធ័ម ហើយកូនស្រី ២នាក់ ក៏របួសធ្ងន់។

ចំណែករថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ៣A.១១៧៨ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ និងម៉ូតូ បានបើកស្របទិសគ្នាពីលិចទៅកើត ស្រាប់តែមានរថយន្តឡិចស៊ីសកូនកាត់ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២I.១៧៤៧ បើកពីក្រោយស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុដោយម៉ូតូ រងគ្រោះឡើងជែងរថយន្តដឹកកុងតឺន័រ ក៏បានរេចង្កូតបុករថយន្តដឹកកុងតឺន័រពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ និងរបួសរដូករណែលពេញផ្លូវតែម្ដង។

ប្រភពខ្លះសង្ស័យថា អាចដោយសារពេលម៉ូតូឡើង ជែងរថយន្តធំបានប៉ះរថយន្តឡិចស៊ីស ទើបរេចង្កូតងាកមករកស្ដាំវិញ ក៏ទៅបុករថយន្តដឹកកុងតឺន័រនោះ ពេញទំហឹង។ រថយន្តឡិចស៊ីសជាប់ពាក់ព័ន្ធក្រោយកើតហេតុ មានស្រ្តីម្នាក់បានឡើង បើកបន្តដំណើរទៅទិសខាងកើត តែត្រូវសមត្ថកិច្ចតាមឃាត់មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ជាមួយរថយន្តដឹកកុងតឺន័រ និងម៉ូតូ។

តាមសមត្ថកិច្ចបានប្រាប់ថា ហេតុការណ៍ខាងលើម៉ូតូរង គ្រោះក្រោយពីបុករថយន្តដឹកកុងតឺន័រស្លាប់ ក៏ខ្ទាតម៉ូតូទៅចូលរថយន្តឡិចស៊ីសតែប៉ុណ្ណោះ ដោយរថយន្តឡិចស៊ីសមិនបានបុកម៉ូតូរងគ្រោះទេ។ ចំណែកសពជនរងគ្រោះត្រូវបានសាច់ ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]