ភ្នំពេញ៖ លំនៅឋានមួយ ត្រូវរងការខូចខាតទាំងស្រុងតែម្តង ដោយសារតែទឹកជំនន់ បានកើតឡើងពេលធ្វើឲ្យសសរក្រោម ទ្រមិនបានក៏ស្រុត ទៅក្នុងទឹកស្ទឹងព្រែកត្នោតបាត់ លិចបាត់ឃើញតែដំបូលផ្ទះ កាលពីវេលាម៉ោង ១៩ និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលាឆ្នាំ ២០១៣ ។ ផ្ទះមួយខ្នងខាងលើ ស្ថិតនៅតាមមាត់ស្ទឹងព្រែកត្នោត ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

យោងតាម ប្រភពព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមួយខ្នងនេះ មានឈ្មោះ ឡាយ ណាវី ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរនៅផ្ទះ ។

ស្រ្តីម្ចាស់ផ្ទះឈ្មោះ ឡាយ ណាវី បានឲ្យដឹងថា ផ្ទះរបស់គាត់មានទំហំបណ្តោយ ៩ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ធ្វើជញ្ជាំងថ្ម ជើងសសរថ្ម នឹងដំបូល ប្រកស័ង្កសី  ដោយទើបតែធ្វើរួចរាល់ នៅពាក់កណ្តាល ខែកញ្ញា ឆ្នាំ ២០១៣ នេះតែប៉ុណ្តោះ ផ្ទះ មួយខ្នង នេះ សង់ចំណាយទឹកប្រាក់អស់ជាង ១ម៉ឺនដុល្លារ អាមេរិកឯណោះ ។ ស្រ្តីខាងលើបន្តថា មុននឹងកើតហេតុ មានហេតុការណ៍ស្រុតផ្ទះនេះគឺ នៅក្នុងស្ទឹងព្រែកត្នោត មានទឹកជំនន់ កើនឡើងគួរឲ្យកត់ សម្គាល់ ហើយរូបគាត់នឹងក្រុមគ្រួសារ ចេះតែមានអារម្មណ៍ភ័យខ្លាច ការស្រុត សសរផ្ទះផងដែរ ទើបរហូតមកដល់ ម៉ោងកើតហេតុស្រាប់តែផ្ទះរបស់គាត់យោលទៅដូចទោង ។ ភ្លាមៗនោះនាង នឹងក្រុមគ្រួសារ បាននាំគ្នារត់ ចេញពីក្នុងផ្ទះ ដោយមិនទាន់បាន ប្រមូលសម្ភារផង ក៏ស្រាប់តែទឹក ហូរបោកសសរ ផ្ទះបណ្តាលឲ្យបាក់រលំស្រុតផ្ទះលិច ចូលទៅក្នុងទឹកទន្លេ ឃើញតែដំបូលតែម្តងទៅ ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង ភ្លាមក៏បានបញ្ជាឲ្យ ក្រុមប្រជាការពារ ភូមិចុះមកសហការជាមួយ នឹងប្រជាពលរដ្ឋ នៅម្តុំកន្លែងកើតហេតុ ឲ្យយកខ្សែពួរទៅចង់ផ្ទះលិច ទឹកកុំឲ្យហូរទៅតាមទឹក នឹងជួយចុះរាវយកសម្ភារៈ ដែលលិចចុះក្នុងទឹកស្ទឹងព្រែកត្នោត ខាងលើនេះ ។

នៅក្នុងហេតុការណ៍ មិនបណ្តាល មនុស្សណាម្នាក់ រងរបួសឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]