ខេត្ដមណ្ឌលគិរី ៖ ម៉ូតូសណ្ដោងរ៉ឺម៉កដឹកឈើប្រណីត ១គ្រឿង ត្រូវបានម្ចាស់ដុតឲ្យឆេះម៉ត់ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី១០ តុលា ២០១៣ នៅចំណុចគីឡូម៉ែត្រលេខ ១៣៣ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគិរី ខណៈដែលសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ ឃាត់ចាប់ពេលដឹកឈើ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានហេតុការណ៍ គេឃើញម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ដឹកឈើប្រណីតប្រភេទបេង ចំនួន ៤ដុំ មានមុខកាត់ ៣តឹកឡើងទៅ និងមានប្រវែងជាង ១ម៉ែត្រ ទៅ ២ម៉ែត្រ ចេញពីក្រុមហ៊ុនសុវណ្ណរាជសីហ៍ លុះមកដល់ចំណុចខាងលើក៏ជួបរថយន្ដ ២គ្រឿង ១គ្រឿង ម៉ាកធុនដ្រា និង ១គ្រឿងទៀត ម៉ាកកាមរីស្វិត ពណ៌ទឹកប្រាក់ របស់មេព្រៃ និងកម្លាំងសមត្ថកិច្ចកែវសីមា។

ប្រភពដដែលបន្ដថា ក្រោយមកក្រុមសមត្ថកិច្ច បានឃាត់រ៉ឺម៉កម៉ូតូខាងលើ ហើយឈ្មួញម្នាក់នោះ បានព្យាយាមចរចាជាមួយសមត្ថកិច្ច តែមិនត្រូវរ៉ូវគ្នា ទើបបណ្ដាលឲ្យម្ចាស់រ៉ឺម៉ក ឈានទៅដល់យកសាំងចាក់ដុតម៉ូតូ និងឈើប្រណីតចោលតែម្ដង ដោយសារតែការចរចាគ្នាមិនត្រូវរឿងលុយកាក់ ។ ប៉ុន្ដែ ត្រូវកម្លាំងសមត្ថកិច្ចនៅទីនោះ ជួយធ្វើអន្ដរាគមន៍ពន្លត់រលត់ទៅវិញ ចំណែកអ្នកដុតក៏បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សកម្មភាពឃាត់ម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកជញ្ជួនឈើនៅពេលនោះ មាន លោក ភាង នាយរងផ្នែករដ្ឋបាលព្រៃឈើកែវសីមា លោក ឈាង ណាក់ មន្ដ្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី រួមទាំងកម្លាំងសមត្ថកិច្ច ២រូបទៀតមិនបានស្គាល់ឈ្មោះ។

ដោយឡែក នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា និងអូររាំង លោក រឿង សុផាត បានអះអាងថា ពុំមានការចរចាគ្នារវាងសមត្ថកិច្ច និងឈ្មួញនោះទេ។ នៅពេលសមត្ថកិច្ចជំនាញកំពុងរកមធ្យោបាយដឹកជញ្ជូនវត្ថុតាងបទល្មើសយកទៅរក្សាទុកនៅទីស្នាក់ការផ្នែក ដើម្បីចាត់ការតាមច្បាប់ ស្រាប់តែម្ចាស់ម៉ូតូរ៉ឺម៉កដឹកឈើបានលួចចូលទៅដកទុយយោសាំង ហើយកេះដែកកេះដុតបញ្ឆេះរួចរត់គេចខ្លួនបាត់។ ក្រោយមក ម៉ូតូសណ្ដោងរ៉ឺម៉ក និងឈើចំនួន ៤ដុំ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ដើម្បីចាត់ការតាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]