ខេត្តប៉ៃលិន ៖ ក្រោយពីជំនន់ទឹកភ្លៀងលិចដីទីទួលខ្ពស់ និងលិចលំនៅដ្ឋាន ប្រជាពលរដ្ឋមួយចំនួន នៅខេត្តប៉ៃលិនរួចមក បណ្តាលឲ្យដីបាក់ ហូរធ្លាក់ចូលទៅក្នុងដងអូរនីមួយៗ លុះពេលទឹកស្រក អស់ទៅវិញបានបន្សល់ទុកនូវ កំទេចត្បូងតូចៗ កកក្រាំងនៅតាមមាត់អូរ និងក្នុងអូរ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក្មេងចាស់បុ្រសស្រី ដែលរស់នៅក្នុងភូមិនីមួយៗ បាននាំគ្នាស្ទុះស្ទារ រែងត្បូងយ៉ាងគគ្រឹកគគ្រេងដូចគេហែកឋិន។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១១ តុលា ២០១៣ ស្ថិតនៅក្នុងអូរភូមិសួនអំពៅលិច អូរភូមិសួនអំពៅកើត អូរភូមិបរតាំងយូ អូរភូមិបរយ៉ខា អូរភូមិបរហ៊ុយជើង អូរភូមិបរហ៊ុយត្បូង នៅក្នុងអូរភូមិអូរបេង និងក្នុងអូរភូមិជាច្រើនទៀត ក៏មានប្រជាពលរដ្ឋ ជាច្រើនកុះករនាំគ្នាអង្គុយរែងត្បូង បណ្ដាក់ដូចខ្យងទាំងទឹកមុខញញឹមញញែម ដាក់គ្នាទៅវិញទៅមក ហាក់ដូចជាសប្បាយរីករាយ ចំពោះមុខរបរមួយនេះ។

គេសង្កេតឃើញអ្នកខ្លះបានវេចបាយកញ្ចប់ លាយជាមួយប្រហុកកប់ យកពីផ្ទះទៅនាំគ្នាអង្គុយហូប ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ យ៉ាងឆ្ងាញ់ពិសារ នៅតាមមាត់អូរ អ្នកខ្លះមានដាក់នំចំណីពីផ្ទះ យកទៅហូបបណ្តើររែងត្បូងបណ្តើរ អ្នកខ្លះច្រៀងចម្រៀងបទ ”កម្មករត្បូង” ជាបទសម័យពីដើម ដែលតែង និងច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត យ៉ាងពីរោះរងំរណ្ដំ គួរឲ្យចង់ស្តាប់ស្ទើរតែមិនហ៊ានដើរចេញ ពីកន្លែងពួកគាត់រែងត្បូងនោះឡើយ។

ចំណែកអ្នកខ្លះទៀតបានស្រែកហ៊ោរកញ្ចៀវ ព្រោះបានពើបប្រទះនឹងកំទេចត្បូងពេជ្រ ដ៏មានតម្លៃនៅក្នុងកញ្ច្រែង ទោះបីជាព្រះសូរសែងបញ្ចេញរស្មីក្តៅបន្តិចមែន តែពួកគាត់នៅតែខិតខំញាប់ដៃជើង បន្តគាស់កកាយយកកំទេចថ្មមករែងថែមទៀត ។ ម្យ៉ាងវិញទៀត បើទោះបីជាត្បូងត្រូវប៉ាន់ជាច្រើន ត្រូវបានគេជីកយកអស់នៅសល់តែកំទេចតូចៗ ក៏ដោយ ក៏ពួកគាត់នៅតែខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់បំផុត។

បើតាមសម្តីបុរសម្នាក់ឈ្មោះ ឡម ឡន អាយុ ៣២ឆ្នាំ ជាកម្មករ និងប្រពន្ធឈ្មោះ តុត ពៅ អាយុ ៣០ឆ្នាំ មានស្រុកកំណើតរស់នៅភូមិក្រាំងស្វាត ឃុំស្នាមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរៀបរាប់ឲ្យដឹងថា គាត់បានមករស់នៅខេត្តប៉ៃលិន ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ អស់រយៈពេលជាង ១០ឆ្នាំ មកហើយ ដោយធ្វើជាកម្មករស៊ីឈ្នួលកាច់ពោត និងដកដំឡូងមីសម្រាប់ចិញ្ចឹមជីវិត លុះពេលទំនេរពីការងារទាំងនោះ ពួកគាត់បានប្រកបមុខរបរមួយបន្ថែមទៀត គឺនាំគ្នារែងត្បូងនៅតាមជ្រលងដងអូរ ដើម្បីបានកំទេចត្បូងយកទៅលក់ឲ្យឈ្មួញបានលុយកាក់យកទៅទិញអង្ករ និងម្ហូបអាហារទទួលទានបន្តរស់នៅ។

លោកបន្តថា គាត់អត់មានដីធ្លីនឹងគេទេ សូម្បីតែបន្តិច រាល់ថ្ងៃសុំដីគេស្នាក់នៅជាមួយប្រពន្ធកូន ហើយការប្រកបរបររែងត្បូងនេះ នៅរដូវភ្លៀងតាមអូរនានា ពិតជាសម្បូរកំទេចត្បូងតូចៗ ជាច្រើនមែន ដោយសារទឹកជំនន់បានឡើងខ្លាំងទាញនាំធ្លាក់មកក្រោម តែនៅរដូវប្រាំងពិបាករកកំទេចត្បូង បើយើងរែងនៅក្នុងបាតអូរ ដែលមានទឹករាក់ជួនកាលបានត្បូងមួយៗ មកធំគួរសម អាចលក់បានប្រាក់ច្រើនដែរ។

ចំណែកបុរសម្នាក់ឈ្មោះ សៀន ថុល អាយុ ២៦ឆ្នាំ មានស្រុកកំណើតរស់នៅភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ សព្វថ្ងៃរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ថា គាត់មករស់នៅខេត្តប៉ៃលិន ជាង ១០ឆ្នាំ មកហើយ ដោយប្រកបរបរធ្វើចម្ការ តែដោយឃើញទឹកជន់ឡើងខ្លាំងពេលស្រកទៅវិញគាត់ដឹងថា កំទេចត្បូងនឹងហូរតាមទឹកមកកកក្រាំងនៅតាមមាត់អូរ ដូច្នេះ គាត់បានត្រៀមខ្លួនជាស្រេចក្នុងការរែងយកកំទេចត្បូងទាំងនេះ។

គាត់បានចុះអូររែងត្បូងបានរយៈពេល ៣ ទៅ ៤ថ្ងៃ កន្លងមកហើយ ដោយថ្ងៃខ្លះបានកំទេចត្បូងច្រើនលក់បានប្រាក់ ៥ ទៅ ១០ម៉ឺនរៀល ថ្ងៃខ្លះទៀតបានតិច ហើយជួនកាលបានលើសនេះ តាមការហេង និងសយដែរ ព្រោះយើងមើលអត់ឃើញចេះតែរែងកន្លែងនេះ អត់បាន ប្តូរទៅកន្លែងផ្សេងទៀត តាំងពីព្រឹករហូតដល់ពេលល្ងាចទើបត្រឡប់ទៅផ្ទះវិញ ព្រោះគាត់បានវេចបាយកញ្ចប់មកហូបដែរ។

ចំណែកប្រជាពលរដ្ឋផ្សេងៗទៀត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ខេត្តប៉ៃលិន នៅតែមានត្បូងសម្រាប់ប្រជាពលរដ្ឋប្រកបរបររែង ពេលបានត្បូងយកមកលក់បានប្រាក់ចិញ្ចឹមជីវិត ព្រោះតាមអូរនីមួយៗ សុទ្ធតែមានកំទេចត្បូង បើសិនជាពួកគាត់តស៊ូរែងក្នុង ១ថ្ងៃ យ៉ាងហោចណាស់ក៏បាន ៤ ទៅ ៥ម៉ឺនដែរ ហើយបើពួកគាត់នៅផ្ទះអត់ធ្វើអ្វីសោះ ក៏អត់បានលុយសម្រាប់ទិញបាយហូបដែរ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]