ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅតែបន្តការគំរាមកំហែង តទៅទៀតមកលើ ខេត្តបន្ទាយមានជ័យ បានពន្លិចពន្ធនាគារខេត្ត រហូតធ្វើការជម្លៀសអ្នកទោស ជាង៨០០នាក់ ទៅកាន់ពន្ធនាគារខេត្តសៀមរាប និងបាត់ដំបង កាលពីរសៀលថ្ងៃទី១០ តុលា។

តាមរបាយការណ៍ព័ត៌មានថ្មីបានឱ្យដឹងថា នៅរសៀលថ្ងៃទី១១ តុលា ទឹកជំនន់បានហូរចូលស្ថានីយ ផ្ទុកចរន្តអគ្គិសនី ដែលជាទីតាំងចែកចាយចរន្ត សម្រាប់៣ខេត្ត ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ដោយសារមានការព្រួយបារម្ភ ពីការវាយប្រហារ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ចំនួនប្រមាណជិត៣០០នាក់ ត្រូវបានបញ្ជូនទៅច្រកបាវខ្សាច់ដើម្បីទប់ទឹក ។

តំណាងក្រុមហ៊ុន (ខេមបូឌា) ផៅវ័រទ្រែនមីសិនឡាយបានប្រាប់ថា ស្ថានីយផ្ទុកចរន្តអគ្គិសនី របស់ក្រុមហ៊ុននេះបានម៉ៅការអគ្គិសនីពី ថៃដើម្បីលក់ចែកចាយទៅខេត្ត៣ គឺខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង តាមរយៈអគ្គិសនីកម្ពុជា ។ នៅឆ្នាំ២០១៣ នេះទឹកជំនន់គំរាមកំហែង មកដល់ស្ថានីយខុសពីឆ្នាំមុនៗ ធ្វើឱ្យមានការព្រួយបារម្ភខ្លាចទឹកជន់លិច ក៏បានចេញសេចក្តីជូនដំណឹង ទៅខេត្តដើម្បីរកកម្លាំងជួយទប់ស្កាត់ការពារ ហើយត្រូវបានអាជ្ញាធរខេត្ត បញ្ជូនកងរាជអាវុធហត្ថខេត្ត ដឹកនាំក្រុមយុវជនផ្តាច់សារធាតុញៀន ជិត៣០០នាក់មកជួយច្រកបាវខ្សាច់ដើម្បីទប់ទឹក ។

លោកវរសេនីយ៍ឯក ចាន់ តារា ស្នងការរងនគរបាលខេត្តបានប្រាប់ថា ការរងគ្រោះដោយទឹកជំនន់ គឺតម្រូវការចាំបាច់ពីកម្លាំងនគរបាល ក៏ដូចជាកម្លាំងប៉េអឹម មកទប់ការពារទឹកលិចស្ថានីយផ្ទុកចរន្តអគ្គិសនី ដោយទប់ជាទំនប់ជំហានដំបូងកម្ពស់១ម៉ែត្រនិងមានប្រវែងជិត៥០០ម៉ែត្ររួចហើយ ។ ពេលនេះទឹកបានហូរចូលតាមបណ្តាញលូ តែអាជ្ញាធរបានគ្រប់គ្រងពីបញ្ហានេះហើយ ។ 
ប្រធានអគ្គិសនីកម្ពុជាខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយពីទឹកជំនន់ជន់លិចភូមិសាស្ត្រខេត្ត រហូតដល់ថ្ងៃទី១១ តុលា ត្រូវបានបិទប្រព័ន្ធភ្លើងតាមជាយក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី៤ទៅ៥ភូមិ ហើយមន្ត្រីបច្ចេកទេសអគ្គិសនីចុះតាមដានមើលបើ មានបង្គោលភ្លើងខ្លះទឹកជិតលិច ដល់និងបិទបន្ថែមទៀតដើម្បីការពារការឆ្លងចរន្ត អាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វ ។

មន្ត្រីនគរបាលប៉ុស្តិ៍ព្រះពន្លាបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីថ្ងៃទី១១ តុលា មានបុរសបីនាក់ជិះទូកឆ្លងស្ទឹងត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ទឹក បាត់ខ្លួនរកមិនទាន់ឃើញម្នាក់ឈ្មោះ សាង សល់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ។ ចំណែកអ្នករួមដំណើរ២នាក់ទៀតត្រូវបានគេសង្គ្រោះទាន់ពេលនៅចំណុចស្ទឹងព្រះពន្លា ។

ទឹកជំនន់វាយប្រហារផ្សារហ៊ុយ ឡេង

ក្រុមអាជីវករប្រមាណជាង៤០០នាក់ បាននាំគ្នាមកលក់នៅលើចិញ្ចើមផ្លូវជុំវិញរង្វង់មូលស្រីគ្រប់លក្ខណ៍ក្រុងសិរីសោភ័ណ ខណៈទឹកជំនន់លិចផ្សាររ៉ា(ហ៊ុយឡេង ) ស្ថិតនៅភូមិសែនសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។អាជីវករដែលនាំគ្នាមកលក់ដូរនៅលើចិញ្ចើមផ្លូវបានប្រាប់នៅព្រឹកថ្ងៃទី១១ តុលា ថា ទឹកជំនន់បានជន់លិចផ្សារកាលពីយប់ថ្ងៃទី១០ តុលា ធ្វើឱ្យមិនអាចលក់ដូរបាន ហើយម្ចាស់ផ្សារក៏មិនអាចរកកន្លែងលក់ដូរឱ្យអាជីវករបាន ទើបនាំគ្នាមកលក់ដូរនៅតាមដងផ្លូវជុំវិញរង្វង់មូលស្រីគ្រប់លក្ខណ៍នេះ ។

តំណាងក្រុមហ៊ុនផ្សាររ៉ា(ហ៊ុយឡេង)បានប្រាប់ថា មូលហេតុដែលអាជីវករនាំគ្នាមកលក់ដូរ នៅតាមដងផ្លូវបែបនេះ ដោយសារផ្សារលិចទឹក ទើបសម្រេចសុំអាជ្ញាធរក្រុង និងខេត្តមកលក់ជាបណ្ដោះអាសន្ន នៅតាមដងផ្លូវរង់ចាំទឹកស្រក ទើបត្រឡប់ទៅលក់នៅក្នុងផ្សារវិញ តែពេលនេះទឹកកំពុងតែជន់លិច មិនអាចចូលលក់ដូរបានឡើយ ។

អ្នកទោសជាង៨០០នាក់ត្រូវជម្លៀសចេញ១ថ្ងៃមុននេះ

ទីបំផុតការទប់ទល់ទឹកជំនន់ ដែលគំរាមកំហែងពន្ធនាគារខេត្ត បានទទួលបរាជ័យ បន្ទាប់ពីរបងផ្នែកខាងក្រៅ បាក់រលំធ្វើឱ្យទឹកជំនន់វាយប្រហារ យ៉ាងគំហុកពន្លិចពន្ធនាគារ ដែលកំពុងផ្ទុកអ្នកទោសជាង៨០០នាក់ ។ ដោយសារការជន់លិចពន្ធនាគារនេះ អ្នកទោសចំនួន៥០០នាក់ ត្រូវបានជម្លៀសទៅកាន់ពន្ធនាគារខេត្តសៀមរាប និង៣៤២នាក់ ជម្លៀសទៅកាន់ពន្ធនាគារខេត្តបាត់ដំបង នៅវេលាម៉ោង១រសៀលថ្ងៃទី១០ តុលា ។

លោកវរសេនីយ៍ទោ ហ៊ីុម សុផល ប្រធានពន្ធនាគារខេត្តប្រាប់ថា នៅវេលាម៉ោង១រសៀល ពន្ធនាគារខេត្តត្រូវទឹកជំនន់បុកបាក់ជញ្ជាំងរបង អស់ប្រវែងជិត៣០ម៉ែត្រ នៅផ្នែកខាងលិចក្រោយអគារការិយាល័យ របស់ក្រុមមន្ត្រីពន្ធនាគារ ហើយទឹកបានហូរចូលពន្លិចអគារឃុំខ្លួនអ្នកទោស ទាំងខាងក្នុង និងខាងក្រៅ ដែលការជន់លិចនេះមានជម្រៅទឹកជាង១ម៉ែត្រ ។

លោកហ៊ីម សុផល បានបន្តថា ក្រោយពេលទឹកជំនន់ជន់លិចបរិវេណពន្ធនាគារ លោកក៏បានរាយការណ៍ ទៅអគ្គនាយកដ្ឋានពន្ធនាគារ និងលោកអភិបាលខេត្ត ដើម្បីសុំកម្លាំងជួយការពារ និងអន្តរាគមន៍ដល់អ្នកទោសសម្រាប់ការជម្លៀសចេញ ។ ការជម្លៀសដំបូង គឺស្ត្រីនិងកុមារដោយរថយន្តកងរាជអាវុធហត្ថខេត្ត ដែលមានកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាលខេត្តជាង១០០នាក់ ការពារផងដែរ ។

លោកវរសេនីយ៍ទោ បានបន្តទៀតថា ក្នុងការជម្លៀសអ្នកទោសជាង៨០០នាក់នេះ គឺបានប្រើប្រាស់រថយន្ត១២គ្រឿង សម្រាប់ដឹកអ្នកទោសទៅកាន់ខេត្តសៀមរាប និងខេត្តបាត់ដំបងដោយមានចូលរួម ការពារពីកម្លាំងកងរាជអាវុធហត្ថខេត្តនិងនគរបាលខេត្ត ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពនិងការពារអ្នកទោសឱ្យដល់ទិសដៅ ចៀសវាងការឆកល្វែងណាមួយអាចឱ្យអ្នកទោសរត់រួច ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]