ខេត្ត​ឧត្តរ​មានជ័យ ៖​ ​​រឿង​រ៉ាវ​មួយ​ដែល​មាន​​អាយុ​កាល​​ចំណាស់​បន្តិច​​ទៅ​ហើយ​ ព្រោះ​វា​បាន​កើត​ឡើង​​តាំង​​ពី​ពាក់​កណ្តាល​​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ​មកម៉្លេះ ​បើ​គិត​មកដល់​ថ្ងៃ​ទី​១៧ មក​រា ​​នេះ​គឺមាន​រយៈ​ពេល​​២​ខែ ​មក​ហើយ ។ តែ​អ្វី​ដែល​មិនទាន់​ត្រូវ​បាន​កាត់​សេចក្តី​បែប​ណា​នោះ​គឺ​​​យុត្តា​ធិ​ការ​​មួយដែល​ស្ថិត​នៅ​ក្នុង​ដៃ​ក្រ​សួង​​ម​ហា​ផ្ទៃ​ ចំពោះ​ចំណាត់ការ​របស់​​នគរ​បាល​ស្រុក​អន្លង់​វែង ដែល​​​​បាន​ចាប់​ខ្លួន​​កូន​កំលោះ​យក​ទៅ​​ដាក់ពន្ធ​នា​គារ​​​អស់​រយៈ​ពេល​​​៥​ថ្ងៃ ធ្វើ​ឱ្យ​ឃ្លាត​ចាក​​ពី​រាត្រី​​ទឹក​ឃ្មុំ​​ដោយ​គ្មានកំហុស​អ្វី​សោះ​​ ជុំ​វិញ​រឿង​​រ៉ាវ​ក្រុម​ក្មេង​ទំនើង​​ទាស់​​គ្នា​ក្នុង​ពិធី​រាំធុង​បាស់​ថ្ងៃ​អាពាហ៍​ពិពាហ៍​​ នា​រាត្រី​ថ្ងៃ​ទី​១៧ វិច្ឆិកា ​គឺ​រហូត​ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា ​ទើប​មានការ​​ដោះ​លែង​ពី​ពន្ធ​នា​គារ​​​មក​វិញ ។

ថ្វី​បើ​មានការ​​ដោះ​លែង​​​មក​​​​វិញ​ក្តី​ តែ​​ឪពុក​​​ម្តាយ​ខាង​កូន​ប្រុស ដែល​មាន​​​​ចេត​នា​រក​ភាព​ស្អាត​​​ស្អំ​​​​ឱ្យ​កូន​​ខ្លួន​វិញ​នោះ បានដាក់​ពាក្យ​បណ្តឹង​​មក​ក្រ​សួង​ម​ហា​ផ្ទៃ​​​ដោយចោទ​ប្រកាន់​ដល់​កង​កម្លាំង​​ប៉ូលិស​ ដែល​បាន​ចាប់កូន​គាត់​ដាក់​ពន្ធ​នា​គារ​​​ថា ជា​​ការ​រំលោភសិទ្ធិ​មនុស្ស​ ហើយ​មិន​ដឹង​ថា ក្រ​សួង​ម​ហា​ផ្ទៃ​​​នោះ​ដោះ​ស្រាយ​​​ករណី​នេះ​បែប​ណា​នោះ​ទេ ។

គួររំ​លឹក​ថា អា​ពាហ៍​ពិពាហ៍​នេះ​​​កូនកំលោះ​ឈ្មោះ​ហ៊ាន ហាន ​អាយុ​៣១​ឆ្នាំ ​មាន​ឪ​ពុក​​​ឈ្មោះ​​​កើត​ ហ៊ាន​ អា​យុ​​​៥៥ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​​យា សុខុម​​ អាយុ​​៥៣​ឆ្នាំ​ ​ជា​គូ​នឹង​កូន​ក្រមុំ​​​​​​ឈ្មោះ​ហេង ​ស្រី​ពេជ្រ អាយុ​២១ឆ្នាំ ​​មាន​ឪពុកឈ្មោះ​រី រឹម​ ​អា​យុ​៥៧​ឆ្នាំ​​ និង​ម្តាយ​ឈ្មោះ​ ហេង​ ដា អាយុ​​៤៣ឆ្នាំ​​។ ទាំង​២​​គ្រួសារ​​​នេះ​រស់​នៅ​​​ក្នុង​ភូមិ​​​ព្រលាន​​ ឃុំ​​អន្លង់​វែង ​។ អា​​ពាហ៍​ពិពាហ៍​​នេះ​បាន​ចូលរោង​​​​​នៅ​ថ្ងៃ​ទី​​១៦ វិ​ច្ឆិកា​ ​ហើយ​​​​ថ្ងៃ​រៀប​ចំពិ​ធី​ពេញ​គឺ​​ថ្ងៃ​ទី​​១៧ ​វិច្ឆិកា​​​ ឆ្នាំ​​២០១១​ ។

ឪពុក​ម្តាយ​ខាង​កូន​ប្រុស​​​បាន​រៀប​រាប់​​ឱ្យ​កោះ​សន្តិ​ភាព​​​ដឹងថា ​​ការ​រៀប​ចំ​អា​ពាហ៍​ពិពាហ៍​​​កូន​ប្រុស​​-ស្រី​​របស់​គាត់​​ នេះ​ធ្វើ​​​ឡើង​​ដោយ​ស្រប​​ច្បាប់​​គឺ​នៅ​ថ្ងៃ​ទី​១៦​ វិច្ឆិកា​​ ជា​ថ្ងៃ​​​ចូល​រោង​​​​​​ និង​ថ្ងៃ​ទី​​១៧ វិច្ឆិកា​​​ ឆ្នាំ​២០១១​​ ជា​ថ្ងៃ​ជ័យ​។ ​កម្ម​វិធី​​នេះ​​បាន​​​ប្រព្រឹត្ត​​ទៅ​តាម​​គន្លង​ប្រ​ពៃ​ណី​​​រហូត​ដល់​ពិ​ធី​ជប់​​​លៀង​ ហើយ​​បានរាំ​ធុង​បាស់លេង​​កម្សាន្ត​​ក្នុង​​​​រាត្រី​​​ថ្ងៃ​នោះ​ផង​ដែរ​​ ​។ តែ​ការ​សប្បាយ​​​​នោះ​បាន​​តែ​១៥នាទី​​​ ស្រាប់​តែមានក្រុម​ក្មេង​ទំ​នើង​​​​ឈ្មោះ​ផល​ ម៉ាប់​​ និង​​ឈ្មោះ​ហ៊ាង​ ​ចឹង និង​បេក្ខ​​ពួក​ជ​ា​ច្រើន​​​នាក់​ទៀត​បាន​កាន់​កាំ​បិត​​​​ និង​ដំបង​​​​ដើរ​ចូលមក​អុក​ឡុក​​​ក្នុងពិ​ធី​​​រាំ​នោះ​ ។ ពេល​នោះ​​មេ​បា​ខាង​កូន​ប្រុស​​​​-ស្រី​​​បាន​នាំ​គ្នា​ទៅអង្វរ​​ក្រុម​ក្មេង​ស្ទាវ​ទំនើង​ទាំ​ង​នោះ​​​កុំ​ឱ្យ​ធ្វើ​សកម្ម​ភាព​​​ក្នុង​កម្ម​វិធី​​មង្គល​ការ​​កូន​ប្រុស​-ស្រី​​របស់​គាត់​​​ ហើយ​ក្រុម​ក្មេង​ទាំង​នោះ​​ក៏​បាន​​ឈប់​​ធ្វើ​សកម្ម​ភាព​​​​ និង​មានការ​រាំ​លេង​​​កម្សាន្ត​​ជា​ធម្ម​តា​វិញ​។

តាម​ប្រ​ភព​ព័ត៌​មាន​ពី​ឪពុក​ម្តាយ​កូន​ប្រុស​​​បាន​បន្ត​ទៀត​ថា ​លុះ​​រាំ​បាន​ប្រហែល​​​២០​នាទី​​ក្រុម​ក្មេ​ង​ទំនើង​​ខាង​លើ​​បាន​ចូលមក​​អុកឡុក​ម្តង​ទៀត ​។

និង​​មាន​ការ​​វាយ​តប់​គ្នា​​នៅ​ក្នុង​វង់​រាំ​នោះតែ​ម្តង ។ ពេល​នោះ​​ឈ្មោះ​សយ វុទ្ធី ហៅ​ម៉ាប់ ជា​​អ្នក​កំដរ​កូន​កំលោះ​បាន​ចេញ​ទៅ​ឃាត់​ហើយ​​និយាយ​ថា បើ​​គេ​​ចាក់​ធុង​បាស​​់​ឱ្យ​រាំ​លេង​ហើយនាំ​គ្នា​​​​​សប្បាយ​ទៅ​ ម្តេច​​បាន​ជានាំ​គ្នា​មកអុក​ឡុក​​ទៅ​វិញ​ ។ ពេល​នោះ​ក្រុម​ក្មេង​ទំនើង​​ជា​ច្រើននាក់​បាន​នាំ​គ្នា​ស្ទុះ​មក​វាយ​ឈ្មោះសយ វុទ្ធី ហៅ​ម៉ាប់​ បណ្តាល​ឱ្យ​​រង​របួស​បែក​មុខ​​​​​បែក​មាត់ ហើយក៏​មាន​ការ​វាយ​តប់​គ្នា​រហូត​ក្រុម​ក្មេង​​​ទំនើង​ក៏​រង​របួស​ដែរ គឺ​​ឈ្មោះ​ផល ​ម៉ាប់ ។ ដោយ​​សារ​​តែ​មាន​ការ​ប្រ​ទូស្ត​រ៉ាយ​គ្នា​​នេះ ពិធី​​រាំ​ធុង​បាស់​នោះ​ក៏​ត្រូវ​បាន​បញ្ចប់ ។​​ បន្ទាប់​មក​សមត្ថ​កិច្ច​​​ប៉ូលិស​​ផ្នែក​ព្រហ្ម​ទណ្ឌ​​មក​​ដល់​ ហើយ​​នាំ​ខ្លួន​កូន​កំលោះ​ទាំង​​យប់ទៅ​កាន់អធិ​ការ​​ដ្ឋា​ន​ស្រុក​អន្លង់​វែង ​ដោយចោទ​កូន​កំលោះ​​​ថា ជា​​អ្នក​បង្ក​​​ការ​វាយ​​តប់​គេ​ទៅ​វិញ ។

តាម​ប្រភព​ព័ត៌​មាន​​​​ថា ឪពុក​ម្តាយ​​​កូន​ប្រុស​​​កូន​ស្រី​​ដែលជា​អ្នក​​​ដើម​ការ​​​ក៏​​​នាំ​គ្នា​​ទៅ​​កាន់អធិ​ការ​​ដ្ឋាន​​ស្រុក​អន្លង់​​វែង ដើម្បី​​សុំ​​​ប៉ូលិស​​​យក​កូន​កំលោះ​មក​រៀប​ចំ​ពិធី​ឱ្យ​បាន​ចប់​សិន​ចាំ​​ដោះ​ស្រាយ​​នៅ​ពេល​ក្រោយ​ ហើយក៏មាន​ការ​ព្រម​ព្រៀង ។ ​លុះ​ដល់​​ចប់​​ពិធី​ លោក​កែ សំណេង អធិការ​​​រង​​ប៉ូលិស​ស្រុក​​ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​​​ក៏​បាន​មក​នាំ​​ខ្លួនកូន​កំលោះ​យកទៅឃុំ​ខ្លួន និង​​បង្ខំ​ឱ្យ​ផ្តិត​មេ​ដៃ​លើ​កំណត់​ហេតុ​​​ រួច​ដាក់ខ្នោះ​​បញ្ជូនទៅ​តុលា​ការ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ​​​២០១១ ហើយ​​ក៏​ត្រូវ​​បាន​ឃុំ​ខ្លួន​ ។ ដោយ​សារ​តែ​​មាន​ភាព​អ​យុត្តិ​ធម៌​ទើប​មន្ត្រី​តុលា​ការ​​ចុះមក​​ស៊ើប​អង្កេត​ ហើយអ្នក​ភូមិ​​គ្រប់​គ្នា​​បាន​ស្ម័គ្រ​ចិត្ត​​ផ្តិត​មេ​ដៃ​​​ធានា​​​ថា យុវជន​​ឈ្មោះ​​ហ៊ាន ​ហាន ​មិន​បាន​ទាក់​​ទិន​នឹង​​ការ​វាយ​តប់​គ្នា​​ក្នុង​វង់​រាំ​នោះទេ ទើប​មានការ​​ដោះលែង​ពី​ពន្ធនាគារ​មក​វិញ ។

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]