ខេត្តបន្ទាយមានជ័យ ៖  យុវជនម្នាក់ ត្រូវបានឪពុកម្ដាយ ក្មេងស្រីអាយុ១៣ឆ្នាំ ម្នាក់ ប្ដឹងឲ្យអាវុធ ហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ក្រោយពីបាត់កូន ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ មិនឃើញ ត្រឡប់ទៅផ្ទះវិញ ពេលដែលសមត្ថកិច្ច រកឃើញក្មេងស្រីរូបនោះ ត្រូវបានគេល្បួង ពីខេត្តបន្ទាយមានជ័យ យកទៅភ្នំពេញ ដើម្បីរួមភេទ។

មេបញ្ជាការ អ.ហក្រុង ប៉ោយប៉ែត លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា នេះថា ជនសង្ស័យដែលកម្លាំងរបស់ លោកឃាត់ខ្លួន មានឈ្មោះ ឌី វណ្ណដា ហៅអាខួច ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នជននេះ ស្នាក់នៅបន្ទប់ជួល ម្ដុំផ្លូវដើមពុទ្រ្ទាក្នុង ក្រុងប៉ោយប៉ែត និងធ្វើជាជាង ជួសជុលរថយន្ត។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ អ.ស.ន អាយុ១៣ឆ្នាំ រស់នៅក្រុង ប៉ោយប៉ែត ជាសិស្សសាលា។

លោក ហម ម៉ុត បានបន្តថា មុនឃាត់ខ្លួនជនសង្ស័យរូបនេះ និងកុមារីរងគ្រោះ បានស្គាល់គ្នាតាមរយៈការច្រឡំលេខទូរស័ព្ទ អំឡុង ខែឧសភា ឆ្នាំ២០១៣កន្លងទៅ ក្រោយមករវាងឈ្មោះ ឌី វណ្ណដា និងនាង អ.ស.ន បាន ណាត់ជួបគ្នារួចទំនាក់ទំនង របស់ពួកគេ ក្លាយទៅជាស្នេហា លុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះដែលជាថ្ងៃភ្ជុំបិណ្យ ជនសង្ស័យបានហៅនាង ទៅដើរលេង នៅរមនីយដ្ឋាន ដុងអារញ្ញ ដោយមានការហូប ចុកនិងផឹកស៊ី រហូតដល់យប់ហើយ ក៏បាននាំនាងឡើងផ្ទះ សំណាក់នៅក្រុងសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យ ក្រោយមកក៏បាន នាំនាងទៅភ្នំពេញ។

លោក ហម ម៉ុត បានបញ្ជាក់ថា ក្រោយពីដើររកកូនអស់ ជាច្រើនថ្ងៃ មិនឃើញឪពុកម្ដាយក្មេងស្រីរងគ្រោះ បានសម្រេចចិត្ត មកប្ដឹង អាវុធហត្ថក្រុង ប៉ោយប៉ែតឲ្យជួយរក ព្រោះពួកគាត់បារម្ភពីសុវត្ថិភាពកូន ព្រោះ ខ្លាច លង់ទឹកស្លាប់ណាមួយជារដូវទឹកជន់ ម្យ៉ាងទៀត បើមិនជួបគ្រោះអកុសល ខ្លាចកូនរបស់គាត់ត្រូវ គេចាប់យកទៅលក់ឬធ្វើអំពើមិនគម្បីផ្សេងៗ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង លោកបានបើកការ ស្រាវជ្រាវ ហើយក៏ដឹងថា ពួកគេទាំងពីរនាក់កំពុងលាក់ខ្លួននៅរាជធានីភ្នំពេញ ទើបកម្លាំងអាវុធហត្ថ សហការគ្នា ជាមួយអាវុធហត្ថ រាជធានីភ្នំពេញ ចុះឃាត់ខ្លួនឈ្មោះ ឌី វណ្ណដា យកមកសួរនាំ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះត្រូវបានប្រគល់ជូនឲ្យឪពុកម្ដាយ មកទទួលយកទៅផ្ទះវិញ ដោយឡែកជន សង្ស័យក្រោយសួរនាំ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]