កោះកុង៖ ស្ដ្រីម្នាក់មានកូន រហូតដល់ទៅ៧នាក់ ដែលរស់ នៅក្នុងបន្ទុកគ្រួសារ ហើយកូនទាំង ៧នាក់នោះ មាន៣នាក់ ជាកូនភ្លោះ ខណៈ នៅក្នុង ខ្លួនស្រ្តីនោះ មានជម្ងឺទៀតផង ។ ដោយមានការខ្វះខាត នៅក្នុងជីវភាព គ្រួសារខ្លាំងពេក ក៏បានសម្រេច ចិត្ដធ្វើដំណើរពី ស្រុកស្រែអំបិល កាល ពីថ្ងៃទី ១០ខែតុលា ឆ្នាំ ២០១៣ មកសាលាខេត្ដកោះកុង ដើម្បីសុំឱ្យលោកអភិបាល ជួយផ្ដល់ជំនួយ ដល់គ្រួសារគាត់ ដើម្បីរស់បានតទៅទៀត ។

ស្ដ្រីកូនភ្លោះ៣ ដែលមកសុំជំនួយ  ពីសាលាខេត្ដ ក៏ដូចជាសប្បុរស ជននានា នោះ មានឈ្មោះ សែម ស៊ុន អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិបាក់អង្រុត ឃុំ ដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង ។ ចំណែកកូនភ្លោះទាំង៣ របស់ស្ដ្រីខាងលើ មានឈ្មោះថា ជូន ស្រីនាង , ជូន ស្រីនូ និង ជូន ស្រីនាត ពោល គឺស្រី ទាំង ៣ និងទើបតែមានអាយុ ៣ឆ្នាំ ប៉ុណ្ណោះ។ ស្ដ្រីជាម្ដាយបាននិយាយថា គាត់មានកូន៧នាក់ប្រុស២នាក់ ស្រី៥នាក់ ហើយប្ដីគាត់មានឈ្មោះ ជុំ វិត បានទៅធ្វើកម្មករ ទូកនេសាទ រយៈពេល៦ខែ មកហើយ មិនដែលមកផ្ទះ ឬជូនដំណឹង មកគាត់ជាប្រពន្ធទេ ធ្វើឱ្យគាត់រស់នៅ ចិញ្ចឹមកូនទាំង៧ ដោយវេទនា ជាទីបំផុត ខណៈម្ដាយក៏ចាស់ជរាស្នាក់នៅវត្ដ គ្មានអ្វីទីពឹងដែរ។

ស្រ្តីខាងលើបានបន្តទៀតថា ដោយមានជីវភាពក្រីក្រពេក ហើយអត់មានអង្ករហូបទៀត ទើបគាត់សម្រេចមកចិត្ដ មកសាលាខេត្ដ ដើម្បីសុំអង្ករ ហូប។ ចំណែក រូបគាត់មានជម្ងឺនៅក្នុងខ្លួន ព្រោះត្រូវវះកាត់ទៀត មួយថ្ងៃកាត់មួយថ្ងៃកោរ មិនសូវជាទេ។ ស្ដ្រីជាម្ដាយបាន បន្ដទាំងអួល ដើមករទៀតថា គាត់មកទីរួមខេត្ដនេះ បានព្រះសង្ឃឲ្យមកស្នាក់នៅក្នុងវត្ដ និងបានឲ្យបាយហូបខ្លះ គ្រាន់ចំអែតក្រពះ។

ជាចុងក្រោយស្រ្តី សែម ស៊ុន បានសុំអំពាវនាវ ដល់សប្បុរសជន មេត្ដាជួយដល់គ្រួសារគាត់ផង ព្រោះកំពុងតែជួបប្រទះ នូវការខ្លះខាត ជាខ្លាំង ក្នុងការចិញ្ចឹម កូន ទាំង៧នាក់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]