តាកែវ៖ យុវជនម្នាក់បានស្លាប់ និងអ្នកដំណើរ ១៤នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល ក្នុងឧប្បត្តិហេតុក្រឡាប់រថ  យន្តឈ្នួលមួយគ្រឿង កណ្តាលផ្លូវ ស្ថិតនៅក្នុងភូមិព្រៃគ្រញូង ឃុំញែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីម៉ោង  ១០ និង៣០នាទីព្រឹកថ្ងៃព្រហសប្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៣នេះ។

យោងតាមមន្រ្តីសមត្ថកិច្ចស្រុកត្រាំកក់ បានប្រាប់ឲ្យដឹងថា រថយន្តក្រឡាប់នេះ ជារថយន្តឈ្នួលដឹកអ្នកដំណើរ  ម៉ាកតូរីសពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ២A-០០៧២ ព្រះស៊ីហនុ បានដឹកអ្នកដំណើរជាង១០នាក់ ពីស្រុកដងទង់  ខេត្តកំពត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយនៅលើដំបូលរថយន្ត ក៏មានផ្ទុកពងទាជាច្រើនផងដែរ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុរថយន្តតូរីសខាងលើ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពោលគឺ  ដឹកអ្នកដំណើរ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ លុះដល់កន្លែងកើតហេតុស្រាប់តែរថយន្តបែកកង់ គ្រាដែលអ្នកបើក  បរភ័យស្លន់ស្លោផងនោះ ក៏ជាន់ហ្វាំង ទាំងគំហុកបណ្តាលឲ្យក្រឡាប់ចំពាក់កណ្ដាលផ្លូវ បណ្ដាលឲ្យអ្នកជិះក្នុងរថ  យន្តចំនួន១៥នាក់ បានរងរបួស ក្នុងនោះពីរនាក់ រងរបួសធ្ងន់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុយកអ្នករងរបួសទៅព្យាបាលនៅមណ្ឌលសុខភាព  ឃុំញែងញ៉ង ដែលនៅក្បែនោះ។ រីឯអ្នករងរបួសធ្ងន់ត្រូវបានដឹកបន្តមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏  ប៉ុន្តែដោយសារ រងរបួស ធ្ងន់ពេក ជនរងគ្រោះម្នាក់ឈ្មោះ សៀង ជាប អាយុ ១៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រិច ឃុំ  គោកនិមល ស្រុកឈូក បានស្លាប់ ពេលដឹកដល់ មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ដោយឡែកអ្នកបើកបរបានដាក់មេ ផាយបាត់ស្រមោល៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]