ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេមិនបានស្គាល់ឈ្មោះ ត្រូវកម្លាំងទឹកដែលកំពុងហូរខ្លាំង នៅលើខ្នងទំនប់អាងកំពីងពួយ បុកទម្លាក់ចូលទៅក្នុងប្រឡាយ ប៉ែកខាងក្រោម កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ តុលា ប៉ុន្តែសំណាងល្អ ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ ជួយស្រង់បានមកវិញទាន់ពេលវេលា និងស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី ។

មន្ត្រីសមត្ថកិច្ចនិយាយថា បុរសនោះមានមាឌធំ និងអាយុប្រហែលជាង៣០ឆ្នាំ ត្រូវទឹកដែលកំពុងហូរយ៉ាងកំហុក លើទំបន់អាងកំពីងពួយ បុកទម្លាក់តែម្តង គ្រាដែលគាត់កំពុងដើរ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះត្រូវទឹករុញទម្លាក់យ៉ាងលឿន ទៅផ្ទប់នឹងសសរផ្ទះអ្នកស្រុក ដោយមិនអាចតោងអ្វីជាប់ឡើយ ហើយធ្លាក់ទៅក្នុងប្រឡាយខាងក្រោយផ្ទះបាត់ឈឹង ។ លុះបន្តិចក្រោយមក ទើបសមត្ថកិច្ចស្វែងរកឃើញ តែបុរសនោះសន្លប់បាត់ស្មារតីទៅហើយ ។ សាក្សីនៅកន្លែងកើតេហតុបញ្ជាក់ដែរថា ពេលត្រូវទឹកហូរបុកគាត់ទម្លាក់ចូលប្រឡាយភ្លាម សមត្ថកិច្ចជាច្រើននាក់បានស្ទុះទៅជួយចាប់ តែមិនអាចចាប់ទាន់ ព្រោះទឹកបាននាំយកបុរសនោះទៅក្នុងប្រឡាយទៅហើយ ។ សូម្បីតែសមត្ថកិច្ចដែលព្យាយាមចុះជួយក៏ស្ទើរមិនអាចទប់ខ្លួនឯងជាមួយនិងកម្លាំងទឹកហួរបានផង ។ ប៉ុន្តែបន្តិចក្រោយមក ទើបគេរកបុរសនោះឃើញ និងទាញដៃអូសឡើងវិញ ដោយសារពេលនោះទឹកនៅរាក់នៅឡើយ ។ បុរសនោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ លុះបញ្ជូនដល់មណ្ឌលសុខភាពទើបដឹងខ្លួនវិញ ក្រោយពីគ្រូពេទ្យប្រឹងប្រែងជួយសង្គ្រោះ ។

សូមបញ្ជាក់ថា ទឹកអាងកំពីងពួយ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានឡើងហួសកម្រិតប្រកាសអាសន្ន ដែលពេលនេះមានកម្ពស់ដល់ទៅ ៣,៦០ម៉ែត្រ ខណៈកម្ពស់ទឹកធម្មតាត្រឹម ២,៥០ម៉ែត្រ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកាលពីព្រឹកថ្ងៃទី៨ តុលា ។ ទឹកនេះមានប្រភពហូរខ្លាំង ធ្លាក់មកពីស្រុកសាលាក្រី ខេត្តប៉ៃលិន ដែលទ្វារទឹកធំៗ នៃសំណង់អាងកំពីងពួយមិនអាចរំដោះបានទាន់ពេលវេលា ធ្វើឱ្យទឹកហូរលើខ្នងទំនប់តែម្តង។

ដោយសារតែព្រួយបារម្ភពីផលប៉ះពាល់ដល់សំណង់ទ្វារទឹក នៅរសៀលថ្ងៃដដែលនេះ អាជ្ញាធរខេត្តក៏ពត បានសម្រេចបញ្ជាឱ្យខាងមន្ទីរជំនាញប្រើប្រាស់គ្រឿងចក្រ កាយទម្លាយទំនប់អាងបើកមុខទឹកក្បែរសំណង់ទី១ ដែលកំពុងលិចខ្លាំងមានទំហំ៤ម៉ែត្រ ដើម្បីជួយរំដោះទឹក និងចៀសវាងការខូចខាតធ្ងន់ធ្ងរដល់ទំនប់និងសំណង់ទ្វារទឹក ។ ជាមួយគ្នានេះអាជ្ញាធរក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់អាងកំពីងពួយនេះជិត ២.០០០គ្រួសារទៅរកទីទួលមានសុវត្ថិភាពផងដែរ ។

អាជ្ញាធរក៏បានបញ្ជាក់នៅព្រឹកថ្ងៃទី៩ តុលា នេះដែរថា កម្ពស់ទឹកក្នុងអាងកំពីងពួយមិនទាន់មានសញ្ញាណាមួយថា បានធូរស្រាលនៅឡើយទេ ពោលគឺស្ថិតក្នុងស្ថានភាពប្រកាសអាសន្ននៅឡើយ ។ រីឯប្រជាពលរដ្ឋក្នុងឃុំអូរតាគី ឃុំជ្រៃ ឃុំអន្លង់រុន និងឃុំរូងជ្រៃ ក្នុងស្រុកថ្មគោល ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៧B កំពុងទទួលនូវសម្ពាធទឹកដែលហូរចេញពីក្នុងអាងកំពីងពួយនេះយ៉ាងធ្ងន់ធ្ងរ និងកំពុងហូរកាត់ផ្តាច់ផ្លូវជាតិដោយដុំៗទៀតផង ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]