សម្រាប់បុរសដែលចូលដល់វ័យពាក់កណ្ដាល សក់ងាយនឹងមានបញ្ហាណាស់ គឺសសៃសក់ឆាប់ចាស់ទ្រុឌទ្រោម និងចាប់ផ្ដើមជ្រុះ។ ប្រសិនបើអ្នកមិនចង់ក្លាយទៅជាអ្នកដែល ស្ថិតនៅក្នុងចំណោមនោះ សុភាពបុរសទាំងឡាយត្រូវចាប់ផ្ដើម ថែរក្សាសក់ជារៀងរាល់ថ្ងៃ ដូចជារថយន្តរបស់អ្នកដែរ សក់របស់លោកអ្នកត្រូវការថែទាំ ជាប្រចាំដើម្បីមានសុខភាពរឹងមាំ និងទន់ស្អាតភ្លឺរលោង។

មូលដ្ឋានគ្រឹះនៃការថែទាំស្បែក

១.ឧស្សាហ៍សិតសក់ៈ នៅរៀងរាល់ព្រឹក ថ្ងៃរសៀល និងល្ងាច អ្នកគួរតែព្យាយាមសិតសក់ឲ្យបាន១០ដងដោយសិត និងម៉ាស្សាស្បែកក្បាលផងដែរ ដើម្បីពង្រីកគល់សក់ឲ្យមានសុខភាពល្អ។ ពេលសិតសក់យកល្អគួរប្រើក្រាស់ឈើ ឬក្រាស់ស្នែង។ កុំសិតសក់នៅពេលសក់សើម ព្រោះវាងាយធ្វើឲ្យសក់ជ្រុះ។

២.ឧស្សាហ៍កក់សក់ៈ ការកក់សក់អាចកំចាត់ធូលីបញ្ឈប់ការរមាស់ និងជួយដល់ការដកដង្ហើមរបស់ស្បែកក្បាល។ ការកក់សក់ពី២ទៅ៣ដងក្នុងមួយសប្ដាហ៍គឺជាការសមស្រប។ ដើម្បីឲ្យការកក់សក់របស់អ្នកមានប្រយោជន៍ដល់សក់ អ្នកត្រូវជ្រើសរើសសាប៊ូកក់សក់ដែលត្រូវតាមប្រភេទសក់របស់អ្នក និងធ្វើការច្របាច់ម៉ាស្សាក្បាលក្នុងពេលកក់សក់ផង។ ពេលកក់សក់រួចប្រើកន្សែងជូតសក់ឲ្យអស់ទឹក និងគួរទុកសក់ឲ្យស្ងួតដោយឯងៗ ដោយមិនចាំបាច់ផ្លុំ ព្រោះថាការផ្លុំមិនមានផលល្អដល់សក់ទេ។

៣.បរិភោគអាហារឲ្យសមស្របៈ ចំពោះអាការជ្រុះសក់ សក់ស្កូវ មួយចំនួនគឺច្រើនកើតឡើងពីដំណើរឈាមរត់មិនគ្រប់ និងកង្វះសារជាតិបំប៉ន នេះមិននិយាយពីអ្នកកើតឬសដូងស្កូវសក់ ឬតំណពូជ។ ដើម្បីការពារនឹងថែរក្សាសក់របស់អ្នកឲ្យនៅមានសុខភាពអ្នកគួរទទួលទានអាហារដែលមានផ្ទុកជាតិដែក កាល់ស្យូម និងប្រភេទវីតាមីន Ga ព្រោះអាហារប្រភេទនេះនឹងជួយបំប៉នដល់សក់ឲ្យមានភាពរឹងមាំ និងភ្លឺរលោង ដូចជាអាហារប្រភេទទឹកដោះគោ ផ្លែឈើ ត្រីដែលមានប្រូតេអ៊ីនច្រើន និងសាច់បក្សីជាដើម។

៤.បំបាត់អារម្មណ៍តានតឹងៈអារម្មណ៍តឹងតែង គឺជាបញ្ហាមួយដែលជះឥទ្ធិពលជាច្រើនដល់សុខភាពរបស់មនុស្សយើង ចំពោះបុរសអារម្មណ៍តឹងតែងកាន់តែធ្ងន់ធ្ងរ សក់ជ្រុះ និងសក់ស្កូវកាន់តែលឿន។ ជាទូទៅក្នុងការរស់នៅរបស់មនុស្សយើងគ្រប់គ្នាត្រូវមានច្បាប់ទម្លាប់ គឺត្រូវរក្សាឲ្យបាននូវការសម្រាក និងទទួលទានដំណេករួមទាំងអារម្មណ៍រីករាយដើម្បីបំបាត់អារម្មណ៍តឹងតែងតប់ប្រមល់ផ្សេងៗ ទាំងនេះជួយទប់ស្កាត់ការជ្រុះសក់ និងស្កូវសក់មុនអាយុបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]