-មន្ទីរធនធានទឹក និងអាជ្ញាធរ រួមគ្នា ទប់ស្កាត់ ការហូរទឹកពីទន្លេវ៉ៃគោ ចូលក្រុង ស្វាយរៀង

ភ្នំពេញ ៖ ស្ថានភាពទឹកជំនន់ ដែល បណ្ដាលមកពីជំនន់ទឹកភ្លៀង ជំនន់ទឹកទន្លេ មេគង្គ និងមួយផ្នែកទៀត ហូរបុកមកពី ប្រទេសថៃ ដែលបាន និងកំពុងវាយលុក រាជធានី-ខេត្ដ ជាង១០ ក្នុងប្រទេសកម្ពុជា នោះ រហូតមកដល់ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៣ បានចាប់ផ្ដើមធូរស្រាលជា បណ្ដើរៗ បើទោះបីកន្លែងលិចលង់ខ្លះកម្ពស់ ទឹកបានស្រកចុះយឺតៗក៏ដោយ ។

នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា ស្ថានភាពទឹក ជំនន់ទូទៅ នៅតាមបណ្ដាខេត្ដដូចជាខេត្ដ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ខេត្ដមួយចំនួនទៀត បានចាប់ផ្ដើមធូរស្រាល ខណៈដែលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលអូសកាត់ប្រទេសកម្ពុជា និងសម្ពាធ សកម្ម បានថយឥទ្ធិពលរបស់ខ្លួន ។ ដោយ ឡែកទីតាំងសំខាន់ៗ ដែលមុនដំបូងមាន ការព្រួយបារម្ភ ដូចជាអាងទឹកកំពីងពួយ ត្រូវបានក្រសួងធនធានទឹក និងអាជ្ញាធរ ខេត្ដបាត់ដំបងទប់ស្កាត់ទាន់ពេលវេលា តាម រយៈការបើកមុខទឹកកាលពីរសៀល ថ្ងៃទី០៨ ខែតុលា ធ្វើឱ្យទឹកនៅក្នុងអាង បានស្រកចុះជាបន្ដបន្ទាប់ ដែលគិតត្រឹម ល្ងាចថ្ងៃដដែលនេះ បានស្រកចុះចំនួន៧តឹក ។

ដោយឡែកអាងទឹកត្រញំងថ្ម ស្ថិតក្នុង ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យឯណោះ វិញ ត្រូវបានលោក ចាន់ យុត្ថា អះអាងថា ត្រូវបានក្រសួងធនធានទឹក និងអាជ្ញាធរ ខេត្ដ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជួយទប់ ស្កាត់ទាន់ពេលវេលា និងគ្រប់គ្រងបានយ៉ាង ល្អ មិនឱ្យមានការបាក់ទំនប់នោះឡើយ ។ សម្រាប់ស្ថានភាពទឹកជំនន់ នៅតាមបណ្ដា ស្ទឹងធំៗ ក្នុងខេត្ដមួយចំនួនក៏បានស្រកចុះ ជាបណ្ដើរៗ ជៀសពីការលិចលង់ ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា សម្រាប់ ស្ទឹងសង្កែ ខេត្ដបាត់ដំបង កម្ពស់ទឹកបាន ស្រកមកនៅត្រឹម ១៣,៤០ម៉ែត្រ ក្រោម កម្រិតនៃការប្រកាសអាសន្ន ជិត ០,៤០ ម៉ែត្រ ពីព្រោះកម្រិតកម្ពស់ទឹកនៃការ ប្រកាសអាសន្ន មានចំនួន ១៣,៨០ម៉ែត្រ។  ដោយឡែកស្ទឹងពោធិ៍សាត់នៅក្នុងខេត្ដ ពោធិ៍សាត់ ក៏បានបន្ដស្រកចុះជាបណ្ដើរៗ ផងដែរ ដែលមានកម្ពស់ទឹក ១៤,៩០ម៉ែត្រ។ សម្រាប់កម្ពស់ទឹកអាងកំពីងពួយ រហូតមក ដល់រសៀលថ្ងៃដដែលនេះ ត្រូវបានលោក ចាន់ យុត្ថា ប្រាប់ថា បានស្រកចុះចំនួន ៧ តឹក ទាំងនេះដោយសារតែមានការបើកមុខ ទឹក កាលពីរសៀលថ្ងៃទី០៨ ខែតុលា ដែល មានបណ្ដោយ ៣០ម៉ែត្រ និងជម្រៅ ៣ ម៉ែត្រ ។ យ៉ាងណាក៏ដោយ មន្ដ្រីក្រសួងធន ធានទឹករូបនេះ បានថ្លែងថា ស្ថានភាពទឹក បាន និងកំពុងប្រឈមនៅខេត្ដស្វាយរៀង ខណៈដែលកម្ពស់ទឹកទន្លេវ៉ៃគោកើនឡើង ជាបន្ដបន្ទាប់ដែលអាចហូរបុកចូលក្រុង ស្វាយរៀង ប៉ះពាល់ប្រជាពលរដ្ឋ ។ ប៉ុន្ដែ ការប្រឈមនេះត្រូវបានក្រសួងធនធានទឹក តាមរយៈមន្ទីររបស់ខ្លួន និងអាជ្ញាធរខេត្ដ ស្វាយរៀងបាន និងកំពុងជួសជុល ក៏ដូចជា ចាក់ដីទប់ស្កាត់មិនឱ្យហូរចូលទីក្រុងនោះ ឡើយ ។

ដោយសារតែកម្ពស់ទឹក ទន្លេវ៉ៃគោ បានកើនឡើងជាបន្ដបន្ទាប់ហួសពីកម្រិតនៃការប្រកាសអាសន្ន ក្នុងរយៈពេលពីរថ្ងៃនេះ មន្ទីរធនធានទឹកខេត្ដស្វាយរៀង ដោយមាន ការបញ្ជាផ្ទាល់ពីលោករដ្ឋមន្ដ្រីក្រសួងធន ធានទឹក លឹម គានហោ សហការជាមួយ អាជ្ញាធរ ខេត្ដស្វាយរៀង បានចាក់ដីតាម ចំណុចសំខាន់ៗ និងតាមមាត់ ទន្លេវ៉ៃគោ ជៀសវាងទឹកហូរបុកចូលក្រុង ស្វាយរៀង ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋនៅទីនោះ ។

នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងឱ្យដឹងថា កាលពី ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ កម្ពស់ ទឹកទន្លេវ៉ៃគោ មានកម្ពស់ ២,៩១ម៉ែត្រ ហួសពីកម្រិតនៃការប្រកាសអាសន្ន មាន ២,៩០ម៉ែត្រ ។ លោកបន្ដថា នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៣ នេះ កម្ពស់ទឹក ទន្លេវ៉ៃគោ បានហក់ឡើងដល់ ២៩៦ម៉ែត្រ  ធ្វើឱ្យដំណាំស្រូវ របស់ប្រជាពលរដ្ឋទទួល ផលប៉ះពាល់ចំនួន ៩១៥ហិកតា ក្នុង៤ក្រុង ស្រុក រួមមាន ស្រុកស្វាយជ្រុំ ស្រុកកំពង់ រោទិ៍ ស្រុករមាសហែក និងក្រុងស្វាយរៀង។

មន្ដ្រីក្រសួងធនធានទឹករូបនេះបានបន្ដ ទៀតថា ក្រោយពីមានស្ថានភាពទឹកជំនន់ នេះកើតឡើង ខាងមន្ទីរធនធានទឹកសហ ការជាមួយអាជ្ញាធរខេត្ដស្វាយរៀង បាន ចាក់ដីច្រកបាវ ទប់តាមមាត់ទន្លេវ៉ៃគោ ដេម្បីកុំឱ្យហូរចូលក្រុងស្វាយរៀង និងបិទ លូកុំឱ្យទឹកហូរបុកចូល ។ ជាមួយគ្នានេះ ខាងមន្ទីរ និងអាជ្ញាធរខេត្ដបានរៀបចំម៉ាស៊ីន បូមទឹកដាក់នៅតាមតំបន់ទំនាប ដើម្បី ត្រៀមបូមទឹកចេញ នៅពេលកម្ពស់ទឹកមាន ការកើនឡើង និងហូរលិចលង់នៅតំបន់ ទាំងនោះ ។

ជាមួយគ្នានេះ មន្ទីរធនធានទឹកខេត្ដ ស្វាយរៀង បានជួសជុលទំនប់អូស្មាច់ប្រវែង ៣២០ម៉ែត្រ ដែលអាចទទួលរងការខូចខាត នៅពេលមានទឹកជំនន់ ដែលទំនប់នេះស្ថិត នៅឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ៕




























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]