ភ្នំពេញ ៖ លោក ញឹម វណ្ណដា អនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់ គ្រងគ្រោះមហន្ដរាយ បានថ្លែងឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៣ ទឹកជំនន់ដែលកំពុងវាយលុក ២០រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា បានសម្លាប់ប្រជាពលរដ្ឋ កើនឡើង ១០៤នាក់ ប៉ះពាល់ប្រជាពលរដ្ឋ ១,៥លាននាក់ ប៉ះពាក់ផលដំណាំ ២ សែន ២៥ម៉ឺនហិកតា ប៉ះពាល់ផ្លូវលំ ២៩០គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ និងផ្លូវជាតិ ១០៥គីឡូ ម៉ែត្រ ប៉ះពាល់មណ្ឌលសុខភាព ៥០កន្លែង វត្ដ ៧៦០កន្លែង សាលារៀន ១២២០ខ្នង និងផ្ទះប្រជាពលរដ្ឋ ១២ម៉ឺន៣ពាន់ខ្នងក្នុង នោះខូចខាតទាំងស្រុង ១០០ខ្នង ។

លោក ញឹម វណ្ណដា បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់រហូតមកដល់ថ្ងៃទី០៩ ខែតុលា នេះបានធូរស្រាលជាបន្ដបន្ទាប់ ទាំងខេត្ដនៅជុំវិញបឹងទន្លេសាប និងខេត្ដ តាមទន្លេមេគង្គ ។ សម្រាប់ខេត្ដបាត់ដំបង មន្ដ្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា បើស្រក ចុះ ៣០ភាគរយ ហើយទឹកជំនន់ក្នុងខេត្ដ បាត់ដំបង បានប៉ះពាល់ដីស្រែប្រជាពលរដ្ឋ ៨សែនហិកតា តែខូចខាតទាំងស្រុង ២ពាន់ ហិកតា ប៉ះពាលដំឡូងមី ៣ម៉ឺនហិកតា ។

ដោយឡែកផ្លូវក្រាលកៅស៊ូខូច ខាត ៣០គីឡូម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ៩២គីឡូម៉ែត្រ ក្នុងស្រុក-ក្រុងចំនួន១៣ ស្មើនឹង ១០២ឃុំ-សង្កាត់ ។ ខេត្ដបាត់ដំបង ដដែលនេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ រហូតដល់ ៨សែននាក់ ។ យ៉ាងណាក៏ដោយ លោក ញឹម វណ្ណដា មិនទាន់អាចបញ្ជាក់ពី ទំហំសរុបនៃការខូចខាត នៅឡើយទេនៃ គ្រោះទឹកជំនន់ នាឆ្នាំ ២០១៣ នេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]