ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលអធិការដ្ឋាន នគរបាលស្រុកប្រាសាទសំបូរ ឃាត់ខ្លួនកាលពីថ្ងៃទី៤ តុលា បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ និង៣០នាទីថ្ងៃទី៤ តុលា នៅចំណុចភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។

ពាក់ព័ន្ធនឹងករណីនេះនគរបាល ស្រុកប្រាសាទសំបូរបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ឃឿន ខន អាយុ៤២ឆ្នាំ បានបើករថយន្តទៅផ្ទះរបស់ឈ្មោះ ទី អាង អាយុ៤៨ឆ្នាំ ក្នុងគោលបំណងទៅទារលុយ។ លុះទៅដល់ក៏បានប្រកែកគ្នា ហើយឈ្មោះ ឃឿន ខន ក៏បានទាញពូថៅកាប់ឈ្មោះ ទី អាង មួយពូថៅចំក្បាលរងរបួសធ្ងន់ រួចហើយក៏បានបើករថយន្តចេញទៅវិញ និងបានកិនម៉ូតូ១គ្រឿង ដែលម្ចាស់ចតទុកជិតផ្លូវបណ្តាលឱ្យខូចខាតទាំងស្រុង ។

ឃើញដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍ដល់នគរបាលប៉ុស្តិ៍ឱ្យមកជួយអន្តរាគមន៍ លុះមន្ត្រីនគរបាលប៉ុស្តិ៍ឈ្មោះ ប៉ែន ម៉ៅ ចុះមកវាស់វែងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏ត្រូវជនសង្ស័យ ដែលកំពុងក្រពុលមុខដោយសារស្រាផងនោះ បានវាយជាច្រើនដៃទៅលើមន្ត្រីប៉ូលិសបណ្តាលឱ្យសន្លប់ និងខៀវភ្នែកម្ខាង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលអធិការដ្ឋាន ស្រុកប្រាសាទសំបូរ ក៏បានឃាត់ខ្លួនជនសង្ស័យរូបនេះមកសាកសួរ ។ នគរបាលបានបានបន្តថា ជនជាប់ចោទជាមនុស្សមានផ្ទុកមេរោគអេដស៍ និងកំពុងលេបថ្នាំពន្យារ ហើយនៅពេលគេផឹកស្រាម្តងៗ គឺតែងតែប្រតិកម្មកំរោលចូលបែបនេះ ។

មន្ត្រីនគរបាលបានបន្តថា ជនសង្ស័យមានប្រពន្ធកូនរស់នៅប្រទេសថៃ ប៉ុន្តែគេបានចេញចូលរកស៊ីក្នុងស្រុកកំណើត ហើយក៏ធ្លាប់ជាប់គុកពីបទប្រើអំពើហិង្សារយៈពេល៦ឆ្នាំនៅប្រទេសថៃដែរ ។ក្រោយពីសាកសួររួច នៅថ្ងៃទី៧ តុលា ជនឈ្មោះ ឃឿន ខន ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]