កំពង់ចាមៈ យុវជនម្នាក់ ត្រូវបានក្មេងស្ទាវ មួយក្រុមទៀត មានគ្នា៧ទៅ៨នាក់ យកដាវសាំម៉ូរ៉ៃ ជិះម៉ូតូដេញកាប់ រហូតដល់ស្លាប់ ក្រោយពេលពួកគេ មានទំនាស់នឹងគ្នា ខណៈដែលរាំរែក នៅក្នុងក្លឹបមួយ នៅក្រុងកំពង់ចាម កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ។

ជនរងគ្រោះបានស្លាប់ នៅវេលាម៉ោង ២រំលងអាធ្រាត្រ នៅចំណុច ខាងកើតស្ពាន មាត់ឃ្មុង ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ក្រោយពេលដែលរូបគេ ជាមួយមិត្ត ភ័ក្តិម្នាក់ ទៀត បានជិះម៉ូតូចេញពីក្លឹបយីហោ ស៊ិនហួរផ្លាហ្សា បន្ទាប់ពីមានទំនាស់ខ្លាំងក្លា ជាមួយក្រុមស្ទាវ រហូតដល់ សន្តិសុខ ឃាត់រៀងៗខ្លួន។

លោក ឆាយ វុទ្ធី អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ុល ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិតំណាក់ស្វាយ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកបានបន្ថែមថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងយុវជនម្នាក់ទៀតឈ្មោះ កង ស៊ីណា អាយុ២១ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា បានចូលក្លិបរាំ មានយីហោ ស៊ិនហួរផ្លាហ្សា នៅក្នុងក្រុង កំពង់ចាម ហើយក្នុងពេល រាំលេងនោះ ជនរងគ្រោះ បានមានទំនាស់ ជាមួយក្មេងស្ទាវមួយក្រុមទៀត ប៉ុន្តែ ការប៉ះទង្គិចគ្នា ក្នុងក្លិបនោះ ត្រូវ បានក្រុមសន្តិសុខ របស់ក្លិប ជួយឃាត់ ធ្វើឲ្យស្ថានភាព ស្ងប់ធម្មតាវិញ។

លោកបន្ថែមទៀតថា លុះដល់វេលាម៉ោង ១រំលងអាធ្រាត្រ ក្លិបត្រូវបិទ ប៉ុន្តែ ដោយសារតែមើលស្ថានភាព មិន ស្រួល ក្រុមសន្តិសុខ ក្លិប បានជូនជនរងគ្រោះជិះម៉ូតូ រហូតដល់ត្រើយខាងកើតស្ពានគីហ្សូណា ទើបសន្តិសុខ ត្រឡប់ទៅក្លិបវិញ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ុល ភារម្យ បានឌុបដៃគូរឈ្មោះ កង ស៊ីណា ប្រុងត្រឡប់ទៅផ្ទះ នៅឯស្រុកកោះសូទិនវិញ ។ លុះពេលជនរងគ្រោះ ជិះម៉ូតូចេញពី គល់ស្ពាន ឆ្ពោះទៅខាងស្ពាន មាត់ឃ្មុង ស្រាប់ តែមានក្មេងស្ទាវមួយក្រុម មានគ្នា៧ទៅ៨នាក់ បានជិះម៉ូតូដេញតាម រហូតដល់ចំណុច ហូសស្ពាន មាត់ឃ្មុងបន្តិច ក្រុមជនល្មើស បានកាប់ជនរងគ្រោះមួយដាវ ធ្វើឲ្យជនរងគ្រោះដួលម៉ូតូទៅបុកបង្គោលចំណាំងផ្លាត នៅតាម ចិញ្ចើមផ្លូវជាតិ ហើយក្រុមជនល្មើស បានយកដាវកាប់ជនរងគ្រោះឈ្មោះ ភារម្យ ត្រូវចំកណ្តាលក្បាល បណ្តាល ឲ្យស្លាប់ នៅកន្លែង កើតហេតុតែម្តង។ ចំណែកអ្នកជិះពីក្រោយជនរងគ្រោះ បានផ្លោងចូលព្រៃរួចខ្លួន គ្រាន់តែ មានរបួសបន្តិចបន្តួចដោយសារដួលម៉ូតូ ។រីឯក្រុមជនល្មើស ក្រោយពីធ្វើសកម្មភាព បាននាំគ្នាជិះម៉ូតូ មកទិស ខាងទីរួមខេត្ត កំពង់ចាមវិញបាត់ទៅ។

លោក អធិការរង បានឲ្យដឹងដែរថា ករណីឃាតកម្មនេះ ខាងលោក កំពុងធ្វើការស្រាវជ្រាវវែកមុខជនដៃដល់ ដោយមានការសហការ ជាមួយកម្លាំងនគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និង កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ចាម។ ដោយឡែក ចំពោះសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]