ខេត្ត​​កំពង់ឆ្នាំង​ ៖ ​សព​បុរសម្នាក់ត្រូវ​គេអះ​អាងថា ជា​ម្ចាស់រថយន្ត​ឡង់​គ្រីស្ស័រ​ដែល​គេ​ដុត​ចោល​កាលពី​ប៉ុន្មាន​​ថ្ងៃ​មុន​នៅ ​ខេត្ត​កំពង់​​ឆ្នាំង ត្រូវបាន​ប្រទះ​ឃើញ​​នៅ​ក្នុង​លូ​ស្ពាន​ក្រាំង​ពន្លៃ ​ស្រុក​ឧដុង្គ ​ខេត្តកំពង់​ស្ពឺ ជាប់​ព្រំ​ប្រទល់​ស្រុក​កំពង់​​ត្រឡាច ខេត្តកំពង់​ឆ្នាំង បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៣០ មេសា ២០១២ ... កន្លែង​ប្រទះ​ឃើញ​សព​នេះ​ឆ្ងាយ​ពី​កន្លែង​​ដុត​រថយន្ត​​ប្រហែល​​១៥​គីឡូ​ ម៉ែត្រ។

ស្ត្រី​​ឈ្មោះ​ញឹម គន្ធា ​អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ បានអះអាងថា សព​ដែល​ប្រទះ​ឃើញ​​នេះ​ជា​ប្តី​របស់​គាត់​​ឈ្មោះ​ចាន់ ហៀង អាយុ​​៥៣​ឆ្នាំ ​និង​ជា​ម្ចាស់​រថយន្ត​ឡង់​គ្រីស្ស័រ​​ដែល​គេ​ដុត​ចោល​ ព្រោះគាត់​ចំណាំ​សម្ភារក្នុង​ឃ្លុប​តាឡូ​រថយន្ត​ដូជជា​ប្រេង​កូឡា​ជាដើម...។

​គួររំលឹក​ឡើង​វិញថា រថយន្ត​ម៉ាក​ឡង់​​គ្រី​ស្ស័រ​​ចង្កូត​ស្តាំ​មួយ​​គ្រឿង​​ពណ៌​សំបក​ឪឡឹក ត្រូវបាន​ជន​មិន​ស្គាល់​មុខ​បើក​យក​ទៅ​ដុត​កម្ទេច​ចោល កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៨ មេសា ​នៅតាម​បណ្តោយ​ផ្លូវ​លំ​​ខាង​លិច​វត្ត​ខ្យាង ស្ថិត​ក្នុង​ភូមិ​ខ្យាង ឃុំ​ស្វាយ ​ស្រុក​សាមគ្គី​ មាន​ជ័យ ​មាន​ចម្ងាយ​​ជាង​៤​គីឡូ​ម៉ែត្រខាង​លិច​ផ្លូវ​ជាតិ​លេខ​៥។

​ហេតុការណ៍​​នេះបង្កឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​ ប្រជា​ពលរដ្ឋ​​ ហើយប៉ូលិស​​​បាន​​ទៅ​ដល់​កន្លែង​​កើត​ហេតុ​ភ្លាមៗ​​ផង​ដែរ ប៉ុន្តែ​​មិន​អាច​ជួយ​​ពន្លត់​បាន​ ព្រោះភ្លើង​ឆេះ​រថយន្ត​សន្ធោ​សន្ធៅ​ខ្លាំង​​ទៅ​​ហើយ ។ ទោះ​បី​ជា​យ៉ាង​ណា​ប៉ូលិស​​បាន​​ហុ៊ម​ព័ទ្ធ​​កន្លែង​កើតហេតុ​​មួយ​យប់ ​លុះព្រឹក​ឡើង​ទើប​ពិនិត្យ​​ និង​ធ្វើ​កោសល្យ​វិច្ឆ័យ​​ ។ ក្រោយ​​ពី​ពិនិត្យ​​ខ្មោច​រថយន្ត​​ខាងលើ ប៉ូលិស​​មិន​បាន​រក​ឃើញ​​អ្វីគួរ​ឱ្យ​សង្ស័យ​​​ពាក់​ព័ន្ធ​​ទៅរឿង​ឃាត​កម្ម​ ឡើយ ព្រោះ​នៅ​ក្នុង​រថយន្តពុំ​មាន​ឃើញ​សាក​សព​ ​ក្រៅពី​រថយន្ត​ និង​ឯក​សារដែល​ឆេះ​ខ្ទេច​ ប៉ុន្តែ​គេ​ឃើញ​មាន​សំបក​កញ្ចប់​​បារីដែល​​សរសេរ​អក្សរ​ចិន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]