រាជធានីភ្នំពេញ ៖ វាជារឿងពិតកើតមានក្នុងគ្រួសារមួយ គឺព្រោះតែលង់ស្នេហ៍ជា មួយនឹងបុរសស៊ីម២ម្នាក់ ធ្វើឱ្យស្រ្ដីម្នាក់ដែលមានកូន ២នាក់ហ៊ានផិតក្បត់ប្ដី និងបំផ្លាញទ្រព្យសម្បត្ដិខ្លួនឯងមិនអស់ចិត្ដ ថែមទាំងដើរបោក ប្រាស់អ្នកដទៃដើម្បីបំពេញតណ្ហារបស់ខ្លួនទៀត ។ ទីបំផុតបានក្លាយជាអ្នកទោសត្រូវចាប់ខ្លួនដោយសារតែ បោកម៉ូតូមិត្ដភក្ដិយកទៅបញ្ចាំ រួចដើរស៊ីចាយជាមួយប្រុស ស្នេហ៍ស៊ីម២អស់ ទើបត្រូវប៉ូលិសខណ្ឌសែនសុខឃាត់ខ្លួន កាលពីវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី៧ តុលា ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោយពេលម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹង ។

នៅចំពោះមុខប៉ូលិសព្រហ្មទណ្ឌខណ្ឌសែនសុខ ស្ដ្រីជាប់ចោទឈ្មោះពេជ្រ សុផានី អាយុ៣២ឆ្នាំ និយាយថា នាងមានកូន២នាក់នៅក្នុងបន្ទុក និងមានប្ដីជាកម្មករទៅធ្វើការនៅប្រទេសកូរ៉េ ។ បច្ចុប្បន្ននាងស្នាក់នៅផ្ទះជួល និងធ្វើជាអ្នករត់តុនៅក្នុងហាងអាន់ឈ័រ១ ដែលមានទីតាំងនៅតាមផ្លូវលេខ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នាងពេជ្រ សុផានី បានសារភាពថា ខ្លួនបានយកម៉ូតូម៉ាកស៊ុយហ្សុ៊យគីស្មាស ស៊េរី២០១៣ របស់មិត្ដភក្ដិឈ្មោះកែវ វឿន អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ទៅបញ្ចាំនៅម្ដុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន៦០៥ដុល្លារ កាលពីថ្ងៃទី១៩ កញ្ញា និងបានដើរស៊ីចាយអស់ ។ ទោះជាបែបណាក្ដី ស្រ្ដីជាប់ចោទមិនបានសារភាពថាយកទៅដើរ ស៊ីចាយជាមួយប្រុសស្នេហ៍ស៊ីម២ទេ ។ ប៉ុន្ដែក្រុមគ្រួសាររបស់នាងឱ្យដឹងថា ស្ដ្រីរូបនេះបានស្រឡាញ់គ្នាជាមួយនឹង បុរសម្នាក់មានឫកពាស្រីមិនស្រី ប្រុសមិនប្រុសដែលគេហៅថា បុរសស៊ីម២ អាយុប្រហែលគ្នា ។ នាងបានសាងស្នេហ៍ជាមួយជននោះជាច្រើនខែមកហើយ ដោយមិនខ្វល់ដល់កូនប្រុសទាំង២នាក់របស់ខ្លួន ដែលកូនច្បងមានអាយុ៩ឆ្នាំ និងកូនប្អូនមានអាយុ៧ឆ្នាំទេ ។

ក្រុមគ្រួសាររៀបរាប់ទាំងស្អប់ថា ប្ដីរបស់ស្ដ្រីជាប់ចោទ បានចេញពីប្រទេសកម្ពុជាទៅធ្វើជាកម្មករ នៅប្រទេសកូរ៉េជិត៣ឆ្នាំមកហើយ ដោយបានផ្ញើប្រាក់ក្នុង១ខែ១៥០ដុល្លារ មកឱ្យប្រពន្ធកូនដើម្បីដោះស្រាយជីវភាព ប៉ុន្ដែកូនប្រុសច្បងត្រូវស្រ្ដីជាប់ ចោទយកទៅឱ្យឪពុកវ័យ៧៨ឆ្នាំ ចិញ្ចឹមទាំងលំបាកទៅវិញ ខណៈដែលឪពុកដើរសុំលុយកូនចៅឯទៀត ដែលរកបានគ្រាន់តែរស់មួយថ្ងៃសម្រាប់ តែ១ថ្ងៃប៉ុណ្ណោះ ។ ក្រុមគ្រួសារបានឱ្យដឹងថា ប្ដីប្រពន្ធនេះមិនមានខាន់ស្លាទេ គឺស្រឡាញ់គ្នាជាប្ដីប្រពន្ធតែម្ដង និងកន្លងមកស្រ្ដីជាប់ចោទបាន បោកយកម៉ូតូរបស់គេទៅ លក់ម្ដងរួចមកហើយ ហើយគាត់បានចេញសងជំនួស ។ ចំពោះប្ដីទៅធ្វើការនៅប្រទេសកូរ៉េនោះ មិនបានដឹងថាប្រពន្ធលួចផិតក្បត់ទេ ។

ដោយសារតែអាណិតចៅ ឪពុករបស់នាង សុផានី ព្យាយាមនិយាយជាមួយសមត្ថកិច្ច ដើម្បីដោះស្រាយជាមួយម្ចាស់ម៉ូតូ បើទោះបីខឹងស្រ្ដីជាកូនយ៉ាងណាក៏ដោយ ។ ប៉ុន្ដែប៉ូលិសនិយាយថា មិនអាចសម្របសម្រួលជាមួយសមត្ថកិច្ចបានទេ ត្រូវតែដោះស្រាយតាមតុលាការ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]