ភ្នំពេញៈ ដោយសារតែមានភ្លៀង បង្អោរធ្លាក់មួយមេ យ៉ាងធំធ្វើឲ្យផ្លូវសហព័ន្ធរុស្ស៊ី រងការលិចលង់ចាប់តាំងពី ខាងមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង រហូតដល់រង្វង់មូលចោមចៅ ដោយកន្លែងខ្លះលិចលើក្បាល ជង្គង់និងកន្លែងខ្លះលិច ត្រឹមក្បាលជង្គង់ចំណែកឯ នៅក្នុងលំនៅដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋវិញក៏ជំនន់ ទឹកភ្លៀងនេះ លិចចូលផងដែរ ធ្វើឲ្យគ្រួសារប្រជាពលរដ្ឋមួយចំនួនជម្លៀសអីវ៉ាន់ចេញ ពីផ្ទះផងដែរ ប៉ុន្តែលោកតា ម្នាក់មិនដឹងថា ជម្លៀសខ្លួនចេញពីផ្ទះ ដែលរងការលិចលង់ នោះឮមួយយ៉ាងណានោះទេ បានដើរសៀរ លើចិញ្ចើមផ្លូវដែលមើលទៅសុទ្ធតែផ្ទៃទឹកនោះ មករាវតោងនឹងបង្គោលភ្លើងបំភ្លឺផ្លូវក៏ត្រូវ ចរន្តភ្លើងឆក់ស្លាប់តែម្តងទៅ ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សវ័យចំណាស់អាយុប្រហែលជា៦០ឆ្នាំជាងមាន កម្ពស់១៧០ម៉ែត្រ សម្បុរស ពាក់អាវដៃវែង ខោងជើងវែងពណ៌ខ្មៅ ពាក់ស្លាកស្បែកជើង ផ្ទាត់ពណ៌ខៀវ ។

នគរបាលបន្តថា មុនពេលកើតហេតុមានប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើប្រទះ ឃើញជនរងគ្រោះស្លាប់ជាប់នឹងបង្គោលភ្លើងក៏រាយការណ៍ ឲ្យសមត្ថកិច្ចចុះទៅពិនិត្យមើល នគរបាល មូលដ្ឋានក៏ចុះទៅពិនិត្យមើលទើបដឹងថា ជនរងគ្រោះត្រូវឆ្លងចរន្តអគ្គិសនីពីបង្គោលភ្លើងឆក់ស្លាប់ រួច ក៏មានការភ្ញាក់ផ្អើលតែម្តងទៅ ។ ហើយក៏បាន រាយការណ៍ឲ្យជំនាញចុះទៅពិនិត្យ សាកសពរួចក៏ដឹកយក មកតម្កល់នៅវត្តពោធិ៍ចិនតុង ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ។

ប្រជាពលរដ្ឋកន្លែងកើតហេតុបាននិយាយថា ការស្លាប់របស់ជនរងគ្រោះនេះ គឺបណ្តាលមកទឹក ពោរពេញផ្លូវលិចដល់បង្គោលភ្លើងទើបឆ្លងចរន្តពីបង្គោលភ្លើងឆក់រហូតដល់ស្លាប់ ហើយការលិចលង់នេះ ក៏ដោយសារតែកំណើននៃសំណង់កើតឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ រីឯប្រព័ន្ធលូរតូចទើប បណ្តាលឲ្យមានការកកស្ទះចរន្តទឹកហូរយឺតចេញពុំទាន់ ក៏កើតជាការលិចហៀរលើផ្លូវយ៉ាងដូច្នេះទៅ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]