-កំណាត់ផ្លូវ សហព័ន្ធរុស្ស៊ី ចាប់ពីមុខ ព្រលានយន្តហោះ ទៅរង្វង់មូលចោមចៅ បន្តលិចទឹកត្រឹម ក្បាលជង្គង់

ភ្នំពេញ៖ ដោយសារតែភ្លៀង ធ្លាក់ខ្លាំងពេក កាលពីយប់មិញ បានធ្វើឲ្យ តំបន់ជាច្រើន នៅក្នុង រាជធានីភ្នំពេញ នៅបន្តលិចលង់ រហូតមកដល់ ព្រឹកព្រលឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣នេះ ហើយកន្លែងខ្លះ និងផ្លូវខ្លះស្ទើមិនអាច ធ្វើដំណើរបាននោះឡើយ ។

សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ បានឲ្យដឹងថា កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីភ្លើងស្តុបមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតដល់ជិតរង្វង់មូលចោមចៅ នៅបន្តជន់លិចនៅឡើយ រហូតដល់ត្រឹមក្បាលជង្គង់ គិតត្រឹមវេលាម៉ោង ប្រមាណ ៦៖៣០នាទីព្រឹកព្រលឹមថ្ងៃនេះ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាលចរាចរជើងគោក និងកម្លាំងនគរបាល មូលដ្ឋាន របស់ខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងជួយបញ្ជាចរាចរ ដើម្បីឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរ ទៅផ្លូវផ្សេងបាន ខណៈម៉ូតូប្រភេទខ្លះ ដូចជា ម៉ាកគុប មិនអាចធ្វើដំណើរ ឆ្លងកាត់នោះទេបានឡើយ។

ប្រជាពលរដ្ឋ មួយចំនួនដែលធ្វើដំណើរ ឆ្លងកាត់ទីនោះ បានប្រាប់អ្នកផ្សេងទៀត ជៀសវាងការធ្វើដំណើរឆ្លងកាត់ ពីព្រោះទឹកមិនទាន់ ស្រកនៅឡើយទេ នាំឲ្យយឺតធ្វើការងារ ឫមានការអ្វីសំខាន់នោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅតាមផ្លូវជាតិលេខ៤ អាចធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ។ ដោយឡែក ផ្លូវលេខ២០០៤ ចាប់ពីភ្លើងស្តុប ណតប្រ៊ីដ ក៏ត្រូវទឹកលិចផងដែរ។

ដោយឡែក នៅក្នុងភូមិគោកឃ្លាង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានលោក គឹម ចន្ថា អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល រាយការណ៍ថា មានការលិចលង់ស្ទើទាំងស្រុង សូម្បីតែផ្ទះរបស់លោក ក៏ត្រូវបានលិចលង់ផងដែរ រហូតដល់ត្រឹមក្បាលជង្គង់ឯណោះ។

សម្រាប់អាកាសធាតុ នាព្រឹកថ្ងៃព្រលឹមថ្ងៃនេះ ហាក់បីមិនទាន់អំណោយផលឡើយ ហើយប្រសិនបើភ្លៀងធ្លាក់មួយមេទៀតនោះ ច្បាស់ជារាជធានីភ្នំពេញ ក្លាយជាទឹកទន្លេហើយមើលទៅ។

សូមបញ្ជាក់ថា កាលពីយប់មិញ ដោយសារតែ ផ្លូវមុខ ព្រលានយន្តហោះ ត្រូវបានលិចលង់នោះ បានបណ្តាលឲ្យ បុរសវ័យជាង៦០ម្នាក់ ត្រូវភ្លើងឆក់ស្លាប់ ខណៈជនរងគ្រោះ បានចាកចេញពីផ្ទះ ហើយដើរនៅជិត បង្គោលភ្លើងដូច្នេះ ប្រជាពលរដ្ឋ ផ្សេងទៀត នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងជន់លិចខ្លាំងនោះ ត្រូវជៀសវាងទៅ ជិតបង្គោលភ្លើង ខ្លាចមានគ្រោះថ្នាក់ ដោយយថាហេតុ ដូចករណីខាងលើ៕











 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]