រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវមិត្តភក្តិបែកគ្នាយូរហើយ ទូរស័ព្ទហៅទៅផឹកស៊ីច្រៀងខារ៉ាអូខេ និងដាក់ថ្នាំសណ្តំ ក្នុងបន្ទប់ទឹកលួចយកម៉ូតូ ម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៨ ឡើងតែម ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១B០២៤៩ យកទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី៨ តុលា ២០១៣ នៅហាងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២០០៨ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលត្រូវមិត្តភក្តិដាក់ថ្នាំសណ្តំឈ្មោះកែវ ផេត អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ជាមិត្តភក្តិដែលធ្លាប់ធ្វើការសំណង់ជាមួយគ្នា ហើយបែកគ្នាយូរមកហើយនោះ បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយទូរស័ព្ទហៅជនរងគ្រោះ ទៅផឹកស៊ីនៅហាងមួយកន្លែង ជិតស្តុបផ្សារដីហុយមានគ្នាទាំងអស់៤នាក់។ លុះពេលផឹកស៊ីស្រវឹងហើយ ជនសង្ស័យបានធានាចេញលុយ នាំទៅច្រៀងខារ៉ាអូខេ តាមផ្លូវ២០០៤បន្តទៀត ប៉ុន្តែទៅតែ៣នាក់ទេ ដោយមិត្តភក្តិម្នាក់សុំទៅផ្ទះមុន។

ប្រភពបន្តថា ខណៈពេលទៅដល់ហាងខារ៉ាអូខេ ផឹកស៊ីស្រវឹងជោកជាំហើយ ជនសង្ស័យបានបបួលជនរងគ្រោះ ទៅបត់ជើងតូចក្នុងបន្ទប់ទឹក ទាំង២នាក់ បាត់ជិតកន្លះម៉ោង មិនឃើញត្រឡប់មកវិញ មិត្តភក្តិម្នាក់ដែលអង្គុយចាំយូរពេក បានដើរទៅមើលស្រាប់តែឃើញជនរងគ្រោះ ដេកសន្លប់ក្នុងបន្ទប់ទឹក ហើយក្នុងកាបូបលុយសល់តែលុយ៥ពាន់រៀលប៉ុណ្ណោះ ទើបភ្ញាក់ផ្អើលដឹងថា ជនសង្ស័យដាក់ថ្នាំសណ្តំ យកម៉ូតូទៅបាត់ ហើយក៏ទូរស័ព្ទហៅមិត្តភក្តិ ដែលត្រឡប់ទៅផ្ទះមុន មកជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]