រាជធានីភ្នំពេញ ៖ អ្នកនាងគង់ សុជាតិ និងលោកជា វិបុល គឺជាគូស្នេហ៍ លែងស្ថិតក្នុងភាពសង្ស័យ ឬជាពាក្យចចាមអារ៉ាមទៀតហើយ ដ្បិតការណ៍ពិតបានលាតត្រដាងច្បាស់ ហើយពីអ្នកនាងគង់ សុជាតិផ្ទាល់ ។ អ្នកនាងគង់ សុជាតិ មិនសប្បាយចិត្ដទេពេល គេលើកឡើងពីនាងថា មានសម្ព័ន្ធស្នេហាជាមួយអ្នកផ្សេងក្រៅពីលោកជា វិបុលនោះ ព្រោះនាង និងលោកជា វិបុល បានបង្កើតស្នេហារួចទៅហើយ ។

អ្នកនាងគង់ សុជាតិ បានបែកបាក់ជាមួយ ស្វាមីជាយូរមកហើយ ។ ទន្ទឹមនេះលេចឮបែបមិនច្បាស់ការណ៍ថា កម្លោះមុខស្រស់ជា វិបុល ជាអ្នកស្អំបេះដូងនាង ។ ទោះជាយ៉ាងណាក្ដី ថ្មីៗកន្លងមកនេះ បែរជាមានព័ត៌មានលេចឮថា អ្នកនាងសុជាតិ មានមនុស្សផ្សេងតាម ស្រឡាញ់ទៅវិញ បង្កឱ្យសាមីខ្លួនហាក់មិនសប្បាយចិត្ដទេ ហើយស្រាប់តែធ្លោយមាត់ថា «នាង និងលោកជា វិបុល ពិតជាមានភាពជិតស្និទ្ធចូលជ្រៅក្នុងសម្ព័ន្ធស្នេហាមែន ផ្ទុយពីគេនិយាយថា នាងមានអ្នកផ្សេង ។ នាងចាត់ទុកថា នោះជាពាក្យញុះញង់ឱ្យគូស្នេហ៍នាងអន់ចិត្ដគ្នា»។

ក្នុងជំនួបផ្ទាល់ជាមួយភ្នាក់ងារកោះសន្ដិភាព កាលពីពេល ថ្មីៗនេះនៅក្នុងកម្មវិធី «តារាឯក» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ អ្នកនាងគង់ សុជាតិ បានថ្លែងប្រាប់ពីគោលជំហរផ្ទាល់ខ្លួនទាំងមើលទៅហាក់មិនសប្បាយចិត្ដថា នាងប៊ិះតែមានរឿងធំដោយសារគេនិយាយថា នាងជិតរៀបការជាមួយអ្នកមានមុខមាត់ធំម្នាក់នៅក្នុងសង្គម ធ្វើឱ្យមានរឿងរ៉ាវខ្លះនៅក្នុងរង្វង់គ្រួសារ ។ រឿងនេះបើនាងមិនប្រញាប់ ប្រាប់គេឯងតបទៅវិញទេ ច្បាស់ជាកើតរឿងវែងឆ្ងាយមិនខាន ។ ទន្ទឹមបដិសេធថា មិនមានជាប់ពាក់ព័ន្ធនឹង បុរសមានឥទ្ធិពលណានោះទេ នាងភ្ជាប់រឿងទៅជាមួយលោកជា វិបុលថា «ពួកនាងពិតជាគូស្នេហ៍មែន» ។

អ្នកនាងគង់ សុជាតិ និយាយថា «ខ្ញុំសម្រេចចិត្ដលែងលះ ស្វាមីតាមច្បាប់ត្រឹមត្រូវ ។ មិនខុសទេដែលខ្ញុំ សម្រេចចិត្ដរើសបុរសថ្មីណាមួយជាគូគាប់ សំខាន់ឱ្យតែយើងពេញចិត្ដ ហើយសាច់ញាតិបងប្អូន យើងពេញចិត្ដស្របគ្នា នោះពិតជាអាច ។ ពេលនេះខ្ញុំមិនចង់វែងឆ្ងាយទៀតទេ ការណ៍ពិតខ្ញុំជ្រើសរើសលោកជា វិបុល ជាគូគាប់ស្អំបេះដូងមែន ។ ការសម្រេចចិត្ដនេះ មិនមែនខ្ញុំចេះតែស្រឡាញ់ទេ តែក្រៅពីខ្ញុំ គឺបងប្អូនទាំងអស់ក៏យល់ស្របដែរ» ។

អ្នកនាងសុជាតិ ដែលពេលនេះសុខចិត្ដឱ្យលោកជា វិបុល ងាកចូលទៅទូរទស្សន៍ហង្សមាស បែកពីនាងនោះឱ្យដឹងថា រឿងរ៉ាវដែលលេចឮនោះបានក្លាយជារឿងមួយធ្ វើឱ្យមានការសួរដេញដោលគ្នាទៅវិញទៅមក ពិសេសខាងក្រុមគ្រួសារលោកជា វិបុល ចូលចិត្ដមើលព័ត៌មានណាស់ ឱ្យតែមានអីប្លែក ហៅទូរស័ព្ទមកសួរនាងភ្លាម ដើម្បីបញ្ជាក់ថារឿងយ៉ាងណាបានជា គេចុះផ្សាយកើត ។ នាងសុជាតិ ធុញនឹងរឿងគេនិយាយខុសនេះណាស់ ព្រោះបង្កឱ្យកើតរឿងរ៉ាវខុសទិសមិនស្វាង ទម្រាំបានបង្ហាញការណ៍ពិត ។

អ្នកនាងគង់ សុជាតិ សរសើរលោកជា វិបុលថា «ខ្ញុំជ្រើសរើសគាត់ មកពីឃើញថា លោក ជា វិបុល ជាមនុស្សល្អ មិនចេះមើលអ្វីនឹងភ្នែកឡើយ ឃើញរវល់អីជួយគ្នាមិនដែលរអ៊ូឡើយ ។ រាល់កិច្ចការជាច្រើនគឺគាត់តស៊ូ រួសរាន់ធ្វើមិនឱ្យយើងខ្វល់ ។ អ្វីដែលកាន់តែល្អទៀតគឺគាត់ខំ ធ្វើការរកស៊ីត្រូវនឹងចំណូលចិត្ដបងប្អូនខ្ញុំ ដែលម្នាក់ៗអត់នៅផ្ទះទេ គឺចេញរកស៊ី ព្រោះសង្គមយើងនេះទាល់តែចេះជួយគ្នាទើបបាន ។ លើសពីនេះរឿងលុយកាក់ដែលគាត់រកបាន មកសុទ្ធតែហុចដល់ដៃមិនដែលឱ្យទើសចិត្ដទេ ។

អីុចឹងហើយទើបខ្ញុំច្បាស់ខ្លួនឯងថា នឹងជ្រើសរើសយកគាត់ជាគូអនាគត ដោយសារតែមានចំណុចវិជ្ជមាន អាចទទួលយកបាន ។ ខ្ញុំមិនសប្បាយចិត្ដទេដែលឮពាក្យមិនល្អក្នុង ពេលដែលអ្នកណាក៏ដឹងថា ខ្ញុំនិងលោកវិបុល ល្បីមានស្នេហា ហើយបែរជាឮថា មានអ្នកណាមកឆក់អីនោះ គេស្ដាប់ទៅច្បាស់ជាយល់ថា ខ្ញុំជាមនុស្សចិត្ដរាយមាយ បែបនេះខ្ញុំពិតជាទទួលមិនបានទេ ។ ក្នុងពេលអ្នកនាងគង់ សុជាតិ លាតត្រដាងការណ៍ពិតបែបនេះ មហាជនដែលធ្លាប់តែឮពាក្យចចាម អារ៉ាមស្នេហារវាងនាង និងលោកជា វិបុល ពិតជាអស់សង្ស័យហើយ ។ ពេលនេះច្បាស់ហើយថា ជា វិបុល និងគង់ សុជាតិជាគូស្នេហ៍នឹងគ្នា ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]