សៀមរាប ៖ ប្រាង្គប្រាសាទ បុរាណព្រះខ័ន ក្នុងចំណោម ប្រាង្គប្រាសាទដ៏ ល្បីល្បាញ របស់ដូនតាខ្មែរ ត្រូវបានដើមឈើដ៏ធំ ខ្ពស់ គឺប្រភេទ ដើមខ្នារ (អ្នកស្រុកហៅដើមស្នាល់)  ដែលមិនមាន ឬសកែវ ដួលរលំ បាក់សង្កត់ ធ្វើឲ្យជ្រុងមួយ នៃកំពូលខ្លោងទ្វារប្រាសាទនេះ បាក់ធ្លាក់ដុំថ្ម និងធ្វើឲ្យតួកំផែង នៃប្រាសាទ ដែលមានវ័យចំណាស់ ប្រមាណ ១ពាន់ឆ្នាំនេះ រងការខូចខាត និងប្រះស្រាំ ដោយអំណាចនៃការ រលំដើមឈើ ដែលត្រូវភ្លៀងជញ្ជុំ និងខ្យល់បក់បោក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣កន្លងទៅនេះ ។

ឈើរលំនេះ បានសង្កត់ទៅលើដំបូល នៃច្រកចូល (រានហាល) របស់ប្រាសាទព្រះខ័ន ផ្នែកខាងជើង បណ្ដាលឲ្យ ផ្ទាំងសិលា ធ្លាក់ចុះ និងបែកជាបំណែកតូចធំ ប្រមាណជា ១០ដុំ។ ដើមឈើនោះ ដុះមិនឆ្ងាយប៉ុន្មាន ពីប្រាង្គប្រាសាទឡើយ គឺចម្ងាយប្រមាណជិត ១០ម៉ែត្រ ប៉ុណ្ណោះ ហើយវាមានកម្ពស់ ប្រមាណជា ២០ម៉ែត្រ ពីគល់ដល់ចុង ។ បើតាមអ្នកនៅប្រចាំការ នៅទីនោះបាន និយាយថា ដើមឈើនេះបានដួលរលំ នៅវេលាប្រមាណជា ជាង ១២:០០នាទី ថ្ងៃត្រង់ នៅពេលមានភ្លៀងធំ និងខ្យល់បក់បោកផងនោះ ។

បើតាមមន្ត្រីនៃ អាជ្ញាធរអប្សរា បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែតុលា ថា ឈើដែលរលំមួយដើមសង្កត់ លើប្រាសាទព្រះខ័ននោះ បានអារផ្ដាច់ និងកាត់ជាកង់ៗខ្លីៗ មួយកំណាត់ខាង ចុងហើយ តែខាងគល់ដែលនៅគង លើប្រាសាទនោះ មិនទាន់បានអារ ឬ យកចេញនៅឡើយទេ ។ លោកបន្ដឲ្យដឹងថា នៅប៉ន្មានថ្ងៃនេះ ដោយសារមានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យដីទន់ហើយ ឈើដែលគ្មាន ឬសកែវមួយចំនួន ដូចជា ដើមខ្នារ ដើមស្រឡៅ និងដើមឈើ មួយចំនួន បានដួលរលំជា បន្ដបន្ទាប់ នៅក្នុងតំបន់អង្គរ ប៉ុន្តែពេលនេះ គឺមានតែឈើ មួយនេះទេ ដែលរលើងឬសដួលរលំមកសង្កត់លើប្រាសាទ ។

ជាក់ស្ដែង នៅក្នុងបរិវេណនៃ ប្រាង្គប្រាសាទព្រះខ័ន នេះ ទាំងខាងក្នុង បរិវេណប្រាសាទ ទាំងនៅជុំវិញប្រាសាទ ក៏ដូចជា នៅតាមផ្លូវចូលគេឃើញមាន ដើមឈើតូចធំ និងឈើដែលមានកំពស់ខ្ពស់ និងវ័យចំណាស់ ជាច្រើនដើមផងដែរ ដែលការការបន្ត គម្រាមកំហែងដល់ប្រាង្គប្រាសាទបុរាណដែលមានវ័យចំណាស់ និងទ្រុតទ្រោមមួយនេះ ។

 ក្នុងនោះគេក៏បានឃើញដើមស្រឡៅ ដែលមានវ័យចំណាស់ មានទំហំអង្កត់ផ្ចិតជិត១ម៉ែត្រ និងកម្ពស់ជាង២០ម៉ែត្រ បានដួលរលំ នៅមិនឆ្ងាយពីរានហាល នៃប្រាសាទ ទិសខាងលិច ប្រមាណតែ ៦-៧ម៉ែត្រ តែប៉ុណ្ណោះ តែសំណាងល្អដើមស្រឡៅនោះ បានរលំចេញទៅខាងក្រៅប្រាសាទ កាលពី ២-៣ថ្ងៃមុននេះ ។

លោក ប៊ុន ណារិទ្ធិ អគ្គនាយកអាជ្ញាធរអប្សរា បានមានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់ផងនោះ បានធ្វើឲ្យដើមឈើមួយចំនួន នៅតំបន់អង្គរមានការ ដួលរលំ តែមិនមានប៉ះពាល់ដល់ប្រាង្គប្រាសាទទេ គឺមានតែឈើ១ដើម នៅឯប្រាសាទព្រះខ័ន នោះទេ ដែលដួលរលំមកដល់ប្រាសាទ ។ ខាងអាជ្ញាធរអប្សរា បានមានការ ព្រួយបារម្ភចំពោះស្ថានភាពទឹកភ្លៀង បណ្ដាលឲ្យ មានទឹកដក់ ឬទឹកជន់ហូរចូលក្នុង តំបន់ប្រាសាទបុរាណ មួយចំនួន នោះជាការ គម្រាមកំហែង និងមានផលប៉ះពាល់ ដល់ប្រាសាទ និងអាចមានដើមឈើមួយចំនួនទៀត បន្តដួលរំលំផងដែរ ពិសេស ដូចជា នៅឯប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយស្រី និងប្រាសាទមួយចំនួនទៀង ៕

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]