កំពង់ឆ្នាំងៈ យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់ ខណៈកំពុងបញ្ចូនទៅមន្ទីរពេទ្យ និង៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍២កន្លែងផ្សេងគ្នា ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក រស់ ប៊ុនណារិទ្ធ នាយផ្នែកចរាចរណ៍ស្រុកបរិបូណ៌ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង ១៦ និង២០នាទី ថ្ងៃទី២ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្លូវកោង ផ្លូវគ្រួសក្រហមស្ថិតនៅក្នុងភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ រវាងម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1383  បុកជាមួយម៉ូតូកង់បី បើកបរក្នុងទិសដៅ ច្រាស់គ្នា ពេញទំហឹង បណ្តាលឲ្យ យុវជនឈ្មោះ សាន់ កុយ អាយុ២៥ឆ្នាំ រស់នៅភូមិពោធិម្រះ ឃុំចក ស្រុកបរិបូណ៍ ជាអ្នកបើកបរម៉ូតូ បែកលលាដ៍ក្បាលធ្លាយខួរ រងរបួសធ្ងន់  ដោយឡែកអ្នករួមដំណើរពីក្រោយ ឈ្មោះ ស៊ិន សុភក្រ័ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ រងរបួសធ្ងន់ ។

 រីឯអ្នកបើកបរម៉ូតូកង់បីរងរបួសស្រាល ក្រោយកើតហេតុមធ្យោបាយធ្វើដំណើរទាំងសងខាង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៍ រងចាំការដោះស្រាយពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ដោយគ្រោះថ្នាក់ចរាចរណ៍ករណីទី២ កើតឡើងនៅវេលាម៉ោង ១៦ និង៥០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៥ ចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូណ៌ រវាងម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AF-2755 បុក និងម៉ូតូ គុប ពណ៌ខៀវពេញមួយទំហឹង បណ្តាលអោយអ្នកជិះម៉ូតូគុប ឈ្មោះ ហង់ ហូ ភេទប្រុស អាយុ៥៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ខណៈ បញ្ចូនទៅកាន់មន្ទីរពេទ្យ រីឯអ្នកបើកបរម៉ូតូសេ១២៥ ពណ៌ខ្មៅ ឈ្មោះ សឹម ពិសី  ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌រងរបួសធ្ងន់ អ្នកជិះពីក្រោយ ឈ្មោះ ទឹម ស៊ីមិត អាយុ២០ឆ្នាំ រស់នៅភូមិភ្នាត ឃុំផ្សារ ស្រុកបរិបូណ៌ រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកមធ្យោបាយធ្វើដំណើរ ទាំងសងខាង ត្រូវបាមយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកបរិបូណ៍ រងចាំការដោះស្រាយពេលក្រោយ ។

លោក រស់ ប៊ុនណារិទ្ធ នាយផ្នែកចរាចរណ៍ស្រុកបរិបូណ៌ បានបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ ទាំង២លើកខាងលើ គឺបណ្តាល មកពី បើកបរក្នុងស្ថានភាពស្រវឹង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]