បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ ដែលរស់នៅ ស្រុក-ក្រុង ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តោយព្រំដែន កំពុងប្រឈមមុខ នឹងគ្រោះទឹកជំនន់ នៅពេលនេះ ហើយប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ត្រូវបានអាជ្ញាធរខេត្ត កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ជាដើម បាននិងកំពុង ជួសជម្លៀស ជាបន្តបន្ទាប់ ទៅកាន់ទីទួលមានសុវត្ថិភាព ។ នេះបើយោងតាម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ បានថ្លែងឲ្យដឹង នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៣នេះ។
លោកស្នងការនគរបាលខេត្ត បានបន្តថា ប្រជាពលរដ្ឋ ទាំង៩ស្រុក-ក្រុង ជាច្រើនគ្រួសារ បានរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ពីព្រោះតែភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋខ្លះ ត្រូវទឹកហូរកាត់ ក្រោមផ្ទះរបស់ពួកគាត់ និងប្រជាពលរដ្ឋខ្លះទៀត រួមជាមួយសត្វគោ មាន់ ជ្រូក ទា ម៉ូតូ និងសម្ភារៈមួយ ចំនួនទៀត ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព។
បើតាមលោកស្នងការ នៅពេលនេះ កម្លាំងនគរបាល របស់លោកតាមគោលដៅនីមួយៗ រួមជាមួយ កម្លាំងសមត្ថកិច្ច ផ្សេងទៀត និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងជម្លៀស ប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ជាមុនសិន ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យនោះទេ ។
ជាមួយគ្នានេះ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ ហាក់បីដូចជាមិនទាន់ស្បើយនោះឡើយ ខណៈភ្លៀងនៅបន្តធ្លាក់ ហើយរហូតមកដល់យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៣នេះភ្លៀងនៅបន្ត ធ្លាក់ និងរលឹមនៅឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]