ខេត្តព្រៃវែង៖ ជនសង្ស័យដែលចាប់ស្រ្តីម្នាក់វាយ និងរំលោភនៅស្រុកមេសាង កាលពីយប់ថ្ងៃទី០៣ តុលា ២០១៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅម៉ោង៤និង១៥នាទីរសៀលថ្ងៃទី០៤ តុលា ២០១៣ នៅចំណុចភូមិបឹងព្រះ ឃុំព្រៃឈ្នាស ស្រុកមេសាង ។

ជនសង្ស័យឈ្មោះ ញ៉ូយ ភា អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលមានចម្ងាយពីទីតាំងប្រព្រឹត្តបទ ល្មើស៨គីឡូម៉ែត្រ ។ សេចក្តីរាយការណ៏បានបន្តថា នៅមុនពេលសមត្ថកិច្ចចុះទៅឃាត់ខ្លួន ជនសង្ស័យបានរត់ពួនក្នុងបឹងកំប្លោកក្រោយផ្ទះ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួនតែម្តង ។ មកដល់ម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី០៤តុលានេះ ជនសង្ស័យកំពុងត្រូវបានឃុំខ្លួន នៅអធិការនគរបាលស្រុកមេសាង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្តន្ទាទោសតាមច្បាប់ ។

គួររំលឹកថា ស្រ្តីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញ ដេកអាក្រាតកាយស្លាប់នៅមាត់ទ្វារ ទឹកជាប់ផ្លូវលំមួយកន្លែងស្ថិតក្នុង ភូមិព្រៃព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ថ្ងៃទី០៣ តុលា ២០១៣ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីខាងលើត្រូវបានគេវាយ នឹងវត្ថុរឹងចំចង្ការនិងមាត់ ហើយនៅលើដងខ្លួនឃើញ មានស្នាមខាំក្បាលដោះខាងស្តំា និង មានទឹកកាមនៅទ្វារមាស ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះកង់ដឹកកូនពីរនាក់(ស្រី១ប្រុស១) ធ្វើដំណើទៅលេងផ្ទះម្តាយ ដោយសារមានភ្លៀងធ្លាក់ខ្លំាង ក៏ជិះកង់តែម្នាក់ឯងដោយទុកកូនឲ្យម្តាយមើល លុះដល់ចំណុចកើតហេតុវេលាម៉ោងប្រមាណ៧យប់ ក៏ត្រូវជនសង្ស័យស្ទាក់ចាប់ប្រតាយប្រតប់គ្នា រួចជនដៃដល់ក៏បានវាយនឹងវត្ថុរឹង ចំចង្ការនិងមាត់ច្រានទម្លាក់ទឹក បណ្តាលឲ្យសន្លប់រួចក៏លើក ជនរងគ្រោះមកលើគោកធ្វើសកម្មភាពរំលោភ និងបានស្លាប់តែម្តង ។

ស្រ្តីរងគ្រោះឈ្មោះ លី ស្រីនួន អាយុ ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មានកូនពីរនាក់ និង ប្តីទៅធ្វើការឆ្ងាយពីភូមិ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]